រដ្ឋបាលលោក Trump បណ្តេញកុមារទាំងមានជំងឺមហារីកចេញពីអាមេរិក

បរទេស ៖ រដ្ឋបាល របស់លោកប្រធានាធិបតី Donald Trump បានសម្រេចបណ្តេញកុមារម្នាក់ ទាំងកំពុងមានជំងឺមហារីក ចេញពីសហរដ្ឋអាមេរិក បន្ទាប់ពីរងការចោទប្រកាន់ថា ជាជនអន្តោប្រវេសន៍រស់នៅ ដោយខុសច្បាប់ នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន CNN កាលពីថ្ងៃអាទិត្យ។

មេធាវី និងអង្គការតស៊ូមតិផ្នែកអន្តោប្រវេសន៍ បាននិយាយថា កុមារអាយុ៤ឆ្នាំ ដែលកំពុងទទួលការព្យាបាលជំងឺមហារីក មេតាស្តាត រូបនេះ ស្ថិតក្នុងចំណោមកុមារ ៣រូប ដែលមានសញ្ជាតិអាមេរិក ហើយត្រូវបាននិរទេស ជាមួយម្តាយ រៀងៗខ្លួន របស់ពួកគេ ទៅកាន់ប្រទេស ហុងឌូរ៉ាស កាលពីសប្តាហ៍មុន។

ក្នុងចំណោមនេះ ម្តាយម្នាក់ត្រូវនិរទេស ជាមួយកូនអាយុ២ឆ្នាំ ខណៈម្តាយម្នាក់ទៀត ត្រូវនិរទេស ជាមួយកូនអាយុ៤ និង ម្នាក់ទៀត ជាមួយកូន អាយុ៧ឆ្នាំ ដោយសារតែកង្វះឯកសាររស់នៅសហរដ្ឋអាមេរិក នេះបើតាមសេចក្តីប្រកាសព័ត៌មានរួមគ្នា របស់សហភាពសេរីភាពស៊ីវិលអាមេរិក និង គម្រោងអន្តោប្រវេសន៍ជាតិ កាលពីថ្ងៃសុក្រ ។

សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងដែរថា ពួកគេត្រូវបានចាប់ខ្លួន ក្នុងពេលដែលស្ត្រីៗជាម្តាយទាំងនោះ បានចូលរួមការប្រជុំ ជាប្រចាំ ជាមួយមន្ត្រីអន្តោប្រវេសន៍ នៅក្នុងរដ្ឋ Louisiana នេះបើយោងតាមមេធាវី និងកំណត់ត្រា របស់តុលាការ។

ក្រុមអ្នកតស៊ូមតិ របស់ក្រុមគ្រួសារ បាននិយាយថា ការបណ្តេញពួកគេ ចេញពីសហរដ្ឋអាមេរិក បញ្ជាក់ពីការព្រួយបារម្ភ អំពីកង្វះដំណើរការត្រឹមត្រូវ ចំពេលមានការបង្ក្រាបជនអន្តោប្រវេសន៍យ៉ាងចាស់ដៃ ពីសំណាក់រដ្ឋបាល របស់លោក Trump ។

លោកស្រី មេធាវី Gracie Willis បាននិយាយថា នេះគឺជាការព្រួយបារម្ភយ៉ាងខ្លាំង ដោយលោកស្រីអះអាងថា តាមរយៈញត្តិជំទាស់ ក្នុងសំណុំរឿង ដែលកំពុងដំណើរការ យើងកំពុងទាមទារឲ្យលុបចោលវិធានការបណ្តេញម្តាយ និងក្មេងៗ ទាំងនោះ៕

ប្រភពពី CNN ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner