នាវាចម្បាំងកងទ័ពជើងទឹកវៀតណាម និងនាវាចម្បាំងកងទ័ពជើងទឹករុស្ស៊ី ចូលសំចតនៅកំពង់ផែមូលដ្ឋានសមុទ្ររាម និងនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ភ្នំពេញ៖ នាវាចម្បាំងកងទ័ពជើងទឹកប្រជាជនវៀតណាម​ បានចូល​សំចត​នៅកំពង់ផែមូលដ្ឋានសមុទ្ររាម រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥។ ចំណែកនាវាចម្បាំង​កងទ័ព​ជើងទឹកសហព័ន្ធរុស្ស៊ីចំនួន០៣គ្រឿង ក៏បានចូលសំចតនៅកំពង់​ផែស្វយ័តក្រុងព្រះសីហនុ និងធ្វើទស្សនកិច្ចនៅកម្ពុជា រយៈពេល៤ថ្ងៃ ចាប់ថ្ងៃទី២៨ ខែមេសា ដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥។

នាវាចម្បាំងកងទ័ពជើងទឹកប្រជាជនវៀតណាម បានចូលសំចតនៅកំពង់ផែមូលដ្ឋានសមុទ្ររាម រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ដោយមានការទទួលស្វាគមន៍ពីលោកឧត្តមនាវីត្រី ងួន ឧត្តម មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម។ ការចូលចតនេះ គឺក្នុងគោលបំណង ដើម្បីពង្រឹងចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ព ជើងទឹកនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម។ នាវាចម្បាំងកងទ័ពជើងទឹកប្រជាជនវៀតណាម ដឹកនាំដោយវរៈនាវីឯកបម្រុង ម៉ាយ ដាំងហ្សាញ់ មេបញ្ជាការរង និងជានាយសេនាធិការបញ្ជាការដ្ឋានតំបន់៥ កងទ័ពជើងទឹកប្រជាជនវៀតណាម។

គួរបញ្ជាក់ថា នាវាចម្បាំងរបស់កងទ័ពជើងទឹកប្រជាជនវៀតណាម គឺជានាវាបរទេសទី២ ហើយត្រូវបានអនុញ្ញាតឱ្យចូលសំចត​នៅ​កំពង់ផែមូលដ្ឋានសមុទ្ររាម ក្រោយពីបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវ​ការ​នូវមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ លក្ខណៈបច្ចេកទេសនាវា HQ ២៦១-មានបណ្ដោយ ៤៩.៥៦ម៉ែត្រ ទទឹង ៩.២ម៉ែត្រ ជម្រៅទឹក ២.៣ម៉ែត្រ ទម្ងន់ ផ្ទុក ៣៧៥តោន និងមាននាវិកសរុបចំនួន ៣៧នាកដឹកនាំដោយមេបញ្ជាការនាវា លោកវរៈនាវីត្រី ង៉ូ ក្វាងគឿង។

ចំណែកនាវាចម្បាំងកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ី ០៣គ្រឿង មាននាវិកសរុប២៦២នាក់ ចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងធ្វើទស្សនកិច្ចនៅកម្ពុជា រយៈពេល៤ថ្ងៃ
នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥នេះ មាននាវាចម្បាំងកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ី ចំនួនបីគ្រឿង មាននាវិកសរុបចំនួន ២៦២នាក់ បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងធ្វើទស្សនកិច្ចនៅកម្ពុជា រយៈពេល៤ថ្ងៃ (ថ្ងៃទី២៨ ខែមេសា ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥)។ កងនាវាទាំងបីគ្រឿងដឹកនាំ ដោយវរៈនាវីឯក ALEKSEI ANTSIFEROV នាយសេនាធិការ នៃផ្នែកនាវានៅលើផ្ទៃទឹក កងនាវាប៉ាស៊ីហ្វិក នៃសហព័ន្ធរុស្ស៊ី។ ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូនាវានឹងចូលជួបសម្តែងការគួរសមជាមួយអភិបាលខេត្តព្រះសីហនុ, មេបញ្ជាការមូលដ្ឋានសមុទ្ររាម, មេបញ្ជាការកងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ និងមានការលេងកីឡាជាមិត្តភាព បាល់ទះ បាល់ទាត់ រវាងនាវិកកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ី ជាមួយនាវិកកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម។ល។
ដោយ៖ពលជ័យ

ads banner