បុគ្គលិកមជ្ឈមណ្ឌលបណ្ដុះបណ្ដាល អេស.ភី យូហាក់ ៧នាក់ ត្រូវបាននគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួន បន្ទាប់ពីពលរដ្ឋផ្ទុះការតវ៉ា
(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌឬស្សកែវឃាត់ខ្លួន បានថ្នាក់ដឹកនាំនិងបុគ្គលិក មជ្ឈមណ្ឌលបណ្ដុះបណ្ដាល អេស.ភី យូហាក់ ចំនួន ៧នាក់ បន្ទាប់ពីប្រជាពលរដ្ឋរងគ្រោះប្រមាណជាង ៣០នាក់បានផ្ទុះការតវ៉ាទាមទារប្រាក់ត្រឡប់មកវិញបន្ទាប់ពីពួកគេបង់ប្រាក់ទៅឲ្យមជ្ឈមណ្ឌលម្នាក់ចំនួន ៦០០ដុល្លារ ដើម្បីចូលសិក្សានិងរត់ការនាំពួកគាត់ ទៅធ្វើការនៅប្រទេសកូរ៉េតែរយះពេល ៧ខែហើយមិនបាន ។
ការឃាត់ខ្លួនជនឆបោករូបនេះ បានធ្វើឡើងកាលពីវេលាម៉ោង ១១យប់ថ្ងៃទីថ្ងៃ ២៥ ខែ មេសា ឆ្នាំ ២០២៥ បន្ទាប់ពីប្រជាពលរដ្ឋរងគ្រោះ ផ្ទុះការតវ៉ាទាមទារប្រាក់ត្រឡប់មកវិញ នៅមុខស្នាក់ការមជ្ឈមណ្ឌលបណ្ដុះបណ្ដាល អេស.ភី យូហាក់ដែលស្ថិតនៅផ្ទះលេខ៧៥Eo ផ្លូវ១០៥ (ផ្លូវបុប្ផាររាជធានី) ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រារាជធានភ្នំពេញ ។
ប្រជាពលរដ្ឋដែលរងគ្រោះបានឲ្យដឹងថា ដោយសារតែចង់រកការងារធ្វើនៅប្រទេសកូរ៉េ គាត់បានមកទំនាក់ទំនងចូលរៀននៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាល អេស.ភី យូហាក់នេះដោយបង់ថ្លៃសិក្សាម្នាម្នាក់ចំនួន ៦០០ ដុល្លារដើម្បីចូលសិក្សានិងរត់ការបានទៅធ្វើការនៅប្រទេសកូរ៉េដោយខាងមជ្ឈមណ្ឌលសន្យាថា រយៈពេល ៣ ខែ។
ប្រជាពលរដ្ឋដែលផ្ទុះការតវ៉ាបានឲ្យដឹងទៀតថា បន្ទាប់ពីបង់លុយហើយមជ្ឈមណ្ឌលពុំបានបណ្ដុះបណ្ដាលនិងបង្រៀនអ្វីជាដុំកំភួននោះទេ គ្រាន់តែថត មេរៀន ដាក់ក្នុងគ្រប់តេឡេក្រាមដោយមិនពន្យល់អ្វីទាំងអស់។បន្ទាប់ពីបង់លុយរួចរយៈពេល ៧ខែមកហើយមជ្ឈមណ្ឌលមិនបានបង្រៀនទើបដឹងថាបោកប្រាស់ទើបពួកគាត់នាំគ្នាជួបប្រមូលផ្ដុំគ្នានៅស្នាក់ការមជ្ឈមណ្ឌលតាំងពីព្រឹកថ្ងៃទី២៥ ខែមេសា ដើម្បីទាមទារប្រាក់និងដកឯកសារត្រឡប់មកវិញ ហើយពុំត្រូវមជ្ឈមណ្ឌលប្រគល់ឯកសារនិងប្រគល់ប្រាក់គ្រប់ចំនួននោះឡើយដោយឲ្យតែ ៣០០ដុល្លារ តែពួកគាត់មិនព្រម ទាមទារចំនួន ៤០០ដុល្លារ ព្រោះលុយទាំងនោះ ពួកគាត់បានចងការគេ ដើម្បីមកបង់ថ្លៃការសិក្សា ដើម្បីរកការងារធ្វើនៅប្រទេសកូរ៉េ ។
តាមប្រភពព័ត៌មានបានឱ្យដឹងទៀតថា បន្ទាប់ពីតវ៉ា ហើយចរចារហូតដល់យប់ជ្រៅ មិនត្រូវគ្នាលោក ជិន ប៊ុនធឿន អភិបាលខណ្ឌឬស្សីកែវ បានដឹកនាំកំលាំង ចុះទៅសម្របសម្រួល និងឃាត់ខ្លួនបុគ្គលិកដែលបម្រើការនៅ មជ្ឈមណ្ឌលបណ្ដុះបណ្ដាល អេស.ភី យយូហាក់តែម្តង។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹងថា បុគ្គលិក មជ្ឈមណ្ឌលបណ្ដុះបណ្ដាល អេស.ភី យូហាក់ចំនួន ៦នាក់ ត្រូវបានតុលាការបញ្ជាឱ្យឃាត់ខ្លួននិងកំពុងកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ៕
ដោយ ៖ វណ្ណលុក





