សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមរំលែកមរណទុក្ខជាមួយគ្រួសារ​សពប្តីប្រពន្ធដែលរងគ្រោះដោយដើមសំរងសង្កត់លើ

កោះកុង៖សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ​ក្រហម​កម្ពុជា បានចាត់លោកវេជ្ជបណ្ឌិត អ៊ុយ សំអុន នាយកនាយកដ្ឋានគ្រប់​គ្រងគ្រោះ​មហន្តរាយ និងមានការចូលរួមពីក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា​ខេត្ត​កោះកុង អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបូទុមសាគរផង បានអញ្ជើញទៅ​ចូលរួមរំលែកមរណទុក្ខជា​មួយក្រុម​គ្រួសារសព​ប្តីប្រពន្ធដោយប្តីឈ្មោះ ឪ រិទ្ធ អាយុ៣៧ឆ្នាំ និងប្រពន្ធឈ្មោះ យ៉ាន់ សំភស់ អាយុ៤១ឆ្នាំ ដែលបាត់បង់ជីវិតក្នុង​ឧបទ្ទវហេតុ​ដើមសំរងសង្កត់លើក្នុងពេលប្រមូលផ្លែសំរងកាលពីថ្ងៃទី២២ ខែមេសា ។ពួកគេរស់នៅក្នុងភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។

ក្នុងឱកាសនេះលោកវេជ្ជបណ្ឌិត អ៊ុយ សំអុន មានប្រសាសន៍ថា បន្ទាប់ពីទទួល​បានព័ត៌មានដល់រន្ធត់ និងសោកសង្រេង​នេះភ្លាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់រូបលោកមកចូលរួមផ្ទាល់ ដោយនាំយកថវិកា​ចំនួន១០​លាន​រៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន ព្រមជាមួយនូវប្រសាសន៍ផ្តាំផ្ញើ​រំលែក​ទុក្ខ​ដ៏ក្រៀមក្រំ​បំផុតជាមួយក្រុម​គ្រួសារសព ។

ទន្ទឹមគ្នានេះ បន្ថែមលើការចូលរួមបុណ្យសពចំនួន៤០ម៉ឺនរៀល ដើម្បីជួយ​សម្រាលបន្ទុកលោកយាយលោកតាដែល​ត្រូវមើល​ថែចៅកំព្រាទាំង៥ ដែល​ឪពុកម្តាយស្លាប់ចោលនោះលោកជំទាវ មិថុនា ភូថង អភិបាលខេត្តនិង​ជាប្រធាន​គណ:កម្មាធិការកាកបាទក្រហមកម្ពុជាខេត្តកោះកុង សម្រេចជួយឧបត្ថម្ភ​រាល់៣ខែម្តងនូវអង្ករ៣០គីឡូក្រាម មីត្រីខ ទឹកសុទ្ធ និងថវិកា៦ម៉ឺនរៀល​រហូត​ដល់អាចមានលទ្ធភាពចិញ្ចឹមខ្លួនឯងបាន។

ក្នុងឱកាសនោះដែរអនុវត្តតាមអនុសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រុមការងារកាកបាទក្រហមកម្ពុជា​បានបន្តចុះជួបសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌សម្រាលការលំបាកជូនប្រជាពលរដ្ឋងាយ​រងគ្រោះបំផុត​ចំនួន២០គ្រួសារ ក្នុងឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ។គ្រួសារនីមួយៗទទួលបាន អង្ករ, មី, ត្រីខ , ទឹកស៊ីអ៊ីវ, ឃីតមួយ (មុង ភួយ សារុង ក្រមា) និងថវិកាមួយចំនួន៕
ដោយ៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner