ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជំរុញវិស័យសំខាន់ៗបី សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការ កម្ពុជា-រុស្ស៊ី

(ភ្នំពេញ)៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ Oksana Lut រដ្ឋមន្ត្រីក្រសួងកសិកម្ម នៃសហព័ន្ធរុស្ស៊ី បានធ្វើជាសហប្រធាន នៃកិច្ចប្រជុំលើកទី១១ នៃគណៈកម្មការ អន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកទេស (IGC) នៅថ្ងៃនេះ តាមរយៈប្រព័ន្ធវីដេអូ នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ។ គណៈប្រតិភូកម្ពុជា រួមមាន៖ តំណាង ជាន់ខ្ពស់មកពីក្រសួង និងស្ថាប័នពាក់ព័ន្ធសំខាន់ៗ ផងដែរ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន មានប្រសាសន៍ថា ក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី គឺត្រូវជំរុញឱ្យមានការពន្លឿន និងអនុវត្តឱ្យបានពេញលេញនូវកិច្ចព្រមព្រៀង/អនុស្សរណៈ ដែលបានចុះហត្ថលេខា ដើម្បីទាញយកអត្ថប្រយោជន៍ជាអតិបរមា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានលើកឡើងពីវិស័យ សំខាន់ៗចំនួន ៣ សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការ រួមមាន៖

-វិស័យពាណិជ្ជកម្ម និងការវិនិយោគ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអញ្ជើញថ្នាក់ដឹកនាំធុរកិច្ច សហគ្រិន និងអ្នកវិនិយោគរុស្ស៊ី មកស្វែងយល់ទីផ្សារកម្ពុជា ជាពិសេសក្នុងវិស័យដូចជាកសិកម្ម និងផលិតផលម្ហូបអាហារ។ ដើម្បីជំរុញឱ្យមានការទំនាក់ទំនងរវាងវិស័យធុរកិច្ច ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យភាគីទាំងពីរពិចារណារៀបចំវេទិកាធុរកិច្ច ឬពិព័រណ៍រួមគ្នា ដើម្បីជាវេទិកាសម្រាប់ការភ្ជាប់ទំនាក់ ទំនង ការផ្គូផ្គង និងការធ្វើអាជីវកម្មរួម។

-កិច្ចសហប្រតិបត្តិការលើវិស័យថាមពល និងឧស្សាហកម្ម ឯកឧត្តមសហប្រធានរបស់កម្ពុជា បានស្វាគមន៍ចំពោះបំណងរបស់រុស្ស៊ី ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗទាំងនេះ ហើយបានគូសបញ្ជាក់ថា ប្រទេសទាំងពីរអាចបង្កើនភាពជាដៃគូដែលមានស្រាប់ ដើម្បីប្រែក្លាយវិស័យ ទាំងនេះទៅជាក្បាលម៉ាស៊ីននៃវិបុលភាពរួមគ្នាយូរអង្វែង។

-កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន ឯកឧត្តមឧបនាយក រដ្ឋមន្ត្រី ប្រាក់ សុខុន បានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់រុស្ស៊ីដល់ដំណើរការអភិវឌ្ឍន៍នៅកម្ពុជា និងសម្រាប់អាហារូបករណ៍ដែលបានផ្តល់ជូននិស្សិតកម្ពុជា។

បន្ទាប់ពីការផ្លាស់ប្តូរទស្សនៈ និងការពិភាក្សាលើបញ្ហាជាច្រើននៃកិច្ចសហប្រតិបត្តិការទ្វេភាគី អង្គប្រជុំបានឯកភាពលើសកម្មភាពដែលត្រូវអនុវត្តដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួម ទាំងសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ថាមពល និងធនធានធម្មជាតិ ឧស្សាហកម្ម ដឹកជញ្ជូន បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន ហិរញ្ញវត្ថុ និងធនាគារ អប់រំ វប្បធម៌និងកីឡា សុខាភិបាល និងបរិស្ថាន។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ សហប្រធានទាំងពីរ បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំ គណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី លើកទី១១ ដែលជាឯកសារគោល ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រីកកិច្ចសហប្រតិបត្តិការកម្ពុជា-រុស្ស៊ីលើវិស័យនានា។

ភាគីទាំងពីរបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្ត របស់ខ្លួនក្នុងការជំរុញទំនាក់ទំនងប្រកបដោយភាពស្វាហាប់ និងឆ្ពោះទៅមុខដោយផ្អែកលើការទុកចិត្ត ការគោរពគ្នា និងផលប្រយោជន៍ទៅវិញទៅមក៕

ដោយ ៖ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner