អ៊ីស្រាអែលជំរុញឲ្យបិទកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ចោល
ហ៊្សេរុយសាឡិម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ជំរុញអន្តរជាតិឲ្យលុបបំបាត់កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ចោលតែម្តង ហើយថា កិច្ចព្រមព្រៀងជាមួយទីក្រុងតេហេរ៉ង់ ត្រូវតែដោះស្រាយបញ្ហាមីស៊ីលផ្លោង។
លោក ណេតាន់យ៉ាហ៊ូ បានគូសបញ្ជាក់ថា
អន្តរជាតិត្រូវតែបិទហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែរអ៊ីរ៉ង់ចោលទាំងស្រុង ព្រោះការធ្វើដូច្នេះ ពួកគេនឹងមិនអាចបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមផលិតអាវុធនុយក្លេអ៊ែរបានទេ ហើយថា កិច្ចព្រមព្រៀងណាមួយក៏គួរតែគិតពីការទប់ស្កាត់ការអភិវឌ្ឍមីស៊ីលផ្លោងផងដែរ។
ការអំពាវនាវរបស់មេដឹកនាំអ៊ីស្រាអែលរូបនេះ ធ្វើឡើងស្របពេលដែលអ៊ីរ៉ង់ និង អាមេរិក ដែលជាសត្រូវនឹងគ្នាចាប់តាំងពីបដិវត្តន៍អ៊ីស្លាមឆ្នាំ ១៩៧៩ បានបើកកិច្ចចរចានុយក្លេអ៊ែរជុំទី៣ ដែលសម្របសម្រួលដោយប្រទេសអូម៉ង់កាលពីថ្ងៃសៅរ៍។
ទោះជាយ៉ាងណា ទាំងអ៊ីរ៉ង់ និង អាមេរិកបានរាយការណ៍ពីវឌ្ឍនភាពនៅក្នុងការចរចានេះ ដោយមន្ត្រីអាមេរិកបានចាត់ទុកកិច្ចប្រជុំនោះថា “វិជ្ជមាន និងផលិតភាព”។
ចំណែករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាបាស់ អារ៉ាក់ឈី និយាយថា ការចរចានឹងប្រព្រឹត្តទៅដើម្បីកាត់បន្ថយការខ្វែងគំនិតគ្នារវាងភាគីនានា មុនពេលកិច្ចចរចាមួយផ្សេងទៀតកើតឡើងឆាប់ៗនេះ៕


ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា