Trump ចង់បន្ធូរបន្ថយពន្ធនាំចូលរថយន្តវិញ

បរទេស ៖ ប្រព័ន្ធផ្សព្វផ្សាយ អាមេរិកបានរាយការណ៍ កាលពីថ្ងៃចន្ទថា ប្រធានាធិបតី Donald Trump បានយល់ព្រមបន្ធូរបន្ថយពន្ធ លើការនាំចូលរថយន្តវិញ បន្ទាប់ពីក្រុមហ៊ុននានាផលិតឡានអាមេរិក ទទួលរងការប៉ះពាល់ ជាច្រើន។

ការផ្លាស់ប្តូរនេះ កើតឡើង នៅមុនពេលការជួបជុំ របស់លោក Trump ដែលគ្រោងធ្វើ នៅយប់ថ្ងៃអង្គារនេះ នៅជិតទីក្រុង Detroit ដើម្បីប្រារព្ធខួប ១០០ថ្ងៃដំបូង របស់លោកប្រធានាធិបតី
នៅក្នុងមុខតំណែង។

ការផ្លាស់ប្តូរនេះ មានន័យថា ក្រុមហ៊ុនដែលបង់ពន្ធ២៥ភាគរយ លើការនាំចូលរថយន្ត នឹងមិនបង់ពន្ធថែមផ្សេងទៀត ដូចជា ដែកថែប និងអាលុយមីញ៉ូមនោះទេ នេះបើយោងតាមកាសែត The Wall Street Journal ដែលបានចេញផ្សាយ ជាលើកដំបូង អំពីការផ្លាស់ប្តូរនេះ។

សារព័ត៌មាន The Journal ដោយដកស្រង់ប្រភព មិនបញ្ចេញឈ្មោះ បាននិយាយថា រដ្ឋបាលលោក Trump ក៏កំពុងអនុញ្ញាតឱ្យមានការទូទាត់សងមួយចំនួន លើគ្រឿងបន្លាស់រថយន្តបរទេស ដោយគេដឹងថា ជាការយកពន្ធលើគ្រឿងបន្លាស់ឡាន ត្រូវបានគេសន្មត់ថា នឹងចូលជាធរមាន នៅថ្ងៃទី៣ ខែឧសភា។

ក្រុមហ៊ុនផលិតរថយន្ត របស់អាមេរិក បានស្ថិតក្នុងចំណោមវិស័យ ដែលរងគ្រោះខ្លាំងជាងគេ ដោយសារពន្ធគយ ប៉ះពាល់ដល់ការនាំចូលពីម៉ិកស៊ិក និងកាណាដា។

ក្រុមអ្នកវិភាគ បានព្រមានថា ពន្ធគយនេះអាចបណ្តាលឱ្យតម្លៃរថយន្ត នៅសហរដ្ឋអាមេរិក កាន់តែខ្ពស់ និងគំរាមកំហែង ដល់ការងារជាច្រើន៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner