Trump ចង់ឲ្យនាវាអាមេរិកឆ្លងកាត់ព្រែកជីកស៊ុយអេសនិងប៉ាណាម៉ា មិនបង់ប្រាក់
បរទេស ៖ លោកប្រធានាធិបតី Donald Trump បានជំរុញឱ្យនាវាសហរដ្ឋអាមេរិក បើកឆ្លងកាត់ ព្រែកជីក ប៉ាណាម៉ា នៃប្រទេសប៉ាណាម៉ា និងព្រែកជីក ស៊ុយអេស នៃប្រទេសអេហ្ស៊ីប ដោយ «ឥតគិតថ្លៃ» ដោយគេដឹងថា ទាំងពីរនេះ គឺជាផ្លូវទឹកធំៗ នៅក្នុងពិភពលោក រកចំណូលរាប់ពាន់លានដុល្លារ ក្នុង១ឆ្នាំៗ។
លោក Trump បានសរសេរ នៅលើបណ្តាញសង្គម Truth Social ដូច្នេះ កាលពីថ្ងៃសៅរ៍ ដោយលោកជំរុញឱ្យមានការដឹកជញ្ជូន Free ទាំងសម្រាប់កប៉ាល់ពាណិជ្ជកម្ម និងនាវាយោធា របស់អាមេរិក ហើយលោកប្រគល់ភារកិច្ចឱ្យ រដ្ឋមន្ត្រីការបរទេស លោក Marco Rubio ធ្វើការលើរឿងនេះ ភ្លាមៗ។ លោកអះអាងថា ផ្លូវទឹកទាំងពីរនេះ នឹងមិនមានវត្តមានទេ បើគ្មានសហរដ្ឋអាមេរិក ដោយគេដឹងថា ព្រែកជីក ប៉ាណាម៉ា ត្រូវបានអាមេរិកជួយសាងសង់ និងធ្លាប់គ្រងគ្រង មុនពេលប្រគល់ជូនប្រទេស ប៉ាណាម៉ាវិញ កាលពីឆ្នាំ១៩៩៩។
ជាការកត់សម្គាល់ ប៉ុន្មានខែមកនេះ លោក Trump បានអំពាវនាវ ឱ្យសហរដ្ឋអាមេរិក គ្រប់គ្រងព្រែកជីក Panama ឡើងវិញ ប៉ុន្តែ នៅពេលនេះ លោកបន្តប្រើពាក្យសម្តី បញ្ចេញឥទ្ធិពល រាលដាលដល់ ព្រែកជីក Suez ដែលជាផ្លូវទឹកដ៏សំខាន់មួយ តភ្ជាប់រវាងអឺរ៉ុប និងអាស៊ី គ្របដណ្តប់ប្រមាណ ១០ភាគរយ នៃពាណិជ្ជកម្មដែនសមុទ្រពិភពលោក៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

