សម្ដេចធិបតី ៖ ជីវិតពលរដ្ឋត្រូវការ ៣សំខាន់ គឺ​​ សុខភាព ចំណេះដឹង និងជីវភាពរស់នៅប្រចាំថ្ងៃ

(តាកែវ)៖ ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៣១, ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ ដែល​តភ្ជាប់ភូមិសាស្ត្រខេត្តតាកែវ,​ កំពត, កណ្តាល, កំពង់ស្ពឺ និង​ កែប និងជាហេដ្ឋា​រចនាសម្ព័ន្ធសេដ្ឋកិច្ចដ៏សំខាន់ ឆ្ពោះ​ទៅកាន់ បណ្តាគោលដៅផ្សេងៗ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ជីវិតប្រជាពលរដ្ឋត្រូវការ ៣សំខាន់ គឺ សុខភាព, ចំណេះដឹង និងជីវភាព​រស់នៅប្រចាំថ្ងៃ ដូចនេះទើប​រាជរដ្ឋាភិបាល បានដាក់ចេញ នូវវិធានការគន្លឹះចំនួន ៥ ដើម្បីលើកកម្ពស់​តម្រូវការស្នូលទាំង ៣នេះ សំដៅធានាបំពេញសេចក្តីត្រូវការ និងការអភិវឌ្ឍប្រកបដោយចីរភាព និងប្រសិទ្ធភាព ។ រាជរដ្ឋាភិបាល ក៏បានបើកចំហក្នុងការធ្វើពាណិជ្ជកម្ម ជាមួយគ្រប់បណ្តា​ប្រទេសទាំងអស់ ខិតខំទាញយកពីគ្រប់សក្កានុពលទាំងក្នុង និងក្រៅប្រទេស ដើម្បីបន្តជំរុញការ​អភិវឌ្ឍ និងការពារនូវអ្វីៗដែលមានស្រាប់ និងបន្តឆ្ពោះទៅមុខបន្ថែមទៀត ។

សម្ដេចធិបតី បានបន្តថា ការវិនិយោគលើការ កសាងផ្លូវ-ថ្នល់, ស្ពាន ជាជម្រើស​ដ៏​ត្រឹមត្រូវបំផុត ក្នុងការចែករំលែកភាគលាភនៃការរីកចំរើនទៅដល់ប្រជាពលរដ្ឋពិតប្រាកដ និងស្មើ​ភាព ។ បច្ចុប្បន្ន ​យើងទទួលបានមនុញ្ញផល ជាផ្លែផ្កា នៃផ្ការីក នៃចលនាកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍពីខេត្តមួយ ទៅខេត្តមួយ ដើម្បីលើកកម្ពស់កម្រិតជីវភាពប្រជាជនកាន់តែល្អប្រសើរ ។

សម្តេច បញ្ជាក់ថា អ្នកដែល បានផលពីការអភិវឌ្ឍនេះ គឺប្រជាពលរដ្ឋផ្ទាល់នៅក្នុងខេត្ត, អ្នកឆ្លងកាត់ និងធ្វើដំណើរធុរកិច្ច ហើយបានប្រែក្លាយកម្ពុជា ជាគោលដៅវិនិយោគ និងទេសចរណ៍កាន់តែច្រើន ដើម្បីទាញផលមកជូន​ប្រជាពលរដ្ឋនៅមូលដ្ឋាន ពោល គឺការពង្រាយនូវការអភិវឌ្ឍឱ្យបានគ្រប់ទីកន្លែង ។

សម្តេចនាយករដ្ឋមន្ត្រី បានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋ ដែល​ប្រើ​ប្រាស់ផ្លូវ-ថ្នល់ សូមគោរពច្បាប់ចរាចរណ៍ និងបើកបរ​ ដោយមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីបង្ការគ្រោះ​ថ្នាក់ចរាចរណ៍នានាជាយថាហេតុ ។​ ផលរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ ជាឃាតករ ដែលសម្លាប់ប្រជាពលរដ្ឋ​លាក់មុខយ៉ាងសកម្ម បន្ទាប់ពីសង្គ្រាមដែលយើងបានឆ្លងកាត់ ហើយផ្តល់ការខាតបង់យ៉ាងច្រើន លើការខូចខាត ទាំងការចំណាយលើការព្យាបាល ការជួសជុលមធ្យោបាយដែលខូចខាត ក៏ដូចជា​ហេដ្ឋារចនាសម្ព័ន្ធផងដែរ ។

សម្តេចធិបតី ក៏បានបញ្ជាក់ទៅដល់​រដ្ឋបាលខេត្ត ដែលពាក់ព័ន្ធ ក្រោយទទួលបានសមិទ្ធផលនេះ ត្រូវខិតខំបង្កលក្ខណៈ ជំរុញ និង​សម្របសម្រួល ដល់ការអភិវឌ្ឍ ការវិនិយោគឱ្យកាន់តែខ្ពស់បន្ថែមទៀត ដោយប្តូរពីទស្សនៈ «គេមកវិនិយោគក្នុងខេត្តខ្ញុំបានអ្វី» មកជា «ប្រជាពលរដ្ឋយើងនឹងទទួលបានអ្វីពីការអភិវឌ្ឍ និងការ​វិនិយោគ» ហើយកត្តាអាទិភាពបំផុតនោះ គឺការជំរុញ «ការផ្តល់សេវាឱ្យល្អបំផុត រហ័ស និង​ជឿ​ទុកចិត្ត» ៕

ដោយ ៖ ស៊ូ វណ្ណលុក
រូពភាព ៖ វេង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner