សម្ដេចធិបតី អំពាវនាវឱ្យវិស័យឯកជន មកវិនិយោគនៅទិសនិរតី ដើម្បីកំណើនសេដ្ឋកិច្ច និងទាញយកផលចំណេញសម្រាប់ក្រុមហ៊ុន
(តាកែវ)៖ ក្នុងពិធីសម្ពោធផ្លូវជាតិ ៣ខ្សែ ដែលមានតម្លៃ ១៨៨លានដុល្លារសហរដ្ឋអាម៉េរិក រួមមាន៖ ផ្លូវជាតិលេខ៣១ ឆ្លងកាត់តាមភូមិសាស្ត្រខេត្តតាកែវ និងខេត្តកំពត ផ្លូវជាតិលេខ៣៣ ឆ្លងកាត់តាមភូមិសាស្ត្រខេត្តកំពត និងខេត្តកែប ផ្លូវជាតិលេខ៤១ ឆ្លងកាត់តាមភូមិសាស្ត្រខេត្តកណ្តាល កំពង់ស្ពឺ តាកែវ ខេត្តកំពត នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ នៅស្រុកត្រាំកក់ ខេត្តតាកែវ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវ ឱ្យវិស័យឯកជន ធុរកិច្ច ចាប់អារម្មណ៍ ទាញយកសក្តានុពលពីផ្លូវនៅទិសនិរតីនេះ ដែលយើងបានធ្វើ ដើម្បីធ្វើការវិនិយោគ បង្កើនផលចំនេញដល់ក្រុមហ៊ុន និងបង្កើតការងារ ជូនប្រជាពលរដ្ឋ តាំងពីពេលនេះ និងទៅអនាគត់ ។
សម្តេចធិបតី បានបន្តថា ការកសាងផ្លូវទូរគមនាគមន៍ មិនមែនតែធ្វើផ្លូវថ្នល់នោះទេ ផ្លូវដែក ក៏យើងធ្វើដែរ ហើយសម្រាប់ផ្លូវដែក យើងនឹងពង្រឹងបន្ថែមទៀត ។ ជាមួយគ្នានោះ ផ្លូវទឹក មានព្រែកជីក ដែលកាត់តាមខេត្តកណ្តាល កំពង់ស្ពឺ តាកែវ និងខេត្តកំពត ក៏សូមឱ្យគិតគូរ ទាញយកសក្តានុពលសម្រាប់វិនិយោគឱ្យបានរួចរាល់ជាមុន ទាញយកសក្តានុពល ដើម្បីធ្វើយ៉ាងណាចូលរួមជាមួយរដ្ឋាភិបាល ។
សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានត្រឹមតែបង្ករលក្ខណៈឱ្យងាយស្រួលនោះទេ តែមិនបង្ខិតបង្ខំនោះឡើយ ។ រាជរដ្ឋាភិបាល បានត្រឹមតែជួយបង្ករលក្ខណៈឱ្យប្រជាពលរដ្ឋ និងវិស័យឯកជន ធុរកិច្ច ស្វែងយល់ពីសក្តានុពល វិនិយោគដោយខ្លួនឯង ហើយសូមចាប់អារម្មណ៍ មកវិនិយោគនៅទិសនិរតី ដែលជាខេត្តមានសក្តានុពល ដើម្បីកំណើនសេដ្ឋកិច្ច និងទាញយកផលចំនេញសម្រាប់ក្រុមហ៊ុន ទាំងក្នុង និងក្រៅប្រទេស ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ធ្វើផ្លូវហើយមិនមានមនុស្សដើរ ក៏មិនកើតដែរ ធ្វើផ្លូវហើយអត់មានអ្នកវិនិយោគមកប្រើប្រាស់ទាញយកផលប្រយោជន៍ ក៏យើងមិនសូវបាន សក្តានុពលដែរ ដូច្នេះ រដ្ឋ បន្តលើកទឹកចិត្ត និងស្នើឱ្យតាមបណ្តាខេត្ត ស្រុក នៅទិសនិរតីនេះ ខិតខំទាក់ទាញវិនិយោគិនយកធ្វើការវិនិយោគឱ្យបានច្រើនបន្ថែមទៀត ៕








ដោយ ៖ ស៊ូ វណ្ណលុក
រូពភាព ៖ វេង លីមហួត និង សួង ពិសិដ្ឋ