ឯកឧត្តម សរ សិទ្ធិ៖ មកដល់ពេលនេះសម្រាប់កីឡាទូក ចូលរួមប្រកួតនៅអន្តរជាតិ គ្មានពាក្យថាដកស្រង់បទពិសោធន៍ទៀតនោះទេ
(ភ្នំពេញ)៖ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ដឹកនាំដោយ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ជាអនុប្រធានទី២សហព័ន្ធ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូនិងរ៉ូអ៉ីងកម្ពុជា បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១ និងប្រជុំប្រចាំខែ មេសា ឆ្នាំ២០២៥ ។
កិច្ចប្រជុំនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមផ្ទាល់ និងតាមប្រព័ន្ធបច្ចេកវិទ្យា Zoom Meeting ពីសំណាក់គណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាទូកកានូនិងរ៉ូអ៉ីងកម្ពុជា តាមបណ្តាក្រសួង រាជធានី ខេត្ត ។
បន្ទាប់ពីការលើកឡើងនូវរបាយការណ៍ ការងារត្រីមាសទី១ និងការងារ ខែមេសា សកម្មភាពអនុវត្ត និងបញ្ហាប្រឈមមួយចំនួនក្នុងសកម្មភាពហ្វឹកហាត់ នៃដំណើរឆ្ពោះឈានទៅរកសក្កានុពល ដោយ ឯកឧត្តម បណ្ឌិត មាស សារិន អគ្គលេខាធិការសហព័ន្ធ និងលោក គង់ សុភាព អគ្គលេខាធិការរងសហព័ន្ធ ក្នុងនោះ កញ្ញា មាសតឿ អគ្គហិរញ្ញឹកសហព័ន្ធក៏បានរាយការណ៍អំពីចំណូល និងចំណាយ នានា ក្នុងត្រីមាសទី១ និងការចំណាយក្នុងខែមេសា រួចមក ឯកឧត្តម សរ សិទ្ធិ អនុប្រធានទី២សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា បានថ្លែងអំណរគុណដល់ឯកឧត្តម លោកជំទាវ គណៈកម្មាធិការប្រតិបត្តិសហព័ន្ធទាំងអស់ ដែលបានផ្តល់ជូននូវថវិកាឧបត្ថម្ភសម្រាប់ជួយទ្រទ្រង់ការចំណាយចំបាច់របស់សហព័ន្ធ និងចំណាយពេលវេលាដ៏មានតម្លៃចូលរួមក្នុងកិច្ចប្រជុំការងារត្រីមាសទី១ និងការងារក្នុងខែមេសាឆ្នាំ២០២៥នេះ ។
ឯកឧត្តម បានណែនាំ និងផ្តល់អនុសាសន៍ ជូនដល់ ឯកឧត្តមបណ្ឌិត មាស សារិន អគ្គលេខាធិការសហព័ន្ធ សូមជួយពិនិត្យមើលលទ្ធផល ក្នុងការទៅចូលរួមព្រឹត្តិការណ៍ប្រកួតជាលក្ខណៈអន្តរជាតិនានា ដូចជាព្រឹត្តិការណ៍ប្រកួតកីឡាទូកនាគពិភព WORLD GAME នៅសាធារណរដ្ឋប្រជាមានិតចិនជាដើម ។
សូមទំនាក់ទំនងឱ្យបានស្អិតរមួតជាមួយភាគីចិន ដើម្បីធ្វើការស្នើរសុំភាគីចិន ជួយផ្តល់ការគាំទ្រលើការធ្វើដំណើរ ស្នាក់នៅ និងហូបចុករបស់អត្តពលិកទូកកម្ពុជា យើងក្នុងពេលទៅចូលរួមការប្រកួត បើគេជួយគឺជាការសម្រាលបន្ទុកចំណាយរបស់សហព័ន្ធ ។ ចំពោះការប្រកួតនៅក្រៅប្រទេសមួយចំនួនដែរមិនចាំគួរកុំចូលរួម ដោយយើងពិនិត្យនិងបង្វែយកថវិកាដែលត្រូវចំណាយលើការប្រកួតទាំងនោះ យកមកប្រើប្រាស់សម្រាប់ ទិញដូចជាសម្ភារហ្វឹកហាត់ជាប្រចាំ ជូនដល់ កីឡាករ កីឡាការិនី ទូកដែលសហព័ន្ធកំពុងតែកង្វះខាត។
មួយវិញទៀត ត្រូវពិនិត្យមើល ការចូលរួមប្រកួតនៅក្រៅប្រទេសសូមពិនិត្យមើលយកតែព្រឹត្តិការណ៍ណាចាំបាច់ ចាំបញ្ជូនអត្តពលិកយើងទៅចូលរួម ព្រោះ រាល់ការចេញទៅរបស់អត្តពលិកយើងត្រូវដឹកជញ្ជូនយកទៅទាំងសម្ភារប្រកួតធ្វើឱ្យការចំណាយមានទំហំធំ ហើយក៏ត្រូវស្វែងរកអំពីលទ្ធផលទទួលមេដាយក្នុងការប្រកួតនោះផងដែរ។ឯកឧត្តម បានពន្យល់ទៀតថា សម្រាប់ការចូលរួមប្រកួតនៅក្រៅប្រទេសមកដល់ពេលនេះ សម្រាប់កីឡាទូកយើងទៅគឺយកមេដាយ គ្មានពាក្យថា ទៅយកបទពិសោធន៍ទៀតនោះទេ ។ដូច្នោះ យើងជ្រើសរើសយកការចូលរួមណាដែលយើងគិតថា អាចមានលទ្ធភាពនាំយកមេដាយជូនជាតិបាន ទាំងនេះជាការចំនេញសម្រាប់សហព័ន្ធ។
ពាក់ព័ន្ធការជ្រើសរើសថ្នាលបន្តវេន ឯកឧត្តម សរ សិទ្ធិ ក៏បានស្នើសុំដល់ ឯកឧត្តម លោកជំទាវ អភិបាលរាជធានី ខេត្ត ទាំងអស់ ដែលជាសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ មេត្តាជួយសម្របសម្រួល និងបំផុសឱ្យយុវជនក្នុងខេត្តរបស់ខ្លួន ងាកនាំគ្នាចូលរួមលេងកីឡាទូកឱ្យបានច្រើន ដើម្បីជ្រើសរើសបានយុវជនមានឧបនិស្ស័យមកហ្វឹកហាត់ត្រៀមកីឡាយុវជនអូឡាំពិកអាស៊ីឆ្នាំ២០២៩ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។ ខណៈសហព័ន្ធនូវពេលខាងមុខនេះ គ្រោងបង្កើតកម្មវិធីបោះជំរុំហ្វឹកហាត់តាមបណ្តាខេត្ត ដែលជាការផ្តល់ឱកាសឱ្យយុវជនបានចូលរួម ក្នុងនោះមានការហ្វឹកហាត់និងការប្រកួតមួយចំនួនផងដែរ។
ទន្ទឹមនិងនោះ ឯកឧត្តម បានណែនាំបន្ថែម ដល់ ឯកឧត្តមអគ្គលេខាធិការសូមជួយទំនាក់ទំនងឱ្យបានស៊ីជម្រៅជាមួយក្រសួងអប់រំយុវជននិងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាក្នុងការស្នើសុំបញ្ជូនកីឡាករកីឡាការិនីវ័យក្មេងទៅហ្វឹកហាត់វគ្គបំប៉នសមត្ថភាពនៅសាធារណរដ្ឋប្រជាមានិតចិត្តរយៈពេលវែង ហើយ កីឡាករកីឡាការិនីដែលយើងបញ្ជូនទៅហ្វឹកហាត់ទាមទាមានកាយសម្បទាមាំមួន និងមានឆន្ទៈគោលជំហរច្បាស់លាស់ស្រលាញ់កីឡាទូក ដើម្បីហ្វឹកហាត់ទទួលបាននូវគុណភាព។
បន្ថែម លើនេះ ឯកឧត្តម សរ សិទ្ធិ ក៏បានស្នើទៅកាន់ ឯកឧត្តមអភិបាលរង ខេត្តស្វាយរៀង ជួយផ្តល់ដំណឹងជូនឯកឧត្តមអភិបាលខេត្តស្វាយរៀង គឺ ឯកឧត្តម ប៉េង ពោធិ៍សា សូមមេត្តាជួយពន្លឿនការចាក់ដី ធ្វេីផ្លូវ សម្រាប់សាងសង់ទីតាំងមជ្ឈមណ្ឌលកីឡដ្ឋានលើទឹកខេត្តស្វាយរៀង ដេីម្បីសហព័ន្ធធ្វេីការសាងសង់ ព្រោះទីតាំងនេះ វាជាកក្តាសំខាន់ណាស់ សម្រាប់ការហាត់ហ្វឹកហ្វឺ និងរៀបចំការប្រកួតជាលកហខណ:ជាតិ និងអន្តរជាតិផ្សេងៗ បើគ្មានទីតាំងទេ សហព័ន្ធមិនអាចរៀបចំការប្រកួតជាលក្ខណៈអន្តរជាតិនានាបាននោះទេ ៕





រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ