ឥណ្ឌាស្លាប់ម្នាក់រៀងរាល់ ៣ នាទីម្តង ដោយសារគ្រោះចរាចរណ៍
ញូវដែលី ៖ ជារៀងរាល់ព្រឹក សារព័ត៌មានឥណ្ឌាតែងតែមានសេចក្តីរាយការណ៍អំពីគ្រោះថ្នាក់ចរាចរណ៍ មានដូចជាឡានក្រុងដឹកអ្នកដំណើរធ្លាក់ចូលទៅក្នុងជ្រលងភ្នំ អ្នកបើកឡានស្រវឹងជោគជាំបុកអ្នកថ្មើរជើង ឡានធុនតូចបុកឡានដឹកទំនិញដែលកំពុងឈប់ និង យានជំនិះកង់ពីរត្រូវឡានធុនធំបុកជាដើម។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC។
សោកនាដកម្មកើតឡើងរៀងរាល់ថ្ងៃនេះ បង្ហាញពីវិបត្តិធ្ងន់ធ្ងរក្នុងប្រទេសឥណ្ឌា ដែលនៅតែមិនទាន់ស្វែងរកដំណោះស្រាយបាននៅឡើយ។ តួយ៉ាង គិតក្នុងឆ្នាំ ២០២៣ តែមួយប៉ុណ្ណោះ មនុស្សជាង ១៧២.០០០ នាក់បានស្លាប់បាត់បង់ជីវិតនៅលើដងផ្លូវទូទាំងប្រទេសឥណ្ឌា ពោលគឺជាមធ្យមមានអ្នកស្លាប់ចំនួន ៤៧៤ នាក់ក្នុងមួយថ្ងៃ ឬ ម្នាក់រៀងរាល់បីនាទីម្តង។ ក្នុងចំណោមអ្នកស្លាប់ក្នុងឆ្នាំនោះ មានកុមារ ១០.០០០ នាក់។
បើតាមសេចក្តីរាយការណ៍របស់ BBC គ្រោះថ្នាក់ចរាចរណ៍នៅជិតសាលារៀន និងមហាវិទ្យាល័យមានចំនួនអ្នកស្លាប់ដល់ទៅ ១០.០០០ នាក់ ខណៈដែលអ្នកថ្មើរជើងមានចំនួន ៣៥.០០០ នាក់បានបាត់បង់ជីវិត។ អ្នកជិះយានជំនិះកង់ពីរជាច្រើនទៀតក៏រងរបួសធ្ងន់ធ្ងរផងដែរ។ ហើយការបើកបរលើសល្បឿន គឺជាមូលហេតុធំបំផុតតែមួយគត់នៅពីក្រោយសោកនាដកម្មនេះ។
បន្ថែមលើនេះ កង្វះការប្រុងប្រយ័ត្ន និង សុវត្ថិភាពជាមូលដ្ឋាន ក៏មានជាប់ពាក់ព័ន្ធនឹងករណីស្លាប់ផងដែរ ជាក់ស្តែងមនុស្ស ៥៤.០០០ នាក់បានបាត់បង់ជីវិត ដោយសារការបើកបរមិនពាក់មួកសុវត្ថិភាព និង ១៦.០០០ នាក់ផ្សេងទៀតបើកឡានមិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព។
មូលហេតុចម្បងៗផ្សេងទៀត រួមមានការដឹកលើសទម្ងន់នាំឱ្យមនុស្សស្លាប់ចំនួន ១២.០០០ នាក់ និង ការបើកបរគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវបង្កឱ្យមានឧប្បត្តិហេតុចំនួន ៣៤.០០០ ករណី។ ការបើកបរបញ្ច្រាស់ផ្លូវក៏បានរួមចំណែកបង្កើនចំនួនអ្នកស្លាប់ផងដែរ។
ទោះបីជាមានការខិតខំប្រឹងប្រែង និង ការវិនិយោគលុយរាប់លានដុល្លារក៏ដោយ ក៏ផ្លូវថ្នល់របស់ប្រទេសឥណ្ឌានៅតែស្ថិតក្នុងចំណោមផ្លូវគ្មានសុវត្ថិភាពបំផុតនៅក្នុងពិភពលោក។ ហើយគ្រោះថ្នាក់ចរាចរណ៍បានបង្កការខាតបង់ដល់សេដ្ឋកិច្ចឥណ្ឌាចំនួន ៣% នៃផលិតផលក្នុងស្រុកសរុប (GDP) ប្រចាំឆ្នាំ៕


ប្រភព ៖ BBC ប្រែសម្រួល ៖ ឈឹម ទីណា