សម្តេចធិបតី៖​ ជីវិតប្រជាពលរដ្ឋត្រូវការ៣សំខាន់​ គឺសុខភាព ចំណេះដឹង និងជីវភាពរស់នៅប្រចាំថ្ងៃ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៣១, ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ ដែល​តភ្ជាប់ភូមិសាស្ត្រខេត្តតាកែវ,​ កំពត, កណ្តាល, កំពង់ស្ពឺ និង​កែប និងជាហេដ្ឋា​រចនាសម្ព័ន្ធសេដ្ឋកិច្ចដ៏សំខាន់មួយទៀត ឆ្ពោះ​ទៅកាន់បណ្តាគោលដៅផ្សេងៗ នាព្រឹកថ្ងៃអង្គារ ទី២៩ ខែមេសា ឆ្នាំ២០២៥ ថា ជីវិតប្រជាពលរដ្ឋត្រូវការ៣សំខាន់ គឺសុខភាព, ចំណេះដឹង និងជីវភាព​រស់នៅប្រចាំថ្ងៃ ដូចនេះទើប​រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការគន្លឹះចំនួន៥ ដើម្បីលើកកម្ពស់​តម្រូវការស្នូលទាំង៣នេះ សំដៅធានាការបំពេញសេចក្តីត្រូវ និងការអភិវឌ្ឍប្រកបដោយចីរភាព និងប្រសិទ្ធភាព។ រាជរដ្ឋាភិបាលក៏បានបើកចំហក្នុងការធ្វើពាណិជ្ជកម្មជាមួយគ្រប់បណ្តា​ប្រទេសទាំងអស់ ខិតខំទាញយកពីគ្រប់សក្កានុពលទាំងក្នុង និងក្រៅប្រទេស ដើម្បីបន្តជំរុញការ​អភិវឌ្ឍ និងការពារនូវអ្វីៗដែលមានស្រាប់ និងបន្តឆ្ពោះទៅមុខបន្ថែមទៀត។

បន្ថែមពីនេះ, សម្តេចធិបតី បានគូសបញ្ជាក់អំពីសារសំខាន់នៃការអភិវឌ្ឍលើផ្លូវ-ថ្នល់ ដែលជាអាទិភាពទី២ ក្នុងចំណោមអាទិភាពទាំង៥ របស់រាជរដ្ឋាភិបាល ក្នុងការយកចិត្តទុកដាក់ និងជំរុញការវិនិយោគ។ ផ្លូវ-ថ្នល់ ជាសរសៃឈាមយ៉ាងសំខាន់ ប្រៀបបានទៅនឹង​សរសៃ​ឈាមក្នុងខ្លួនមនុស្ស ដែលធានាដល់ភាពរស់នៅប្រចាំថ្ងៃ។ ដូចនេះ ការវិនិយោគលើការកសាងផ្លូវ-ថ្នល់, ស្ពាន ជាជម្រើស​ដ៏​ត្រឹមត្រូវបំផុតក្នុងការចែករំលែកភាគលាភនៃការរីកចម្រើនទៅដល់ប្រជាពលរដ្ឋពិតប្រាកដ និងស្មើ​ភាព។ បច្ចុប្បន្ននេះ,​យើងទទួលបានមនុញ្ញផល ជាផ្លែផ្កានៃផ្ការីកនៃចលនាកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍពីខេត្តមួយទៅខេត្តមួយ ដើម្បីលើកកម្ពស់កម្រិតជីវភាពប្រជាជនកាន់តែល្អប្រសើរ។ សម្តេចធិបតី បានបញ្ជាក់ផងដែរថា អ្នកដែលបានផលពីការអភិវឌ្ឍនេះ គឺប្រជាពលរដ្ឋផ្ទាល់នៅក្នុងខេត្ត, អ្នកឆ្លងកាត់ និងធ្វើដំណើរធុរកិច្ច ហើយបានប្រែក្លាយកម្ពុជា ជាគោលដៅវិនិយោគ និងទេសចរណ៍កាន់តែច្រើន ដើម្បីទាញផល មកជូន​ប្រជាពលរដ្ឋនៅមូលដ្ឋាន ពោលគឺការពង្រាយនូវការអភិវឌ្ឍឱ្យបានគ្រប់ទីកន្លែង។

មុននឹងបញ្ចប់, សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ដែល​ប្រើ​ប្រាស់ផ្លូវ-ថ្នល់ សូមគោរពច្បាប់ចរាចរណ៍ និងបើកបរ​ ដោយមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីបង្ការគ្រោះ​ថ្នាក់ចរាចរណ៍នានា ជាយថាហេតុ។​ ផលរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ ជាឃាតករដែលសម្លាប់ប្រជាពលរដ្ឋ​លាក់មុខយ៉ាងសកម្ម​បន្ទាប់ពីសង្គ្រាមដែលយើងបានឆ្លងកាត់ ហើយផ្តល់ការខាតបង់យ៉ាងច្រើនលើ​ការខូចខាតទាំងការចំណាយលើការព្យាបាល ការជួសជុលមធ្យោបាយដែលខូចខាត ក៏ដូចជា ហេដ្ឋារចនាសម្ព័ន្ធផងដែរ។ ជាមួយគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ទៅដល់​រដ្ឋបាលខេត្តដែលពាក់ព័ន្ធ ក្រោយទទួលបានសមិទ្ធផលថ្ងៃនេះ ត្រូវខិតខំបង្កលក្ខណៈ ជំរុញ និង​សម្របសម្រួលដល់ការអភិវឌ្ឍ ការវិនិយោគឱ្យកាន់តែខ្ពស់បន្ថែមទៀត ដោយប្តូរពីទស្សនៈ ” គេមកវិនិយោគក្នុងខេត្តខ្ញុំបានអ្វី” មកជា “ប្រជាពលរដ្ឋយើងនឹងទទួលបានអ្វីពីការអភិវឌ្ឍ និងការ​វិនិយោគ” ហើយកត្តាអាទិភាពបំផុតនោះ គឺការជំរុញ “ការផ្តល់សេវាឱ្យល្អបំផុត រហ័ស និង​ជឿ​ទុកចិត្ត”៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកផេកសម្តេចធិបតី ហ៊ុន ម៉ាណែត

ads banner