លោក Trump អាចនឹងសម្រេចឈប់ចរចាសង្រ្គាមអ៊ុយក្រែន ក្នុងសប្តាហ៍នេះ

បរទេស៖ លោក Marco Rubio ប្រមុខកាទូតអាមេរិក បានអះអាងថា លោកប្រធានាធិបតី Donald Trump អាចនឹងសម្រេចចិត្ត ឈប់ចរចាសង្រ្គាមអ៊ុយក្រែន នៅក្នុងសប្តាហ៍នេះហើយ នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន The New York Times កាលពីថ្ងៃអាទិត្យ។

ការព្រមានដកខ្លួន បានធ្វើឡើង ស្របពេលបញ្ហាចម្រូងចម្រាស ដែលនៅមិនទាន់ឃើញមានសញ្ញាបញ្ចប់សង្គ្រាម រួមមាន ដូចជា ការទទូចរបស់រដ្ឋបាល Trump ដែលថា សហរដ្ឋអាមេរិកទទួលស្គាល់ Crimea ជាទឹកដីរបស់រុស្ស៊ី និងឲ្យរុស្ស៊ីកាន់កាប់លើទឹកដីភាគច្រើន នៅភាគខាងកើតអ៊ុយក្រែន ដែលយោធារបស់លោក ពូទីន រឹបអូស តាំងពីឆ្នាំ២០១៤ ជាដើម។

ជាមួយគ្នានេះ រុស្ស៊ីទើបបានបាញ់កាំជ្រួច និងយន្តហោះគ្មានមនុស្សបើក វាយប្រហារ ទៅលើទីក្រុងកៀវ កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន សម្លាប់មនុស្ស យ៉ាងតិច ១២នាក់ ដែលនាំឲ្យលោក Trump សម្តែងការមិនពេញចិត្ត ជាខ្លាំង ចំពោះទង្វើបែបនេះ។

ថ្លែងអំឡុងកម្មវិធី Meet the Press របស់ទូរទស្សន៍ NBC លោក Rubio បាននិយាយថា មានហេតុផលសុទិដ្ឋិនិយម ដែលអាមេរិកត្រៀមដកខ្លួនចេញពីការចរចា ហើយសប្តាហ៍នេះមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីយើងត្រូវធ្វើការប្តេជ្ញាចិត្តថា តើចង់បន្តពាក់ព័ន្ធ ឬ រដ្ឋបាល Trump ចង់ចំណាយពេលច្រើន លើបញ្ហាផ្សេងៗវិញ។

លោក Marco Rubio បញ្ជាក់ថា ការប្រឹងប្រែងរបស់អាមេរិក កន្លងមក អាចជិតសម្រេចជោគជ័យ តែ ក៏អាចបរាជ័យដែរ។ ប៉ុន្តែ លោក Marco Rubio មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែម អំពីការអស់ពេលធ្វើការ លើរឿងនេះទេ។

ការលើកឡើងពី ឱសានវាទ របស់រដ្ឋមន្ត្រីការបរទេសអាមេរិកបែបនេះ បានធ្វើឡើង ក្រោយពេលមួយថ្ងៃ ដែលលោកប្រធានាធិបតី Trump និង ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានឆ្លៀតជួបគ្នា ម្តងទៀត នៅឯព្រះរាជពិធីបុណ្យសប របស់សម្តេចប៉ាប ក្នុងប្រទេសអ៊ីតាលី៕

ប្រភពពី The New York Times ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner