កងទ័ពឥណ្ឌានិងប៉ាគីស្ថានបន្តផ្ទុះអាវុធដាក់គ្នា
បរទេស៖ ក្រុមមន្ត្រីបាននិយាយ នៅថ្ងៃអាទិត្យនេះថា ទាហានប្រទេសប៉ាគីស្ថាន និងឥណ្ឌា បន្តបាញ់ប្រហារគ្នា នៅតំបន់កាស្មៀរ ដែលមានជម្លោះ អូសបន្លាយ ដល់យប់ទីបី ជាប់ៗគ្នា ខណៈដែលទំនាក់ទំនងរវាងប្រទេសប្រដាប់អាវុធនុយក្លេអ៊ែរ ទាំងពីរ បានធ្លាក់ចុះដល់កម្រិតទាបបំផុត មិនធ្លាប់មាន ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។
ប្រទេសឥណ្ឌាបានចោទប្រកាន់ប៉ាគីស្ថានថា បានគាំទ្រ “អំពើភេរវកម្មឆ្លងព្រំដែន” បន្ទាប់ពីខ្មាន់កាំភ្លើង បានធ្វើការវាយប្រហារដ៏អាក្រក់បំផុត លើជនស៊ីវិល នៅតំបន់កាស្មៀរ ក្នុងសប្តាហ៍នេះ ស្លាប់ទេសចរ ចំនួន២៦នាក់។
តែ ទីក្រុងអ៊ីស្លាម៉ាបាដបានបដិសេធ ការជាប់ពាក់ព័ន្ធណាមួយ ដោយហៅការប៉ុនប៉ង ភ្ជាប់ប្រទេសប៉ាគីស្ថាន ទៅនឹងការវាយប្រហារនេះ ថា “មិនសមហេតុផល” ហើយបានប្តេជ្ញាថា នឹងឆ្លើយតប ទៅនឹងសកម្មភាពណាមួយ ដែលបង្កចេញពីប្រទេស ឥណ្ឌា។ ជាការកត់សម្គាល់ ឥណ្ឌាបានវាយប្រហារ ក្រោយកើតហេតុការណ៍ បាញ់សម្លាប់មនុស្ស នៅកាស្មៀរ។
នៅថ្ងៃអាទិត្យនេះ កងទ័ពឥណ្ឌាបាននិយាយថា មានការបាញ់អាវុធ ធុនតូច ដែលផ្តើមដោយប៉ាគីស្ថាន តាមខ្សែបន្ទាត់នៃការគ្រប់គ្រង ហៅកាត់ LOC ដែលបំបែកប្រទេសទាំងពីរ។ ប្រភពបានបន្ថែមថា «កងទ័ពរបស់យើង បានឆ្លើយតបយ៉ាងមានប្រសិទ្ធភាព ជាមួយនឹងការបាញ់អាវុធ ធុនតូចល្មម»។
ប៉ុន្តែ ប៉ាគីស្ថានមិនទាន់បានបញ្ជាក់ពីការ បាញ់ប្រហារគ្នា ចុងក្រោយនេះ នៅឡើយទេ។
កាស្មៀរត្រូវបានបែងចែក រវាងឥណ្ឌា និងប៉ាគីស្ថាន ចាប់តាំងពីទទួលបានឯករាជ្យ នៅឆ្នាំ១៩៤៧ ដោយប្រទេសទាំងពីរ ទាមទារទឹកដីទាំងស្រុង ប៉ុន្តែ គ្រប់គ្រងផ្នែក ដាច់ដោយឡែកពីគ្នា។
ក្រុមឧទ្ទាមបានធ្វើសកម្មភាពបះបោរ នៅតំបន់កាស្មៀរ ចាប់តាំងពីឆ្នាំ១៩៨៩ ដោយទាមទារឯករាជ្យ ឬ ការរួមបញ្ចូលគ្នា ជាមួយប៉ាគីស្ថាន៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត