រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ក្រោមដំបូលនៃសន្តិភាព សាសនាទាំងអស់នៅកម្ពុជារស់នៅជាមួយគ្នាដោយសុខដុមនីយកម្ម
ក្រចេះ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា ស្ថិតក្រោមដំបូលនៃសន្តិភាព ស្ថិរភាពនយោបាយពេញលេញ បន្ទាប់ពីថ្ងៃរំដោះ ៧មករា ១៩៧៩ មក បានធ្វើឱ្យសាសនារស់រានមានជីវិតឡើងវិញ ខណៈសាសនាទាំងអស់នៅកម្ពុជា រស់នៅជាមួយគ្នាដោយសុខដុមនីយកម្ម ។នៅកម្ពុជា គ្មានជម្លោះសាសនានោះទេ។
ឯកឧត្តម នេត្រ ភក្ត្រា មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តវេឡុវ័ន ហៅ វត្តព្រែកសាម៉ាន់ ស្ថិតនៅភូមិព្រែកសាម៉ាន់ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះកាលពីថ្ងៃអាទិត្យទី២៧ ខែមេសា ឆ្នាំ២០២៥ ។
ឯកឧត្តម នេត្រ ភក្ត្រា មានប្រសាសន៍បន្តថា ប្រសិនបើយើងមើលទៅបណ្តាប្រទេសដទៃទៀត បញ្ហាសាសនា គឺមានការឈ្លោះទាស់ទែងគ្នា ដែលសង្គ្រាមសាសនានេះ មានភាពជ្រាលជ្រៅយ៉ាងខ្លាំង ហើយបង្កើតឱ្យមានបញ្ហានៅក្នុងសង្គម។ ប៉ុន្តែសម្រាប់កម្ពុជា ក្រោមការដឹកនាំ និងសម្របសម្រួលរបស់រាជរដ្ឋាភិបាលកម្ពុជា គឺសាសនាទាំងអស់ បានរស់នៅក្នុងសង្គមជាមួយគ្នាប្រកបដោយភាពសុខដុម ក្រោមដំបូលសន្តិភាព ស្ថិរភាពពេញ។
ឯកឧត្តមបន្តថា កម្ពុជាត្រូវបានបណ្តាប្រទេសនានានៅលើពិភពលោក បានតាមដាន និងវាយតម្លៃខ្ពស់ ចំពោះការធ្វើឱ្យមានសុខដុមនីយកម្មសាសនា ខណៈបណ្តាប្រទេសផ្សេងៗទៀតនៅក្នុងពិភពលោក បានមកយកគំរូល្អពីកម្ពុជា។ ដោយចោទសួរថាតើកម្ពុជា ជាប្រទេសដែលមានសាសនាច្រើន តើហេតុអ្វីបានជាសាសនាទាំងអស់នេះ អាចរស់នៅជាមួយគ្នាដោយភាពសុខសាន្តបាន ខណៈកម្ពុជា បានយកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។
ឯកឧត្តម នេត្រ ភក្ត្រា បានបន្ថែមថា ចំណុចដែលធ្វើឱ្យសាសនាផ្សេងៗទៀត អាចរស់នៅជាមួយគ្នាដោយសុសសាន្ត ពីព្រោះរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា បានប្រកាន់យកគោលការណ៍ការគោរពគ្នាទៅវិញទៅមក។ ឯកឧត្តមថា រាជរដ្ឋាភិបាល បានធានានូវការអភិរក្សប្រពៃណី វប្បធម៌ខ្មែរ ដែលបុព្វបុរសបានបន្សស់ទុកឱ្យ ដែលមានបង្កប់នូវមេត្តា ដែលបានធ្វើឱ្យកម្ពុជា មានវប្បធម៌រុងរឿងរហូតមក លើកលែងតែសម័យ ប៉ុល ពត ដែលមានតែការកាប់សម្លាប់យ៉ាងរង្គាលទៅវិញ។
សូមជម្រាបថា ក្នុងពិធីនេះក៏មានការនិមន្តចូលរួមពីសម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន សម្តេចព្រះសង្ឃនាយករងទី៣ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាសម្តេចព្រះមេគណរាជធានីភ្នំពេញ, សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ សម្តេចព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃ នាយកគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា, ព្រះវិមលរតនៈបណ្ឌិត ទេព ហត្ថា ព្រះរាជាគណៈកិត្តិយស និងជាព្រះសុគន្ធសីលសារ ព្រះមេគណខេត្តក្រចេះ, ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ, ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ព្រមទាំងប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុង-ស្រុកទាំង៧ និងប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករ៕







ដោយ៖ឡុង សំបូរ