លោក ពូទីន ជួបប្រេសិតរបស់លោក ត្រាំ នៅមូស្គូ
បរទេស ៖ វិមានក្រឹមឡាំង បាននិយាយថា លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានជួបប្រេសិតពិសេស របស់លោក Trump គឺ លោក Witkoff នៅទីក្រុងមូស្គូ កាលពីថ្ងៃសុក្រ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា នេះគឺជាដំណើរទស្សនកិច្ច លើកទីបួន របស់លោក Witkoff ទៅកាន់ប្រទេសរុស្ស៊ី ចាប់តាំងពីលោក Trump ត្រឡប់ទៅកាន់សេតវិមាន ក្នុងខែមករា ហើយប្រធានាធិបតីអាមេរិករូបនេះ បានបង្កើនសម្ពាធទៅលើ ទាំងទីក្រុងម៉ូស្គូ និង ទីក្រុង Kyiv ឱ្យសម្រេចបទឈប់បាញ់ បានឆាប់។
តាមរយៈវេទិកាសង្គម Truth Social លោក Trump និយាយថា កិច្ចព្រមព្រៀងរុស្ស៊ី-អ៊ុយក្រែន កាន់តែខិតជិតមកដល់ បន្ទាប់ពីកិច្ចពិភាក្សានេះ។ លោក Trump បានឲ្យដឹងទៀតថា «វាជាថ្ងៃដ៏ល្អមួយ ក្នុងការចរចា និង ជំនួបជាមួយរុស្ស៊ី និងអ៊ុយក្រែន…ពួកគេមានភាពជិតស្និទ្ធ នឹងកិច្ចព្រមព្រៀងមួយ ហើយភាគីទាំងពីរគួរតែជួបគ្នា ក្នុងកម្រិតខ្ពស់បំផុត ដើម្បីបញ្ចប់វា» ។ លោកបានបន្តថា «ចំណុចសំខាន់ៗ ភាគច្រើន ត្រូវបានយល់ព្រម ឯកភាព»។
លោក Trump ដែលធ្លាប់បានគម្រាមដើរចេញពីកិច្ចខិតខំប្រឹងប្រែងសន្តិភាព ប្រសិនបើមិនឃើញវឌ្ឍនភាព ឆ្ពោះទៅរកបទឈប់បាញ់នោះ មិនបានផ្តល់ព័ត៌មានលម្អិត ផ្សេងទៀត នោះទេ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត