ឯកឧត្តម វង សូត ៖ មន្រ្តីមូលដ្ឋានត្រូវប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយពលរដ្ឋ ដើម្បីដឹងពីសុខទុក្ខ និងតម្រូវការរបស់ពួកគាត់
(ត្បូងឃ្មុំ)៖ អាជ្ញាធរមូលដ្ឋានត្រូវ បន្តខិតខំប្រែងប្រែងក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ រក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន បន្តផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព និងផ្ដល់សេវាសាធារណៈប្រកបដោយសីលធម៌ខ្ពស់ ស័ក្តិសមជាមន្ត្រីបម្រើរាស្ត្រ។ មន្រ្តីមូលដ្ឋានត្រូវប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយពលរដ្ឋ ដើម្បីដឹងពីសុខទុក្ខ និងតម្រូវការរបស់ពួកគាត់ និងដោះស្រាយបញ្ហាផ្សេងៗឱ្យបានទាន់ពេលវេលា។
ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា ណែនាំបែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខអាជ្ញាធរមូលដ្ឋាន ឃុំ-សង្កាត់ និងភូមិទូទាំងក្រុងសួង ក្នុងខេត្តត្បូងឃ្មុំ ។
ឯកឧត្តម វង សូត បានជម្រាបជូន ពីសកម្មភាពការងារ និងលទ្ធផលការងាររបស់រដ្ឋសភានីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានដំណើការរលូន ស្របពេលដែលរដ្ឋសភាកំពុងធ្វើកំណែទម្រង់ស្ថាប័នយ៉ាងយកចិត្តទុកដាក់ ដោយផ្តោតលើអភិបាលកិច្ចល្អ និងប្រែក្លាយខ្លួនទៅជាសភាឌីជីថល។
ឯកឧត្តម ក៏បានកោតសរសើរចំពោះរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានរៀបចំសង្ក្រានឆ្នាំថ្មី បានយ៉ាងសប្បាយរីករាយនៅគ្រប់ខេត្តក្រុងទូទាំងប្រទេស ដោយមានប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចូលរួមលេងកម្សាន្តយ៉ាងច្រើនកុះករ។ ភាពសប្បាយរីករាយនេះ ក៏ដោយសារតែប្រទេសជាតិមានសុខសន្តិភាពពេញលេញ មានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង ហើយប្រជាពលរដ្ឋមានជីវភាពធូធារ និងមានធធ្យោបាយធ្វើដំណើរសមរម្យគ្រប់ក្រុមគ្រួសារ។
ឯកឧត្តម វង សូត ព្រមទាំងឯកឧត្តម លោកជំទាវ តំណាងរាស្រ្តមណ្ឌលត្បូងឃ្មុំ បានឧបត្ថម្ភថវិកាដល់ស្នាក់ការគណបក្សក្រុងសួងចំនួន១លានរៀល និងសមាជិកសមាជិកាចូលរួម២០០នាក់ ក្នុងម្នាក់ៗ ថវិកា ៥ម៉ឺនរៀលផងដែរ ៕
ដោយ ៖ ហេង សម្បត្តិ








