ប្រាសាទ តាព្រហ្ម ជាទីពេញនិយម អ្នកទេសចរ ចូលកម្សាន្ត និង បង្កប់ទៅដោយជំនឿសាសនា

(សៀមរាប)៖ ប្រាសាទតាមព្រហ្មគឺស្ថិតនៅក្នុងចំណោមប្រាសាទបុរាណលើទឹកដីខេត្តសៀមរាប ដែលបង្ហាញពីស្នាដៃដ៏ល្អឯក នៃបុព្វបុរសខ្មែរ ។ ប្រាសាទដ៏អស្ចារ្យនេះក្នុងមួយថ្ងៃៗតែងទទួលភ្ញៀវទេសចរចូលកម្សាន្តយ៉ាងច្រើន ហើយអ្នកទេសចរតែងមិនភ្លេចចូលទស្សនាប្រាសាទដ៏អស្ចារ្យមួយនេះមិនសូវដែលខកខានសោះឡើយ។

ប្រាសាទតាព្រហ្មត្រូវបានសាងសង់ឡើងក្នុងអំឡុងឆ្នាំ១១៨៦ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ក្នុងគោលបំណងគោរព ទៅដល់ព្រះពុទ្ធសាសនាមហាយាន និងគោលបំណងឧទ្ធិសទៅដល់គុណព្រះមាតារបស់ព្រះអង្គក្រោមរូបភាពប្រាជ្ញាបារមីតា។

អ្នកស្រុកតែងហៅប្រាសាទនេះថា «តាព្រហ្ម» ជួនថា «បន្ទាយតាព្រហ្ម»ជាដើម។។ ការហៅថា «បន្ទាយតាព្រហ្ម» គឺសំដៅទៅលើប្រាសាទនេះមានកំពែងព័ទ្ធជុំវិញ។ រីឯការហៅថា «តាព្រហ្ម» ជាឈ្មោះដែលនិយមហៅឥឡូវ ហើយតាមការយល់របស់អ្នកស្រុក គឺសំដៅលើតាព្រហ្មដែលមានមុខបួន។ ប៉ុន្តែទោះជាយ៉ាងណា ក៏ប្រាសាទនេះមានឈ្មោះដើមជាភាសាសំស្ក្រឹតមួយដែរថា “រាជវិហារ” ។

លើសពីនេះទៀតប្រាសាទដ៏ល្អឯកមួយនេះ នៅមានក្បាច់ក្បូរចម្លាក់ដ៏ល្អវិចិត្រ គ្មានគូប្រៀបក្នុងលោកនេះឡើយ។គ្រប់ទីកន្លែងនៃតួប្រាសាទ សុទ្ធសឹងតែរំលេចទៅដោយចម្លាក់គួរជាទីចាប់អារម្មណ៍ទៅលើព្រេងនិទាន និងបង្កប់ទៅដោយអត្ថន័យវប្បធម៌ ប្រពៃណីរបស់ខ្មែរដ៏យូរលង់ដែលមនុស្សជំនាន់ក្រោយមិនអាចដឹងបាន។តាមរយៈស្នាដៃទាំងអស់នេះហើយ ទើបបានធ្វើឱ្យទេសចរខ្លះដែលបានមកទស្សនាច្រើនដងក្ដី តែក៏មិនចេះនឿយណាយក្នុងការមកដំណើរកម្សាន្តម្តងហើយម្តងទៀតឡើយ ។

ក្រៅពីប្រាសាទដ៏អស្ចារ្យមួយនេះ អ្វីដែលធ្វើឱ្យអ្នកទេសចរចាប់អារម្មណ៍មួយទៀតនោះគឺដើមឈើធំៗដែលដុះលម្អនោះគឺ ភាគច្រើនជាដើមស្ពង់។ដើមឈើខ្ពស់ៗដែលដុះលើប្រាសាទរាប់រយឆ្នាំមកនេះ បច្ចុប្បន្នបានក្លាយជាទីចាប់អារម្មណ៍ និងក៏ជាទីកន្លែងថតរូបភាពអនុស្សាវរីយ៍របស់អ្នកទេសចរយ៉ាងជាទីពេញនិយម។

ដោយឡែកអ្នកទេសចរដែលចូលកម្សាន្តប្រសាទនេះមិនភ្លេចមួយទៀតនោះគឺ តែងតែស្វែងរកប្រាង្គមួយដែលគេហៅថា «ប្រាសាទគក់ទ្រូង»។ប្រាសាទនេះកាលបើយើងឈរផ្អឹបជញ្ជាំង ហើយយកដៃគក់លើដើមទ្រូងនោះនឹងលាន់លឺសម្លេងខ្ទ័ររងំឡើង ម្ល៉ោះហើយទើបមានមនុស្សជាច្រើនកាលបើទៅដល់កន្លែងនេះទើបនាំគ្នាអធិដ្ឋាន ដោយគក់ទ្រូងដើម្បីបណ្តេញរាល់ចង្រៃឧបទ្រព បណ្តេញរាល់ជំងឺចង្រៃចេញពីខ្លួន ឬមិនដូច្នៃបួងសួងសុំសេចក្តីសុខជាដើម។

បើតាមលោកតាម្នាក់ឈ្មោះ មាន់ ដែលជាចាស់ទុំនៅស្រុកនេះ ហើយក៏តែងតែប្រាប់ដល់អ្នកទេសចរចូលមកកាន់ប្រាសាទនេះ បានឆ្លៀតប្រាប់អ្នកសារព័ត៌មានយើងថា ប្រាសាទគក់ទ្រូង មានអ្នកទេសចរមានជំនឿច្រើន ពិសេសខ្មែរយើងគេស្គាល់ច្រើនណាស់។ប្រាសាទនេះជាទីល្បីល្បាញនៅប្រាសាទតាព្រហ្ម និង ក៏ដូចជាប្រាសាទដទៃទៀតក្នុងទឹកដីខេត្តសៀមរាប។

ដោយឡែក លោក ផែន សុខ មន្រ្តីគ្រឹះស្ថានអង្គរដែលប្រចាំការនៅប្រាសាទតាព្រហ្មបានប្រាប់ឱ្យដឹងថាជារៀងរាល់ថ្ងៃមានអ្នកទេសចរទាំងក្នុងប្រទេស និងក្រៅប្រទេសចូលកម្សាន្តប្រាសាទតាមព្រហ្មច្រើនបើគេគិតជាចំនួននោះក្នុងមួយថ្ងៃៗរាប់រយនាក់ ហើយអំឡុងចូលឆ្នាំថ្មីកន្លងមកមានមនុស្សចូលទស្សនាចាប់ពី៣ពាន់នាក់ដល់ជាង ៧ពាន់នាក់ឡើយ ។

គួរបញ្ជាក់ថា តាមការស្រាវជ្រាវមួយចំនួនបង្ហាញថា ប្រាសាទតាព្រហ្មត្រូវបានសាងសង់ឡើងនៅក្នុងរាជព្រះបាទជយវរ្ម័ន-ទី៧ មានមុខងារជាសាសនដ្ឋានផងនិងជាមជ្ឈមណ្ឌលសិក្សាផង ។ ម្ល៉ោះហើយក្នុងបរិវេណប្រមាណ ៦០ហិកតា ប្រាសាទតាព្រហ្មក៏បានចាត់ទុកជាសាកលវិទ្យាល័យដ៏ធំមួយរបស់ខ្មែរនាយុគសម័យនោះ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner