សម្ដេចធិបតី៖ បើ ៤០ឆ្នាំមកនេះ កម្ពុជា គ្មានការរីកចម្រើនសោះ ខ្ញុំមិនចាំបាច់ ធ្វើនាយករដ្ឋមន្ដ្រីទៀតទេ

(តាកែវ)៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ​បាន​ថ្លែងបញ្ជាក់​ថា ​គិត​ពី​ឆ្នាំ​៨០​ជាង ​មក​ទល់​ពេល​បច្ចុប្បន្ន នៅ​មាន​ភូមិ​ស្រុក​ណាមួយ គ្មាន​ការ​អភិវឌ្ឍ ។ សម្តេច ​​មិន​ជឿ​សោះ និងថា សម្ដេចមិនបាច់​ធ្វើ​នាយក​រដ្ឋមន្ត្រី​ទៀត​ក៏​បាន​ដែរ ប្រសិនបើ ៤០ឆ្នាំមកនេះ កម្ពុជា គ្មានការ​អភិវឌ្ឍរីកចម្រើន​អ្វី​សោះ​ ។ ផ្ទុយទៅវិញ នៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា សុទ្ធតែត្រូវបាន រាជរដ្ឋាភិបាល យកចិត្ដទុកដាក់អភិវឌ្ឍន៍ ហើយការអភិវឌ្ឍ មិនមែនរីកចម្រើនតែនៅភ្នំពេញនោះទេ ពោល គឺនៅគ្រប់កន្លែងនៃប្រទេសកម្ពុជាតែម្ដង ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធផ្លូវជាតិ ៣ខ្សែ ដែលមានតម្លៃ ១៨៨លានដុល្លារសហរដ្ឋអាម៉េរិក រួមមាន៖ ផ្លូវជាតិលេខ៣១ ឆ្លងកាត់តាមភូមិសាស្ត្រ​ខេត្ត​តាកែវ និងខេត្តកំពត ផ្លូវជាតិលេខ៣៣ ឆ្លងកាត់តាមភូមិសាស្ត្រខេត្ត​កំពត និងខេត្តកែប ផ្លូវជាតិលេខ៤១ ឆ្លងកាត់តាមភូមិសាស្ត្រខេត្ត​កណ្តាល កំពង់ស្ពឺ តាកែវ ខេត្តកំពត នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ នៅស្រុកត្រាំកក់ ខេត្តតាកែវ ក្នុងនោះក៏មានការចូលរួមដោយឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាផងដែរ ។

សម្តេច​​ធិ​បតី បាន​គូសបញ្ជាក់​ថា​៖ រយៈពេល ​៤០​ឆ្នាំ​មកនេះ កា​រវិ​ភិ​វ​ឌ្ឍ​អ្នក​ណា​ថា ខេត្តតាកែវ​នេះ ក្រ​ទៅ​ៗ ខ្ញុំ​ហ៊ាន​ភ្នាល់ រើស​គ្រប់​ខេត្ត​ទៅ ឱ្យទៅ​កន្លែង​ណា​ក៏​ដោយ ទៅ​ចង្អុលបង្ហាញ​ឱ្យ​ខ្ញុំ ភូមិ​ណា​ក៏​ដោយនៅ​ខេត្តតាកែវ​ឥឡូវនេះ ស្រុក​ណា​ក៏​ដោយ នៅ​ខេត្តតាកែវ ​ឱ្យមក​ចង្អុល​ឱ្យ​ខ្ញុំ​មើល បើ​ប្រៀបធៀប​ពី​ជំនាន់​៨០ មក​ឥឡូវ ​គ្មាន​ការ​រីក​ចម្រើន ខ្ញុំ​គិត​ថា យើង​មិនបាច់​ធ្វើ​នាយក​រដ្ឋ មន្ត្រី​ទៀត​ក៏​បាន​ដែរ ​។

ជាមួយ​គ្នា​នេះ​ សម្តេច​ធិ​បតី ហ៊ុន ម៉ាណែត ​បានថ្ឡែងទៀត​ថា ពិត​ណាស់​ តម្រូវការ​នៅ​តែ​មាន ប៉ុន្តែ​ប្រសិនបើ​គិត​ថា កម្ពុជា ​រីក​ចម្រើន​តែ​នៅ​ភ្នំពេញ កន្លែង​ផ្សេង​ទៀត​គ្មាន​ការ​អភិវឌ្ឍ​សោះតែ​ម្តង ឬ​ភូមិ​ណាមួយ​ គ្មាន​ការ​អភិវឌ្ឍ​សោះ​នោះ ក៏សម្តេច​មិន​ជឿដែរ ​៕

ដោយ ៖ ស៊ូ វណ្ណលុក
រូពភាព ៖ វេង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner