បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បន្តយកចិត្តទុកបង្ក្រាបបទល្មើសធនធានធម្មជាតិ
កំពង់ធំ ៖ក្នុងកិច្ចប្រជុំនៅទីបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបន្តដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់កងកម្លាំង នៃបញ្ជាការដ្ឋានសឹករងកំពង់ធំ បន្តភារកិច្ចការពារទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ នៅតាមបណ្ដាគោលដៅនីមួយៗ ដូចភ្លៀងរលឹម ដោយគ្មានការដកថយឡើយ ទាំងបទល្មើសព្រៃឈើ និងបទល្មើសនេសាទ ។
រំលឹកទៅរកបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងការណែនាំ ដឹកនាំដោយផ្ទាល់ពីឯកឧត្តមអភិបាលខេត្តកំពង់ធំ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាល , ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា រយៈពេលមួយឆ្នាំកន្លងទៅនេះ កងកម្លាំង បានបំពេញភារកិច្ច ស្នូលជាមួយកងកម្លាំងចម្រុះ និងស្ថាប័នជំនាញពាក់ព័ន្ធ ក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ទទួលបានលទ្ធផលជោគជ័យ នូវការកាប់ទន្ទ្រាន ព្រៃឈើយកដីរដ្ឋធ្វើជាកម្មសិទ្ធិ ដោយកម្លាំងចម្រុះ ការពារទប់ស្កាត់បានទាំងស្រុង មិនឱ្យកើតមានជាថ្មី និងបានគ្រប់គ្រង ការពារផ្ទៃដី ដែលបានរកឃើញ ត្រូវបានក្រុមជនល្មើសលួចកាប់ទន្ទ្រាននាពេលកន្លងមក ជាង ៣,៥០០ ហិកតា ក្នុងនោះ កងទ័ពខេត្តកំពង់ធំ ក៏បានចូលរួមដាំស្ដារព្រៃឈើ ឡើងវិញបានជាង ៥ម៉ឺនដើម ផងដែរ ។
មេបញ្ជាការរូបនេះ ក៏បានបង្ហាញលទ្ធផលសំខាន់ៗ នៃការបង្ក្រាបបទល្មើសនេសាទ របស់កងកម្លាំង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសហការជាមួយកម្លាំងចម្រុះ រួមជាមួយស្ថាប័ន ជំនាញពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរដែនដី ពិសេស នៅតំបន់បឹងទន្លេសាប ដោយបានបង្ក្រាប នូវរាល់ឧបករណ៍ល្មើសនេសាទខុសច្បាប់ បានជាច្រើនករណី និងបានចាប់ឃាត់ខ្លួនជនប្រព្រឹត្តបទល្មើសជាក់ស្ដែងធ្ងន់ធ្ងរ បានកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕




ដោយ៖ ប៊ុន រដ្ឋា