កេសរកូលព្រះទ្រហឹង ជាប្រភេទកេសរកូលធំជាងគេលើ​សកល​លោ​ក កំពុងតែរីក ជាលើកទី៣នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្ស​កេសរកូល សុខ អាន ភ្នំគូលែន

(ភ្នំពេញ)៖ កេសរកូលព្រះទ្រហឹង ជាប្រភេទកេសរកូលធំ​ជាងគេ​លើសកលលោក កំពុងតែរីកជាលើកទី៣នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អានភ្នំគូលែន នៅក្នុងភូមិសាស្រ្តឧទ្យាន​ជាតិព្រះជ័យវរ្ម័ន នរោត្តម «ភ្នំគូលែន» ខេត្តសៀមរាប។

ក្រុមការងារស្រាវជ្រាវ នៃនាយកដ្ឋានជីវៈចម្រុះ របស់ក្រសួងបរិស្ថាន បានកំពុងធ្វើការស្រាវជ្រាវ និងអភិរក្សកេសរកូលព្រៃនៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អានភ្នំគូលែន។

យោងតាមក្រុមការងារជំនាញ កេសរកូលព្រះទ្រហឹង មានឈ្មោះវិទ្យាសាស្ត្រថា Grammatophyllum speciosum និងឈ្មោះជាភាសាអង់គ្លេសថា Giant Orchid, Tiger Orchid, The Sugar Cane Orchid គឺ ជាកេសរកូលធំជាងគេលើ​សកល​លោក ហើយវាជាប្រភេទកេសរកូលព្រៃដ៏កម្រមួយរបស់ខ្មែរ ដែលយើងធ្លាប់បានជួបប្រទះមានដុះ នៅតំបន់ជួរភ្នំក្រវាញ​នៃខេត្តកោះកុង និងតំបន់ជួរភ្នំដងរែក នៃខេត្តព្រះវិហារ និងខេត្ត​សៀមរាប។ គេហៅកំណត់ថាវាធំជាងគេលើសកលលោក ព្រោះ​តាមការកត់ត្រា កេសរកូលប្រភេទនេះ អាចមានទំងន់រហូតដល់​ទៅ២តោន ក្នុងមួយគុម្ព ហើយអាចមានកំពស់ចាប់ពី០,៥ ម៉ែត្រ​ទៅ៣ម៉ែត្រ និងមានទងផ្កាអាចមានប្រវែង២ម៉ែត្រ និងចំនួន​ផ្ការហូតដល់ទៅ៧០០០ ផ្កាក្នុង១គុម្ព ដោយក្នុងមួយទងផ្កាអាច​មានផ្កាចំនួនចាប់ពី៨០ ទៅ១០០ផ្កា។ កេសរកូលប្រភេទនេះ​កម្រ​ចេញផ្កាណាស់ ហើយផ្កាអាចរីកបានរយៈពេលពី២ទៅ៣ខែ។

កេសរកូលព្រះទ្រហឹងត្រូវបានយកមកដំានៅក្នុងសួនកេសរកូលព្រៃនៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូលសុខ អាន ភ្នំគូលែន នាខែតុលា ឆ្នាំ២០១៨ ហើយបានចេញផ្កាលើកទី១នៅខែមេសា និងឧសភា ឆ្នាំ២០២១ ដែលមានចំនួន១ទងផ្កា លើកទី២​នៅខែ​មេសា ឆ្នាំ២០២៤ចំនួន១ទងផ្កា និងបច្ចុប្បន្ន គឺក្នុងខែមេសា ឆ្នាំ២០២៥ នេះ កេសរកូលព្រះទ្រហឹង បាននិងកំពុងចេញផ្កា​ជាលើកទី៣ ដែលមានចំនួនរហូតដល់ទៅ៥ទងផ្កា។ នេះបាន​បញ្ជាក់ថាសួនកេសរកូលព្រៃនៃមជ្ឈមណ្ឌលស្រាវជ្រាវ និង​អភិរក្ស​កេសរកូលសុខ អាន ភ្នំគូលែន បានបង្កើតជាមជ្ឈដ្ឋានសមស្រប​សម្រាប់​ការរស់នៅរបស់កេសរកូលព្រៃប្រភេទនេះ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner