រដ្ឋសភាកម្ពុជា គាំទ្រពេញទំហឹងបេសកកម្មការទូត របស់ឯកអគ្គរាជទូតថ្មីប្រទេសថៃ ពិសេសការលើកម្ពស់ទំនាក់ទំនងប្រជាជននៃប្រទេសទាំងពីរ
(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានគាំទ្រ និង ស្វាគមន៍ បេសកកម្មការទូត របស់ឯកឧត្តម ធុល ត្រៃសូរ៉ាត់ (Tull TRAISORAT) ឯកអគ្គរាជទូតថ្មីនៃព្រះរាជាណាចក្រថៃប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលឯកឧត្តមបានបេ្តជ្ញាចិត្តយ៉ាងមុតមាំ នៅក្នុងការភ្ជាប់ទំនាក់ទំនងដ៏ល្អនិងជិតស្និទ្ធរវាងប្រជាជននៃប្រទេសកម្ពុជា-ថៃ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាមួយនិងការលើកកម្ពស់ទំហំពាណិជ្ជកម្មប្រទេសទាំងពីរឱ្យសម្រេចបាននូវគោលដៅរំពឹងទុកគឺ ១៥ពាន់លានដុល្លារ ជាមួយនិងការជំរុញវិស័យទេសចរណ៍ កសិកម្ម និងអប់រំ ឱ្យកាន់តែរីកចម្រើនផងដែរនោះ។
ឯកអគ្គរាជទូតថ្មីនៃព្រះរាជាណាចក្រថៃ ឯកឧត្តម ធុល ត្រៃសូរ៉ាត់ នៅក្នុងឱកាសចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ ជាមួយសម្តេចប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ បានអរគុណសម្តេចប្រធានរដ្ឋសភា ដែលបាទទួលស្វាគមន៍យ៉ាងកក់ក្តៅដំណើរទស្សនកិច្ចរបស់លោកជំទាវ នាយករដ្ឋមន្រ្តីថៃនៅកម្ពុជា កាលពីពេលថ្មីៗនេះ។
ជាមួយគ្នានេះ ឯកឧត្តមបានលើកឡើងពីការតាំងចិត្តនៅក្នុងការលើកកម្ពស់ទំនាក់ទំនងកម្ពុជា-ថៃ ដែលបានឈានដល់ខួប៧៥ឆ្នាំនៅពេលនេះ ឱ្យកាន់តែរឹងមាំ និងគ្រប់ជ្រុងជ្រោយលើគ្រប់វិស័យ ទំាងខាងស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ ព្រមទាំងវិស័យឯកជន។
ឯកឧត្តមឯកអគ្គរាជទូតប្រចាំនៅកម្ពុជា បានជម្រាបពីផែនការជាច្រើន ដែលឯកត្តម នឹងខិតខំបំពេញឱ្យសម្រេចបាន នៅក្នុងអាណត្តិការទូតរបស់ខ្លួន ក្នុងនោះពេលឆាប់ៗនេះ ឯកឧត្តមនឹងរៀបចំគណៈប្រតិភូសភាពាណិជ្ជកម្មថៃ មកបំពេញទស្សនកិច្ចនៅកម្ពុជា ជួបជាមួយភាគីកម្ពុជានិងធ្វើដំណើរទស្សនកិច្ចជាក់ស្តែងទៅកាន់គោលដៅវិនិយោគនិងទេសចរណ៍សំខាន់ៗនៅកម្ពុជា ពិសេសនៅខេត្តសៀមរាប និងខេត្តនានាដែលជាប់ព្រំដែនកម្ពុជា-ថៃ។
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ ដែលបានឈរលើភាពស្មោះត្រង់ និងការជឿទុកចិត្តគ្នា ដែលបានជួបពិភាក្សាគ្នាជាប់ជាប្រចាំនៅគ្រប់កម្រិត បានបង្កលក្ខណៈកាន់តែងាយស្រួលដល់ប្រជាជននៃប្រទេសទាំងពីរក្នុងការប្រកបរបររកទទួលទាន និងការផ្លាស់ប្តូរទំនិញទៅមកជាប្រចាំថ្ងៃ ។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ទំនាក់ទំនងដ៏ល្អដែលកើតចេញពីការគាំទ្រនិងចូលរួម របស់ប្រជាជនប្រទេសទាំងពីរនេះ មានសារៈសំខាន់ណាស់នៅក្នុងបរិបទដែលសកលលោកកំពុងមានការប្រឈម ដែលមានការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ និងពាណិជ្ជកម្មប្រកបដោយភាពស្មុគស្មាញនោះ។ ទំនាក់ទំងដ៏ល្អរវាងកម្ពុជានិងថៃ មិនត្រឹមតែធានាបាននូវសុខសន្តិភាព ស្ថិរភាពសង្គម សម្រាប់ប្រជាជននៃប្រទេសទាំងពីរប៉ុណ្ណោះទេ តែមានសារៈសំខាន់ដល់តំបន់និងសកលលោកផងដែរ ។
នៅក្នុងជំនួបនេះ ក៏បានពិភាក្សាពីការលើកកម្ពស់ទំនាក់ទំនងរដ្ឋសភាប្រទេសទាំងពីរឱ្យកាន់តែសកម្ម និងគ្រប់ជ្រុងជ្រោយឡើងបន្ថែមទៀត ស្របតាមស្មារតីនៃអនុស្សរណៈដែលថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទាំងពីរបានចុះហត្ថលេខាកាលពីពេលកន្លងទៅ។ នៅពេលខាងមុខនេះ ក្រុមមិត្តភាពរដ្ឋសភាថៃ-កម្ពុជានឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ។
ជាមួយគ្នានេះ ដើម្បីអបអរសាទរខួបលើកទី៧៥នៃទំនាក់ទំនងការទូតប្រទេសទាំងពីរឯកឧត្តមប្រធានរដ្ឋសភាថៃ អាចនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា នាពេលខាងមុខផងដែរ ។
សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍គាំទ្រទាំងស្រុងពីផែនការបេសកកម្មការទូតរបស់ឯកឧត្តម ធុល ត្រៃសូរ៉ាត់ ថានឹងនាំមកនូវជោគជ័យបន្ថែមទៀតដល់ទំនាក់ទំនងប្រទេសទាំងពីរ ៕






ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ