កម្ពុជានឹងបង្កើតព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិកពានរង្វាន់លំដាប់អន្តរជាតិ Vikingz Mekong Invitationalនៅចុងខែឧសភាខាងមុខ

ភ្នំពេញ៖បន្ទាប់ពីការសហការគ្នាប្រកបដោយជោគជ័យ និងទទួលបានការ​គាំទ្រ​ខ្លាំងក្នុងការបង្កើត​ព្រឹត្តិការណ៍​ការប្រកួត​កីឡាអេឡិចត្រូនិក Queen Legends រដូវកាលទីមួយ ក្រុមហ៊ុន Khmer Beverages និងក្រុមហ៊ុន T.Y Media បាន​ចុះ​ហត្ថ​លេខាលើអនុស្សារណៈយោគយល់គ្នា ក្នុងការបង្កើតព្រឹត្តិការណ៍ថ្មីមួយ​ទៀត ដែលជាពានរង្វាន់អន្តរជាតិ​ដោយ​ប្រសិទ្ធ​នាមថា Vikingz Mekong Invitational ដែលគ្រោងនឹងរៀបចំចន្លោះចុងខែឧសភា ដល់ដើមខែមិថុនា​ខាងមុខ។ព្រឹត្តិការណ៍នេះមាន៤ប្រទេសចូលរួមក្នុងនេះមាន ប្រទេសកម្ពុជា ថៃ វៀតណាម និងប្រទេសឡាវ។

ព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិកលំដាប់អន្តរជាតិដែលកម្ពុជាបង្កើតឡើងជាលើកទី១នេះ បានប្រកាស ក្នុងពិធីចុះ​ហត្ថលេខាអនុស្សរណៈរវាងភេសជ្ជៈ Vikingz និង T.Y Media នៅថ្ងៃអាទិត្យទី២៧ ខែមេសា​នៅមជ្ឈមណ្ឌល​កីឡា​អេឡិចត្រូនិក T.Y Media Esports Center (ផ្លូវ ៦០ម៉ែត្រ) ក្រោមវត្តមាន​ឯកឧត្តម លន់ សាមឌី អគ្គលេខាធិការ​សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយកក្រុមហ៊ុន Khmer Beverages និងលោក ឈុន សំណាង តំណាងក្រុមហ៊ុន T.Y Media។

អ្នកឧកញ៉ា លាង ម៉េង ក្នុងនាមជាងសហស្ថាបនិកក្រុមហ៊ុន Khmer Beverages បានបង្ហាញពីមោទនភាព ដែល​បាន​ចាប់ដៃ​គូសហការគ្នាជា​មួយ​ក្រុមហ៊ុន T.Y. Media សម្រាប់ដំណើរដ៏វែងឆ្ងាយក្នុងវិស័យ Esports នៅកម្ពុជា​ហើយ​​ក៏មានការ​ប្តេជ្ញាយ៉ាងមុតមាំ បន្តអភិវឌ្ឍន៍វិស័យមួយនេះឱ្យ​កាន់តែរីក​ចម្រើន​ទៅមុខបន្តទៀតដោយនាំមកនូវព្រឹត្តិការណ៍ Esports ផ្សេងៗជាច្រើន​ទៀតមកកាន់កម្ពុជា។ អ្នកឧកញ៉ាបញ្ជាក់ថា Vikingz មានវត្តមាននៅទីនេះ​មិនមែន​ក្នុងរយៈពេល​ខ្លីនោះទេ តែមានចក្ខុវិស័យយ៉ាងវែងឆ្ងាយ ។ក្នុងដំណើរ​មួយនេះ អ្នកឧកញ៉ា ជឿជាក់ថា វិស័យ Esports នៅកម្ពុជានឹង​បន្តរីកចម្រើន​ប្រកបដោយសក្ដានុពលនៅលើឆាកអន្តរជាតិ។

តំណាងVikingz និង T.Y Media បានប្រកាសជាផ្លូវការអំពីព្រឹត្តិការណ៍ការ​ប្រកួតថ្មីមួយរបស់ក្រុមហ៊ុន Vikingz គឺ Vikingz Mekong Invitational ដែលជាការប្រកួតដ៏ធំមួយកម្រិតអន្តរជាតិដែលមានប្រទេសចូលរួមមកក្នុងនេះ កម្ពុជា វៀតណាម ថៃ និងឡាវ។ គោលបំណងនៃការបង្កើតព្រឹត្តិការណ៍ថ្មីនេះ​ឡើង មិនមែនគ្រាន់តែបង្កើតព្រឹត្តិការណ៍​នោះទេ​ប៉ុន្តែជាការបង្កើតប្រវត្តិសាស្រ្ត​ថ្មីមួយសម្រាប់វិស័យ Esports កម្ពុជា។ ព្រឹត្តិការណ៍មួយនេះនឹងផ្តល់ឧកាសដ៏​សំខាន់​សម្រាប់កីឡាករដើម្បីបង្ហាញពីសមត្ថភាពរបស់ពួកគេទៅកាន់អន្តរជាតិ និងការទទួលបានបទពិសោធបន្ថែមដើម្បី​ជា​ដើមទុនក្នុងការចូលរួមប្រកួត​តំណាង​ជាតិនៅក្នុងព្រឹត្តិការណ៍អន្តរជាតិនានាក្នុងពេលខាងមុខ។

ក្នុងឱកាសដ៏រីករាយនេះផងដែរ អ្នកឧកញ៉ា លាង ម៉េង ក៏បានប្រកាសឧបត្ថម្ភ​ជាថវិកាបន្ថែមពីរម៉ឺនដុល្លារអាមេរិក ប្រសិន​អត្តពលិកកីឡាអេឡិចត្រូនិក​កម្ពុជាឈ្នះមេដាយមាស ពីព្រឹត្តិការណ៍កីឡាអាគ្នេយ៍លើកទី៣៣ ដែល​រៀបចំ​នៅទឹកដីថៃឆ្នាំ ២០២៥ នេះ។

សូមជម្រាបជូនថា Vikingz និង T.Y Media បានសហការគ្នារៀបចំព្រឹត្តិការណ៍​កីឡាអេឡិចត្រូនិកវិញ្ញាសា Mobile Legends: Bang Bang នៃពានរង្វាន់ Queen Legends ផ្នែកនារី ឆ្នាំ២០២៥ ដែលត្រូវរកឃើញជើងឯកនៅ​ថ្ងៃអាទិត្យ​ទី ២៧ ខែមេសានេះ អមជាមួយប្រាក់រង្វាន់ ២០លានរៀល៕
រូបភាព៖ ជីម ភារ៉ា
អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner