អន្តរក្រសួង-ស្ថាប័ន សហការគ្នាប្រែក្លាយមុខងារប្រឡាយដែលមានស្រាប់ ឱ្យកាន់តែមានប្រយោជន៍ ដើម្បីបង្កើនគុណភាពជីវិតរបស់ប្រជាពលរដ្ឋ

(ភ្នំពេញ) ៖ ថ្លែងក្នុងកិច្ចប្រជុំអន្តរក្រសួងស្ដីពីសំណង់និងដីចំណីប្រឡាយលេខ៦១ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងខេត្តកណ្ដាល ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថាកិច្ចប្រជុំនាពេលនេះធ្វើឡើងក្នុងគោលបំណងដើម្បីស្នើសុំមតិយោបល់និងធាតុចូលពីក្រសួងធនធានទឹក និងឧតុនិយមចំពោះបញ្ហាដីចំណីប្រឡាយដែលយើងកំពុងតែជួបប្រទះសព្វថ្ងៃនេះនៅក្នុងខេត្តកំពង់ស្ពឺ និងខេត្តកណ្ដាល ហើយឯកឧត្តមសង្ឃឹមថាកិច្ចប្រជុំនេះនឹងអាចរកឃើញនូវជំហរជាក់លាក់មួយ ជាគំរូសម្រាប់ដោះស្រាយបញ្ហាដីចំណីប្រឡាយនេះនៅទូទាំងប្រទេស។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បញ្ជាក់ថាក្នុងក្របខណ្ឌនគរូបនីយកម្ម យើងអាចដោះស្រាយមុខងារប្រឡាយនេះដែលមិនត្រឹមតែជាប្រឡាយសម្រាប់ស្រោចស្រព រឺរំដោះទឹកប៉ុណ្ណោះទេ ប៉ុន្តែក៏អាចប្រែក្លាយទៅជាផ្លូវ, សួនទឹកលម្អក្រុង រឺលំហសាធារណៈសម្រាប់ប្រជាពលរដ្ឋផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចាត់ទុកកិច្ចប្រជុំនាពេលនេះ ថាជាកិច្ចប្រជុំដ៍មានសារៈសំខាន់ ដោយក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានកសាងនូវវប្បធម៌ថ្មីមួយទៀត លើកិច្ចសហប្រតិបត្តិការជាមួយក្រសួងធនធានទឹក និងឧតុនិយម, ក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលខេត្ត ដោយរួមបញ្ចូលគ្នារវាងកិច្ចការរៀបចំក្រុង, កិច្ចការនគរូបនីយកម្ម ជាមួយនឹងសំណង់ធារាសាស្រ្ត និងបច្ចេកទេសសាធារណការ សំដៅប្រែក្លាយអ្វីដែលមានស្រាប់ទៅជារបស់ដែលមានប្រយោជន៍សម្រាប់យើងទាំងអស់គ្នា។

ម្យ៉ាងទៀត កិច្ចប្រជុំនាពេលនះ គឺធ្វើឡើងដើម្បីពិភាក្សាផ្តោតលើការគិតគូរប្រែក្លាយប្រឡាយឱ្យទៅជាផ្លូវ ជាសួនលម្អក្រុង និងបុរីជនបទ ដោយរក្សាមុខងារប្រឡាយដែលប្រើប្រាស់សម្រាប់ស្រោចស្រព និងរំដោះទឹកដដែល ស្របទៅតាមប្រសាសន៍ដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានដាក់ចេញគឺ ប្រែក្លាយទីកន្លែងជាច្រើនឱ្យទៅជាសួន និងលំហសាធារណៈ ដែលបង្កើតបាននូវសេចក្តីថ្លៃថ្នូរ សុភមង្គលរបស់ប្រជាជន និងគុណភាពមនុស្សរបស់កម្ពុជាទៅថ្ងៃអនាគត ជាសង្គមដែលមានមនោសញ្ចេតនាច្រើនជាងនេះបន្ថែមទៀត៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner