សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន គឺជាជំហានដ៏សំខាន់មួយ ដែលត្រូវយកចិត្តទុកដាក់ ឆ្ពោះទៅរកការកសាងវិស័យសាធារណៈ
(ភ្នំពេញ)៖ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានមានប្រសាសន៍លើកឡើងថា ការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន គឺជាជំហានដ៏សំខាន់មួយ ដែលត្រូវយកចិត្តទុកដាក់ ឆ្ពោះទៅរកការកសាងវិស័យសាធារណៈ ប្រកបដោយវិជ្ជាជីវៈ ប្រសិទ្ធភាព និងគួរឱ្យទុកចិត្តបាន និងមានសារៈសំខាន់សម្រាប់ ការជំរុញអភិបាលកិច្ចល្អ គណនេយ្យភាព តម្លាភាព និងការអភិវឌ្ឍស្ថាប័ន ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរ។
សម្តេចប្រធានរដ្ឋសភា បានលើកឡើងដូច្នេះនៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន របស់រាជរដ្ឋាភិបាល» នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥។
សម្តេច មានប្រសាសន៍បន្តថា ខណៈពេលដែលយើងទាំងអស់គ្នាពេញចិត្តនឹងវឌ្ឍនភាព និង សមិទ្ធផលនានា ដែលយើងសម្រេចបានក្នុងវិស័យសាធារណៈ យើងចាំបាច់ ត្រូវបន្តកែលម្អ និងធ្វើទំនើបកម្មសេវាសាធារណៈ សំដៅធ្វើយ៉ាងណាបំពេញ តម្រូវការ និងការរំពឹងទុករបស់ប្រជាជន ដែលកំពុងកើនឡើងជារៀងរាល់ថ្ងៃ។ ក្នុងន័យនេះ យើងអាចបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលការងារ នៅក្នុងបណ្តាក្រសួង-ស្ថាប័ននីមួយៗថែមទៀត តាមរយៈការប្រមូល និងវិភាគទិន្នន័យ ប្រកបដោយវិជ្ជាជីវៈ ដោយធានាឱ្យបានថា ការដាក់ចេញនូវគោលនយោបាយ របស់យើង គឺផ្អែកលើទិន្នន័យ និងការវិភាគដែលមានភាពត្រឹមត្រូវ និងអាចទុកចិត្តបាន។
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា សមិទ្ធផលក្នុងរយៈពេល ២០ ខែកន្លងមកនេះ គេបានមើលឃើញថា ការអនុវត្តការកែទម្រង់រដ្ឋបាលសាធារណៈ ដែលជាមូលដ្ឋានគ្រឹះ ក្នុងការដាក់ចេញ និងការអនុវត្តកម្មវិធីគោលនយោបាយ ប្រកបដោយប្រសិទ្ធភាព និងសក្ត័សិទ្ធិភាព បានត្រួសត្រាយនិងជាមាគ៌ាឆ្ពោះទៅសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០ ដែលកម្ពុជានឹងក្លាយជាប្រទេសមានចំណូលខ្ពស់។
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ថា ក្រសួងមុខងារសាធារណៈដែលជាសេនាធិការជូនរាជរដ្ឋាភិបាល លើការដឹកនាំគ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈ និងការងារកែទម្រង់រដ្ឋបាលសាធារណៈ ត្រូវបានប្រគល់តួនាទីបន្ថែម ជាលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា។
ឯកឧត្តម ហ៊ុន ម៉ានី លើកឡើងថា ការវិភាគមុខងារនឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងសមត្ថភាពស្ថាប័ន និងមន្ត្រី ពង្រឹងប្រសិទ្ធភាពការងារ បង្កើនសមត្ថភាពប្រកួតប្រជែង ព្រមទាំងជួយសន្សំសំចៃ និងបង្វិលថវិកា មកអភិវឌ្ឍសមត្ថភាពមន្រ្តី និងដើម្បីមកលើកទឹកចិត្តដល់មន្ត្រីរាជការ តាមរយៈប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម ដែលជាវិធានការគន្លឹះទី៣ នៃការកទម្រង់រដ្ឋបាលសាធារណៈ ។
ក្នុងស្មារតីនេះ ក្រសួងមុខងារសាធារណៈ ក្នុងនាមជាសេនាធិការ របស់រាជរដ្ឋាភិបាល បាន និងបន្តប្តេជ្ញា ខិតខំប្រឹងប្រឹង ក្នុងការដឹកនាំ សម្របសម្រួល និងសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីទាំងអស់គ្នា ធ្វើដំណើរព្រមគ្នា ប្រកបដោយភាពសុខដុម ឈរលើអភិក្រមការងារនៃការជំរុញ “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ឱ្យសម្រេចបាននូវលទ្ធផលកែលម្អ ជាក់ស្តែងជាបណ្តើរៗ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពការងារ ដោយគោរព យ៉ាងម៉ឺងម៉ាត់នូវអភិក្រម «រៀបចំផ្ទះឱ្យរៀបរយ» និង «ពង្រឹង ជាជាងពង្រីក» ព្រមទាំងបោះជំហានរួមគ្នាឆ្ពោះទៅសម្រេចចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចធិបតី គឺ “ការកសាងរដ្ឋបាលសាធារណៈ មួយមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ”។
សូមជម្រាបជូនថា សិក្ខាសាលានេះបានរៀបចំឡើងដោយ គណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ នៃរដ្ឋសភា សហការជាមួយ ក្រសួងមុខងារសាធារណៈ ដែលមានអ្នកចូលរួម មកពីភាគីពាក់ព័ន្ធទំាងស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ មានអ្នកចួលរួមប្រមាណជាង ៣០០នាក់ ៕






ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ