សម្ដេចធិបតី ៖ ផ្លូវជាតិលេខ៣៣ ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៤១ គឺជាមូលដ្ឋានគ្រឹះ ក្នុងការបង្កើនការវិនិយោគ

(តាកែវ)៖ សម្ដេចនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សមិទ្ធផលផ្លូវជាតិលេខ៣៣ ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៤១ ប្រវែងសរុបជាង ២០០គ.ម គឺជាមូលដ្ឋានគ្រឹះ ក្នុងការបង្កើនការវិនិយោគនៅខេត្តតាកែវ ហើយអាចតភ្ជាប់ទៅដល់ខេត្តកំពត ខេត្តកែប រហូតដល់ខេត្តកោះកុងផងដែរ ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធផ្លូវជាតិ ៣ខ្សែ ដែលមានតម្លៃ ១៨៨លានដុល្លារសហរដ្ឋអាម៉េរិក រួមមាន៖ ផ្លូវជាតិលេខ៣១ ឆ្លងកាត់តាមភូមិសាស្ត្រ​ខេត្ត​តាកែវ និងខេត្តកំពត ផ្លូវជាតិលេខ៣៣ ឆ្លងកាត់តាមភូមិសាស្ត្រខេត្ត​កំពត និងខេត្តកែប ផ្លូវជាតិលេខ៤១ ឆ្លងកាត់តាមភូមិសាស្ត្រខេត្ត​កណ្តាល កំពង់ស្ពឺ តាកែវ ខេត្តកំពត នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ នៅស្រុកត្រាំកក់ ខេត្តតាកែវ ក្នុងនោះក៏មានការចូលរួមដោយឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាផងដែរ ។

សម្ដេចធិបតី បង្ហាញក្ដីសោមនស្សរីករាយ ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៣៣ ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៤១ ប្រវែងសរុបជាង ២០០គ.ម ខណៈក្នុងខែមេសានេះ កម្ពុជា-ចិន បានចូលរួមសម្ពោធសមិទ្ធផលជាច្រើនជាមួយគ្នា ក្នុងនោះ មានមូលដ្ឋានទ័ពជើងទឹករាម ផ្លូវជាតិនៅខេត្តត្បូងឃ្មុំ និងផ្លូវជាតិចំនួន ៣ខ្សែ នៅក្នុងខេត្តតាកែវ នេះ ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងចាត់ទុក ខ្សែផ្លូវជាតិទាំង៣ខ្សែនេះ គឺជាសរសៃឈាម សេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្តានុពល ដែលស្ថិតនៅក្នុងតំបន់ភាគកណ្តាល និងតំបន់ភាគនិរតី របស់កម្ពុជា ក្នុងនោះ ផ្លូវជាតិលេខ៣១ ឆ្លងកាត់តាមភូមិសាស្ត្រ ខេត្តតាកែវ និងខេត្តកំពត, ផ្លូវជាតិលេខ៣៣ បាន និងកំពុងបន្តជំរុញវឌ្ឍនភាពការងារលើគ្រប់វិស័យជាអាទិភាព និងបន្តសម្រេចបាននូវសមិទ្ធផលធំៗ ជាច្រើនបន្ថែមទៀត ជាពិសេស ការបន្តទាក់ទាញ ការវិនិយោគ និងទេសចរណ៍ រួមទាំងការបន្ត បង្កើនប្រសិទ្ធភាពនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនអន្តរ មធ្យោបាយ និងឡូជីស្លីក សំដៅរួមចំណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងទេសចរណ៍នៅកម្ពុជា ។

សម្ដេចនាយករដ្ឋមន្រ្ដី បានគូសបញ្ជាក់ថា ផ្លូវ គឺជាអាទិភាពទី២ ក្នុងយុទ្ធសាស្រ្ដរបស់រាជរដ្ឋាភិបាល តាំងពីអាណត្តិមុន រហូតមកដល់អាណត្តិទី៧នេះ ហើយផ្លូវ គឺជាសរសៃឈាមសេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្តានុពល ដូច្នេះ ការរៀបចំតភ្ជាប់ផ្លូវ គឺជាយុទ្ធសាស្រ្ដសំខាន់ណាស់ សម្រាប់ការពង្រាយសេដ្ឋកិច្ចនៅក្នុងសង្គមកម្ពុជា ។

សម្ដេចបន្ថែមថា ការតភ្ជាប់ផ្លូវ គឺជាការបើកផ្លូវ និងលើកកម្ពស់ជីវភាព សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ នៅមូលដ្ឋាន។ មានផ្លូវមានសង្ឃឹម មានផ្លូវ ផ្ដល់ឱកាសដល់ពលរដ្ឋអាចទាញយកផលនៅមូលដ្ឋាន ដូច្នេះទើបរាជរដ្ឋាភិបាល បានផ្ដល់អាទិភាពទី២ ក្នុងយុទ្ធសាស្រ្ដជាតិ ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងពីប្រាក់កម្ចី ដែលកម្ពុជា ខ្ចីបុលពីប្រភពមួយចំនួន គឺរាជរដ្ឋាភិបាល យកមកវិនិយោគលើការកសាងហេដ្ឋារចនាសម្ពន្ធតភ្ជាប់នានាដែលមានដូចជា៖ ស្ពាន និងផ្លូវជាដើម ដើម្បីជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន ។

សម្ដេចធិបតី បញ្ជាក់បន្ថែមថា កម្ចីទាំងនេះ គឺរាជរដ្ឋាភិបាល មិនយកមកប្រើខុសគោលដៅ អភិវឌ្ឍន៍ ឬយកមកបើកប្រាក់ខែជូនមន្ត្រីរាជការ គ្រប់ប្រភេទនោះឡើយ ។ សម្ដេច អះអាងថា សព្វថ្ងៃ ប្រាក់ខែមន្ត្រីរាជការ គឺរាជរដ្ឋាភិបាល យកចំណូល ដែលបានមកពីពន្ធនានា បើកជូនមន្ត្រីរាជការទាំងនោះ ខណៈនៅឆ្នាំ២០២៥ នេះ ពន្ធគយទទួលបាន ចំណូលជិត ២០លានដុល្លារក្នុង ១ថ្ងៃ ។ ចំណូលពន្ធគយមួយចំនួន បានមកពីពលរដ្ឋ ទិញរថយន្តលក្ខណៈគ្រួសារ យកទៅប្រើប្រាស់ ដោយប៉ុន្មានឆ្នាំចុងក្រោយនេះ កំណើនក្នុងការទិញ រថយន្តជាលក្ខណៈគ្រួសារ ពីសំណាក់ប្រជាពលរដ្ឋ មានការកើនឡើងច្រើន ។ នេះបញ្ជាក់ឱ្យឃើញថា ពលរដ្ឋកម្ពុជា បន្តមានជីវភាពធូរធារ ហើយកម្ពុជា ក៏បន្តមានកំណើនសេដ្ឋកិច្ចផងដែរ ៕

ដោយ ៖ ស៊ូ វណ្ណលុក
រូពភាព ៖ វេង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner