ឯកឧត្តម លី កុសល ចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់សហព័ន្ធកីឡាវាយសី BA និង BWF
ភ្នំពេញ៖ ឯកឧត្តម លី កុសល រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា អមដំណើរដោយឧត្តមសេនីយ៍ត្រី កែវ រស់ អគ្គលេខាធិការសហព័ន្ធ បានអញ្ជើញចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់សហព័ន្ធកីឡាវាយសី BA និង BWF នៅទីក្រុងXiemen សាធារណៈរដ្ឋប្រជាមានិតចិន ថ្ងៃទី២៤-២៧ ខែមេសា ឆ្នាំ២០២៥ មានសមាជិកមកពីប្រទេសផ្សេងៗគ្នា ចំនួន២០២។
កម្មវិធីមហាសន្និបាតរបស់សហព័ន្ធកីឡាវាយសីអាស៊ី៖ អនុវត្តដូចបណ្តាឆ្នាំកន្លងមក គឺមានគណៈកម្មាធិការផ្សេងៗចំណុះ ឡើងធ្វើរបាយការណ៍វឌ្ឍនភាពឆ្នាំរៀងៗខ្លួន ព្រមទាំងបានលើកបង្ហាញអំពីចំណូលចំណាយ ស្ថានភាពថិវការបស់ស្ថាប័ន និងការឧបត្ថម្ភដល់សមាជិករបស់ខ្លួន។ របាយការណ៍សកម្មភាពទាំងអស់ បានអនុម័តដោយអង្គមហាសន្និបាតទាំងស្រុង។
ថ្ងៃទី២៥ ខែមេសា ជាវេទិកាជួបជាមួយសមាជិក ដោយមានវាគ្មិនឆ្នើមៗឡើងចែករំលែកបទពិសោធន៍ វេទិកានេះជាឱកាសជួបជុំ បង្កើតភាពស្និទ្ទស្នាលរវាងសមាជិកមកពីប្រទេសផ្សេងៗគ្នា ចំនួន២០២។ ចំណែកបទបង្ហាញសំខាន់ៗថ្ងៃទី២៦ មាន សមត្ថភាពការងាររបស់សមាជិក (Member Capacity) និរន្តរភាពការងារ (Sustainability) បញ្ជ្រៀបការងារវាយសី (Inclusive badminton) និង នវានុវត្តន៍ (Innovation)។
ថ្ងៃទី២៧ ខែមេសា កម្មវិធីមហាសន្និបាតរបស់សហព័ន្ធកីឡាវាយសីពិភពលោក ក្រោយពីគណៈកម្មាធិការចំណុះផ្សេងៗ ធ្វើរបាយការណ៍វឌ្ឍនភាពឆ្នាំរៀងៗខ្លួន រួមទាំងស្ថានភាពហិរញ្ញវត្ថុរបស់ស្ថាប័ន BWF និងការឧបត្ថម្ភដល់សមាជិករបស់ខ្លួន។ សកម្មភាពទាំងអស់ត្រូវបានអនុម័តដោយអង្គមហាសន្និបាតទាំងស្រុង។ ប្រធានស្ថាប័ន BWF អស់អាណត្តិមិនឈរឈ្មោះបន្តទៀតទេ ដោយហេតុផលផ្ទាល់ខ្លូន និង ដោយហេតុថាមិនមានបេក្ខជនផ្សេងឈរឈ្មោះ អង្គមហាសន្និបាតបានជ្រើសរើសលោកស្រី Khunying Patama Leeswadtrakul មកពីប្រទេសថៃជាប្រធាន ដឹកនាំបន្តអាណត្តិ៤ឆ្នាំ ដល់ឆ្នាំ២០២៩។ ការឡើងជា ប្រធានរបស់លោកជំទាវ Khunying ជះផលល្អដល់កម្ពុជា ដោយសារតែទំនាក់ទំនងនិងសហប្រតិបត្តិការល្អនាពេលកន្លងមក ហើយលោកជំទាវបើកចំហរក្នុងការផ្តល់ជាជំនួយដល់ប្រទេសតូចៗ ដើម្បីជម្រុញការ វិវឌ្ឍន៍វិស័យកីឡាវាយសី។
មហាសន្និបាតប្រចាំឆ្នាំបន្ទាប់ ត្រូវបានអង្គមហាសន្និបាតសម្រេចធ្វើនៅខែមេសា ឬខែឧសភា ឆ្នាំ២០២៦ នៅទ្វីបអ៊ឺរ៉ុប ក្នុងប្រទេសដាណឹម៉ាក។ ជាមួយគ្នានោះ ដោយមានកិច្ចសហប្រតិបត្តិការល្អជាមួយស្ថាប័ន BA និង BWF កម្ពុជាត្រូវបានជ្រើសរើសជាម្ចាស់ផ្ទះ ក្នុងការប្រកួតពាន BA SEA Regional U15 U17 & U24 Championship ក្នុងខែកក្កដា ខាងមុខនេះ ដោយមាន ប្រទេសចំនួន៥ចូលរួម ក្នុងនោះមានកម្ពុជា ឡាវ ភូមា ទីម័រលេស និងប៊្រុយណេ។
កម្ពុជាធ្លាប់ធ្វើជាម្ចាស់ផ្ទះម្តង រួចមកហើយក្នុងឆ្នាំ២០២៣ ដោយពេលនោះមានតែប្រភេទវិញ្ញាសា U15 និង U17តែប៉ុណ្ណោះ។ព្រឹត្តិការណ៍ប្រកួតនៅលើទឹកដីកម្ពុជាជាលើកទី២នេះ ជាមោទកជាតិខ្លាំងណាស់ ព្រោះបណ្តាប្រទេសពាក់ព័ន្ធ និងមន្ត្រីបច្ចេកទេស មន្ត្រីស្ថាប័នBA សុទ្ធតែគាំទ្រឲ្យមានការប្រកួតនៅកម្ពុជា ដោយសារតែកិត្តិស័ព្ទល្បីខ្ទរខ្ទារនៃមិត្តភាព ការគោរពររាប់អាននិងបដិសណ្ឋារកិច្ច ក្នុងការប្រកួតកន្លងមក រួមមានព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ និងការប្រកួតក្របខ័ណ្ឌដដែលនេះដែលបានរៀបចំម្តងហើយក្នុងឆ្នាំ២០២៣ នាំឲ្យគ្រប់ភាគីពាក់ព័ន្ធចង់មកចូលរួមពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ៕





ដោយ ៖ ជាវ ចន្ធូ