សម្ដេចធិបតី បង្ហាញរូបថតធ្វើកម្មសិក្សានៅធនាគារពិភពលោក នៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០០២

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញរូបថតធ្វើកម្មសិក្សានៅធនាគារពិភពលោក នៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០០២ តាមរយៈបណ្ដាញសង្គម នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ ។

សម្ដេចធិបតី បានលើកឡើងថា ព្រឹកមិញក្នុងកម្មវិធីជួបជាមួយបងប្អូនសហជីពនិងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ខ្ញុំបាននិយាយលេងបន្តិចអំពីការរស់នៅរបស់ខ្ញុំ កាលខ្ញុំធ្វើកម្មសិក្សានៅធនាគារពិភពលោក ក្នុងរដ្ឋធានី Washington នៃសហរដ្ឋអារិក ឆ្នាំ២០០២។

សម្ដ៣ចថា ក្រោយចប់កម្មវិធី ខ្ញុំបានទទួលរូបថតមួយសន្លឹកនេះដែលមិត្តរបស់ខ្ញុំផ្ញើមកអោយខ្ញុំ។ ក្នុងរូបនេះគឺជាបន្ទប់ដែលខ្ញុំជួលនៅជាមួយមិត្តរួមបន្ទប់ពីរនាក់ទៀតរយៈពេលជិតមួយឆ្នាំ ក្នុងពេលដែលខ្ញុំធ្វើកម្មសិក្សានៅធនាគារពិភពលោកនៅឆ្នាំ ២០០២នោះ។ បន្ទប់នេះមានបន្ទប់គេងតូចមួយអាចដាក់គ្រែបានពីរ បន្ទប់ទឹកតូចមួយ កន្លែងសាឡុងទទួលភ្ញៀវ ជាប់ជាមួយចង្ក្រានតូចមួយ។

ខ្ញុំគេងនៅលើប៉ៅអ៊ី (ប៉ៅអ៊ីបត់ក្នុងរូប) នៅក្នុងបន្ទប់សាឡុង ជាប់ផ្ទះបាយ ដោយទុកអោយមិត្តរួមបន្ទប់ពីរនាក់ទៀតគេងនៅក្នុងបន្ទប់ ដោយសារខ្ញុំធ្វើការងារយប់ៗជ្រៅ ហើយមិនចង់រំខានមិត្ត ទុកអោយគាត់អាចបិទភ្លើងគេងក្នុងបន្ទប់ចុះ។

កន្លែងដែលខ្ញុំអង្គុយហូបបាយនេះគឺ ជាកន្លែងគេងរបស់ខ្ញុំ គ្រែរបស់ខ្ញុំគឺប៉ៅអ៊ីបត់ (ក្នុងរូបភាព) ហើយវាក៏ជាកន្លែងហូបបាយ និងធ្វើកិច្ចការរបស់ខ្ញុំនៅផ្ទះផងដែរ។

មិត្តភក្តិខ្លះ ប្រាប់ថាឃើញរូបនេះ គួរឱ្យអាណិតខ្ញុំ។

ប៉ុន្តែខ្ញុំបានប្រាប់គាត់វិញថាមិនមានអ្វីគួរឲ្យអាណិតនោះទេ ព្រោះទោះយ៉ាងណាក៏ខ្ញុំមានសំណាងជាមនុស្សរាប់លាននាក់ដែលមិនមានឱកាសដូចខ្ញុំ។

ការដែលខ្ញុំសម្រេចជួលផ្ទះតូចមួយនៅបីនាក់ជាមួយមិត្តភក្តិរបស់ខ្ញុំ មានមូលហេតុធំៗចំនួនពីរ÷

មូលហេតុទី១ គឺសម្រាប់រូបខ្ញុំ មិនថាផ្ទះតូចចង្អៀតឬចាស់ ឱ្យតែមានដំបូលកុំឱ្យលិចពេលភ្លៀង មានកន្លែងសម្រាប់គេង សម្រាប់ហូបបាយ សម្រាប់ធ្វើកិច្ចការ គឺគ្រប់គ្រាន់ហើយ។

គោលដៅសំខាន់របស់ខ្ញុំពេលនោះគឺផ្ដោតទៅលើការងារនៅធនាគារពិភពលោក ដែលខ្ញុំត្រូវខិតខំធ្វើឲ្យល្អនិងច្បាមយកបទពិសោធន៍ឲ្យបានជាអតិបរមា ក្នុងរយៈពេលដែលខ្ញុំធ្វើការនៅទីនោះ។ កន្លែងស្នាក់នៅ ឬមធ្យោបាយធ្វើដំណើរ (ខ្ញុំជិះរថភ្លើងក្រោមដីទៅធ្វើការ) គឺជាកិច្ចការបន្ទាប់បន្សំ។ មិនអាចឲ្យកិច្ចការបន្ទាប់បន្សំជាឧបសគ្គសម្រាប់រំខានដល់ការសម្រេចគោលដៅធំរបស់ខ្ញុំទេ។

មូលហេតុសំខាន់មួយទៀតរបស់ខ្ញុំ គឺភាពម្ចាស់ការរបស់ខ្ញុំក្នុងការរស់នៅ ដោយខ្ញុំព្យាយាមដាក់គោលដៅធ្វើយ៉ាងណា ការរស់នៅរបស់ខ្ញុំនៅពេលនោះត្រូវអាចទ្រទ្រង់បានដោយសារប្រាក់បៀវត្សរបស់ខ្ញុំ ដែលបានមកពីការធ្វើកម្មសិក្សានៅធនាគារពិភពលោក។ ពោលគឺរស់ដោយថវិការកដោយខ្លួនឯង ដោយមិនចាំបាច់ប្រើប្រាស់ថវិការបស់ឪពុកម្ដាយ ទោះបីជាគាត់មានលទ្ធភាពផ្ដល់ឱ្យខ្ញុំអាចជួលផ្ទះបានល្អជាងឬធំជាងនេះក៏ដោយ ៕

ដោយ ៖ ស៊ូ វណ្ណលុក
រូពភាព ៖ វេង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner