ខេមអេដ បើកការប្រកួតកីឡាបាល់ទាត់ក្នុងសាល រដូវកាល ២០២៥ ស្វែងរកជើងឯក

(ភ្នំពេញ)៖ វិទ្យាស្ថានខេមអេដបានបើកការប្រកួតកីឡាបាល់ទាត់ក្នុងសាល (CamEd Women’s Futsal Tournament 2025) រដូវកាល ២០២៥ ដើម្បីស្វែងរកក្រុមជើងឯកប្រចាំគ្រឹះស្ថានឧត្តមសិក្សាមួយនេះ ក្នុងគោលដៅស្វែងរកធនធានឆ្នើមៗ ត្រៀមចូលរួមប្រកួតប្រជែង ក្នុងការប្រកួតកីឡាសាកលវិទ្យាល័យថ្នាក់ជាតិ នាពេលខាងមុខ ក្រោមការរៀបចំរបស់ក្រសួងអប់រំ យុវជន និងកីឡា។

អ្នករៀបចំការប្រកួតកីឡាបាល់ទាត់ក្នុងសាលនារីរបស់វិទ្យាស្ថានខេមអេដ បានឱ្យដឹងថា ការប្រកួតនេះត្រូវប្រព្រឹត្តឡើងរៀងរាល់ចុងសប្តាហ៍ ដែលចាប់ពីថ្ងៃបើកការប្រកួតនេះរហូតដល់ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥។ ក្នុងការប្រកួតរដូវកាល២០២៥នេះ និស្សិតនារីរបស់វិទ្យាស្ថានបានចូលរួមយ៉ាងផុសផុល ដោយវិទ្យាស្ថានកៀរគរបានកីឡាការិនី ដែលជានិស្សិតនារីរបស់ខ្លួនចូលរួមបានចំនួន ១០៤នាក់ ត្រូវជា១០ក្រុម ហើយត្រូវបានបែងចែកជា២ពូល។

ក្រុមបាល់ទាត់នារីទាំង១០នេះ មានដូចជា ក្រុម Xiongmei FT, The Deva, SCG, CamEd FC, Fearless , Supernova, Powerpuff Girls, Shining Stars, Kokoma និងក្រុម Wildcats ដែលជាក្រុមការពារម្ចាស់ដំណែងជើងឯកកាលពីរដូវកាលមុន។

គោលបំណងចម្បងនៃការប្រកួតនេះ ខេមអេដ តែងតែរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីបំផុសស្មារតីដល់និស្សិតនារីឱ្យបានចូលរួមប្រកួតកីឡា ដើម្បីសុខភាព មិត្តភាព និងសាមគ្គី ជាពិសេសជំរុញក្រុមកីឡាការិនីរបស់ខ្លួនឱ្យរួមគ្នាចេះធ្វើការជាក្រុម និងការប្រកួតប្រជែងក្រោមសម្ពាធ។ ក្រៅពីបំផុសស្មារតីឱ្យពួកគេចូលរួមលេងកីឡា តាមរយៈព្រឹត្តិការណ៍កីឡាប្រចាំនេះ ខេមអេដក៏ស្វែងរកធនធានកីឡាការិនី ត្រៀមចូលរួមប្រកួតប្រជែងមេដាយ ក្នុងការប្រកួតកីឡាសាកលវិទ្យាល័យថ្នាក់ជាតិ ក្រោមការរៀបចំរបស់ក្រសួងអប់រំ យុវជន និងកីឡាផងដែរ ៕

ដោយ /​គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner