ឯកឧត្តម គួច ចំរើន ៖ វិស័យកីឡាជាវិស័យមួយដ៏សំខាន់ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំង
(កណ្តាល)៖ ក្រុមជើងខ្លាំងប្រចាំខេត្តកណ្តាល តំណាងឱ្យខេត្តចូលរួមប្រកួតកីឡាមហាជនជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៥ ដែលរៀបចំដោយក្រសួងអប់រំយុវជននិងកីឡា បានរកឃើញហើយ ក្រោយប្រើពេលប្រកួតចម្រាញ់អស់រយៈពេល៧ថ្ងៃ លើ៣ប្រទេសកីឡា មានបាល់ទាត់ បាល់បោះ និងបាល់ទះ។
លោក ចេង សំអុល ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកណ្តាល បានគូសបញ្ជាក់ថា ការប្រកួត កីឡាមហាជន ជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៥ បានប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ទទួលបានការចុះបញ្ជី ប្រកួតតាមរយៈការដាក់ ពាក្យសុំប្រកួតពី សមាគម និងក្លឹបកីឡា នានា តាមបណ្តាក្រុង ស្រុក ក្នុងខេត្ត មានដូចខាងក្រោម ៖ផ្នែកកីឡាបាល់ទាត់ យុវជន មាន ១០ក្រុម សរុបចំនួន ២០០នាក់ ២-ផ្នែកកីឡាបាល់ទះ សរុបមាន ០៩ក្រុម ដែលមាន ៖ បុរស ០៤ក្រុម និងនារី០៥ក្រុម សរុបចំនួន ១០៨នាក់ នារី ៦០នាក់ ។ ៣-ផ្នែកកីឡាបាល់បោះ សរុបមាន ១២ក្រុម ដែលមាន៖ បុរស ០៦ក្រុម និងនារី០៦ក្រុម សរុបចំនួន ១៤៤នាក់ ស្រី ៧២នាក់ ការប្រកួតគ្រប់ប្រភេទកីឡាត្រូវអនុវត្តតាមរូបមន្តវិលជុំក្នុងពូល។ សរុបចំនួនកីឡាករ កីឡាការិនី ចូលរួមមាន ៤៥២នាក់ ស្រី ១៣២នាក់។
វិស័យកីឡាជាវិស័យមួយដ៏សំខាន់ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុង គោលបំណងពង្រឹងកាយសម្បទា និងសុខភាពយុវជន យុវនារី ប្រជាពលរដ្ឋកម្ពុជាទាំងអស់ឲ្យមានសុខភាពល្អ ដើម្បីចាប់យកនូវចំណេះដឹងបែបវិទ្យាសាស្ត្រ និងមុខរបរផ្សេងៗ រួមចំណែកអភិវឌ្ឍន៍ ប្រទេសជាតិឲ្យក្លាយជាប្រទេសមានសេដ្ឋកិច្ចខ្ពស់ និងមានភាពជឿនលឿនផ្នែកបច្ចេកវិទ្យា ។
ឯកឧត្តម គួច ចំរើន មានប្រសាសន៍ថា ជារៀង រាល់ឆ្នាំ យើងបានរៀបចំឲ្យមានការប្រកួតកីឡាជាច្រើនប្រភេទ ទាំងកីឡាសិស្ស និងកីឡាមហាជន ដើម្បីជ្រើសរើសក្រុមកីឡាល្អៗ កីឡាករ កីឡាការិនីឆ្នើម ត្រៀមចូលរួមប្រកួតនៅថ្នាក់ជាតិ ការរចូលរួមលេងកីឡា គឺជាសកម្មភាពមួយដែលកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ក្រោមប្រធានបទ “ពលរដ្ឋម្នាក់ មានជំនាញ កីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត” កីឡាធ្វើឲ្យយើងសប្បាយ កីឡាធ្វើឲ្យ មានមិត្តច្រើន កីឡាធ្វើឲ្យមានកាយសម្បទារឹងមាំ ឈ្នះអស់ជំងឺ ដង្កាត់ទាំងឡាយ ធ្វើឲ្យខួរក្បាលភ្លឺថ្លា ដូច្នេះត្រូវនាំគ្នាបន្តចូលរួមលេងកីឡា ដើម្បីពង្រឹងកាយសម្បទា ចូលរួមធ្វើឲ្យ ឃុំ សង្កាត់ មានសុវត្ថិភាព និងមានពលរដ្ឋល្អ នាពេលអនាគត ។
ជាមួយគ្នានោះ ឯកឧត្តម បានស្នើឱ្យមន្ទីរអប់រំ យុវជន និងកីឡា ក៏ដូចជារដ្ឋបាលក្រុង ស្រុក ត្រូវថែរក្សាក្លឹបកីឡាដែលមានស្រាប់ក្នុងក្រុង ស្រុក ឲ្យបានគង់វង្ស និងមាន ការហ្វឹកហាត់ ព្រមទាំងចូលរួមប្រកួតបានច្រើនដើម្បីមិត្តភាព និងដកស្រង់បច្ចេកទេស ត្រូវបន្តជំរុញឲ្យបង្កើតក្លឹបកីឡា កាន់តែច្រើនថែមទៀត សម្រាប់ឲ្យកុមារ យុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋបានចូលរួមក្នុងការ លេងកីឡា ដើម្បីថែរក្សាសុខភាព។ ទន្ទឹមនេះត្រូវពង្រឹងការ ហ្វឹកហាត់ ត្រៀមចូលរួមប្រកួតកីឡាជាតិ លើកទី៥ នៅឆ្នាំក្រោយនេះ៕






រូបភាព ៖ ជីម ភារ៉ា