ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន រៀបចំកម្មវិធីប្រឡងនិយាយភាសាខ្មែរជាលើកទី៨ នៅក្នុងបិរវេណស្ថានទូតកម្ពុជា នាទីក្រុងតូក្យូ

(ជប៉ុន)៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានរៀបចំកម្មវិធីប្រឡងនិយាយភាសាខ្មែរ នៅក្នុងបិរវេណស្ថានទូតកម្ពុជា នាទីក្រុងតូក្យូ នាថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥ ដែលកម្មវិធីនេះ មានបេក្ខជនប្រឡងសរុបចំនួន ១៦ នាក់ (ស្រី ១៤ នាក់) ដែលជាសិស្សនិស្សិតនិងអ្នកធ្វើការជនជាតិជប៉ុន និងដែលកំពុងសិក្សាភាសាខ្មែរ ។ នេះជាលើកទី៨ ដែលស្ថានទូតកម្ពុជាបានរៀបចំការប្រឡងនិយាយភាសាខ្មែរនេះឡើង ដែលជាកម្មវិធីប្រចាំឆ្នាំ ក្នុងគោលបំណងលើកទឹកចិត្តដល់ប្រជាពលរដ្ឋជប៉ុនដែលកំពុងរៀនភាសាខ្មែរអាចចូលរួមដកបទពិសោធន៍ពីសមត្ថភាពនិយាយភាសាខ្មែររបស់ពួកគេ ព្រមទាំង លើកកម្ពស់ការសិក្សាស្រាវជ្រាវពីទំនាក់ទំនងកម្ពុជា-ជប៉ុន និងជំរុញការស្វែងយល់កាន់តែច្បាស់ពីប្រទេសកម្ពុជា ក៏ដូចជាជម្រុញទំនាក់ទំនងឲ្យកាន់តែប្រសើររវាងប្រជាជនទាំងពីរប្រទេសផងដែរ ។

បេក្ខជនជ័យលាភីលេខ ១ និងបេក្ខនារីជ័យលាភីលេខ ២ និងលេខ៣ ក្នុងកម្មវិធីខាងលើ ទទួលបានរង្វាន់ធ្វើដំណើរកំសាន្តនៅប្រទេសកម្ពុជា នាអំឡុងខែសីហា ឬខែកញ្ញាឆ្នាំ២០២៥ រីឯបេក្ខជន-បេក្ខនារីផ្សេងទៀតដែលពុំទទួលជ័យលោភី ក៏ទទួលបានរង្វាន់លើកទឹកចិត្តផងដែរ ។

សូមបញ្ជាក់ជូនថា កម្មវិធីការប្រឡងនិយាយភាសាខ្មែរ ត្រូវបានចាប់ផ្តើមប្រារព្ធឡើងជាលើកដំបូងនៅឆ្នាំ២០១៣ ដើម្បីអបអរសាទរខួប៦០ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន បន្ទាប់មកត្រូវបានអាក់ខានដោយសារវិបត្តិជំងឺកូវីដ-១៩ និងក្រោយមកបានចាប់ផ្តើមធ្វើឡើងវិញនៅឆ្នាំ២០២៣ ដែលជាខួប៧០ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន និងក្រោយមកទៀតត្រូវបានប្រារព្ធឡើងជាបន្តបន្ទាប់ជារៀងរាល់ឆ្នាំ ។

នៅក្នុងឱកាសនោះ បន្ទាប់ពីកម្មវិធីប្រឡងបានបញ្ចប់ ស្ថានឯកអគ្គរាជទូតកម្ពុជាក៏មានរៀបចំផងដែរនូវកម្មវិធីសំណេះសំណាល និងពិសាម្ហូបអាហារខ្មែរ ដើម្បីបង្កើតបណ្តាញទំនាក់ទំនងរវាងអ្នកចូលរួម និងផ្សព្វផ្សាយអំពីមុខម្ហូបខ្មែរ ។

កម្មវិធីខាងលើ បានចូលរួមចំណែកមួយយ៉ាងសំខាន់ផងដែរ ក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន ព្រមទាំងជាផ្នែកមួយនៃការជំរុញសេដ្ឋកិច្ចការទូតផងដែរ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner