សម្តេចធិបតី អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិ ៣ខ្សែ នៅភាគនិរតី
(ខេត្តតាកែវ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា អញ្ជើញជាអធិបតីពិធីសម្ពោធផ្លូវជាតិ ៣ខ្សែ ដែលមានតម្លៃ ១៨៨លានដុល្លារសហរដ្ឋអាម៉េរិក រួមមានផ្លូវជាតិលេខ៣១ ឆ្លងកាត់តាមភូមិសាស្ត្រ ខេត្ត តាកែវ និងខេត្តកំពត ផ្លូវជាតិលេខ៣៣ ឆ្លងកាត់តាមភូមិសាស្ត្រខេត្ត កំពត និងខេត្តកែប ផ្លូវជាតិលេខ៤១ ឆ្លងកាត់តាមភូមិសាស្ត្រខេត្ត កណ្តាល កំពង់ស្ពឺ តាកែវ ខេត្តកំពត នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ នៅស្រុកត្រាំកក់ ខេត្តតាកែវ។
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា សមិទ្ធផលថ្មី-ផ្លូវជាតិទាំង៣ខ្សែ ឆ្លងកាត់ភូមិសាស្ត្រខេត្តចំនួន៥ រួមមាន៖ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ កំពត និងខេត្តកែប ជាខ្សែផ្លូវប្រទាក់ក្រឡា និងតភ្ជាប់យ៉ាងសំខាន់ ពីតំបន់មួយទៅតំបន់មួយសម្រាប់បម្រើឱ្យសកម្មភាពសេដ្ឋកិច្ចសង្គម និងទេសចរណ៍នៅកម្ពុជា ។
ឯកឧត្តម ប៉េង ពោធិ៍នា បានបញ្ជាក់ថា ផ្លូវជាតិទាំង ៣ខ្សែនោះ រួមមាន៖ ១៖ ផ្លូវជាតិលេខ៣១ ប្រវែងសរុប ៥៣,៥៤ គីឡូម៉ែត្រ ចាប់ពីចំណុចបែកគុស (ផ្លូវជាតិលេខ៣) ដល់កំពង់ត្រាច (ផ្លូវជាតិលេខ៣៣) ជាប្រភេទបេតុងកៅស៊ូ AC (កម្រាស់៧ ស.ម) ទទឹង១២ម៉ែត្រ។ ២៖ ផ្លូវជាតិលេខ៣៣ ប្រវែងសរុប ៥២,៥៧គីឡូម៉ែត្រ ចាប់ពីខេត្តកំពត (ចំណុចប្រសព្វផ្លូវជាតិលេខ៣) ដល់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) ជាប្រភេទបេតុងកៅស៊ូ AC (កម្រាស់៧ ស.ម) ទទឹង១២ម៉ែត្រ។ ៣៖ ផ្លូវជាតិលេខ៤១ ប្រវែងសរុប ៩៥,២៧គ.ម ចាប់ពីថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ៤) ដល់ជុំគិរី (ចំណុចប្រសព្វផ្លូវជាតិលេខ៣) ជាប្រភេទបេតុងកៅស៊ូ AC (កម្រាស់៥ ស.ម) ទទឹង ១១ម៉ែត្រ ។
ផ្លូវជាតិទាំង ៣ខ្សែនេះ ត្រូវបានអនុវត្តការសាងសង់ ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និង ថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤០ខែដូចគ្នា នៅក្នុងផែនការ ប៉ុន្តែតាមការ អនុវត្តគម្រោងជាក់ស្តែង គឺបានបញ្ចប់ នៅដើមឆ្នាំ២០២៥ មុនផែនការកំណត់ ។ គម្រោងនេះ បានចំណាយថវិកាសរុបប្រមាណ ១៨៨លានដុល្លារអាម៉េរិក ក្នុងនោះ ផ្លូវជាតិលេខ៣១ ប្រមាណ ៦០លានដុល្លារអាម៉េរិក, ផ្លូវជាតិលេខ៣៣ ប្រមាណ ៦១លានដុល្លារអាម៉េរិក និងផ្លូវជាតិលេខ៤១ ប្រមាណ ៦៧លានដុល្លារអាម៉េរិក ដែលជាឥណទានសម្បទាន ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ ៕
ដោយ ៖ ស៊ូ វណ្ណលុក
រូពភាព ៖ វេង លីមហួត និង សួង ពិសិដ្ឋ













