ការបិទព្រំដែនប៉ាគីស្ថាន-ឥណ្ឌាបំបែកគ្រួសារ
បរទេស ៖ ការបិទព្រំដែន រវាងប្រទេសប៉ាគីស្ថាន និងឥណ្ឌា ដែលបណ្តាលមកពីផ្ទុះជម្លោះប្រដាប់អាវុធឡើងវិញ នៅតំបន់កាស្មៀរ បានបំបែកបំបាក់ក្រុមគ្រួសារ ដែលរស់នៅតំបន់នោះ។
លោក Haider Ali បានរៀបរាប់ថា កាលពី២ខែមុន លោកបានគ្រវីដៃ លាប្រពន្ធ នៅពេលដែលប្រពន្ធបានចាកចេញ ពីប្រទេសប៉ាគីស្ថាន ដោយឆ្លងព្រំដែន ទៅលេងគ្រួសារ នៅប្រទេសឥណ្ឌា។ ពេលនេះ គូស្នេហ៍មួយគូនេះ មិនច្បាស់ថា នឹងបានជួបគ្នាម្ដងទៀត នៅពេលណា នោះទេ ។
ឥណ្ឌា និងប៉ាគីស្ថាន បានលុបចោលទិដ្ឋាការ រៀងៗខ្លួន ហើយបានបញ្ជាឱ្យពួកគេចាកចេញ មុនពេលភាគីទាំងពីរ បិទច្រកព្រំដែនដ៏មមាញឹកបំផុតរបស់ពួកគេ នៅក្នុងរដ្ឋ Punjab ពោលគឺបន្ទាប់ពីមានភាពតានតឹង បានផ្ទុះឡើង តាំងពីថ្ងៃអង្គារ។ ពេលនោះ អ្នកទេសចរ ២៦នាក់ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ នៅក្នុងក្រុង Pahalgam នៃតំបន់កាស្មៀរ។
គួរបញ្ជាក់ថា កាស្មៀរត្រូវបានបែងចែក រវាងឥណ្ឌា និងប៉ាគីស្ថាន ចាប់តាំងពីទទួលបានឯករាជ្យ នៅឆ្នាំ១៩៤៧ ដោយប្រទេសទាំងពីរ ទាមទារទឹកដីទាំងស្រុង ប៉ុន្តែ គ្រប់គ្រងផ្នែក ដាច់ដោយឡែកពីគ្នា។ ក្រុមឧទ្ទាមបានធ្វើសកម្មភាពបះបោរ នៅតំបន់កាស្មៀរ ចាប់តាំងពីឆ្នាំ ១៩៨៩ ដោយទាមទារឯករាជ្យ ឬ ការរួមបញ្ចូលគ្នា ជាមួយប៉ាគីស្ថាន៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត