ក្រសួងសុខាភិបាល ប្រារព្ធពិធីអបអរសាទរ ទិវាឆ្មប ជាតិ-អន្តរជាតិ ឆ្នាំ២០២៥

(ភ្នំពេញ)៖ ក្រសួងសុខាភិបាលកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ បានរៀបចំពិធីអបអរ ទិវាឆ្មប ជាតិ- អន្តរជាតិ ៥ ឧសភា ក្រោមអធិបតីភាព ឯកឧត្ដមសាស្រ្ដាចារ្យ ឈាង រ៉ា រដ្ឋមន្រ្ដីក្រសួងសុខាភិបាល ក្នុងប្រធានបទ “ឆ្មបបំពេញតួនាទីសំខាន់គ្រប់ស្ថានភាព គ្រប់ពេលមានគ្រោះអាសន្ន គ្រោះមហន្តរាយ” ដើម្បីលើកកម្ពស់តួនាទីរបស់ឆ្មប ក្នុងការពារ និងថែទាំសុខភាពមាតា ទារក និងកុមារ។

ទិវានេះនឹងជួយលើកកម្ពស់គុណភាពសេវា និងចូលរួមកាត់បន្ថយអត្រាឈឺ និងស្លាប់របស់មាតា និងទារក តាមរយៈការពង្រឹងសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈ។ ការរៀបចំទិវានេះ ក៏ជាឱកាសមួយក្នុងការពង្រឹង និងពង្រីកចំណេះដឹង ចែករំលែកចំណេះដឺង បទពិសោធន៍ ដើម្បីបន្ថែមសមត្ថភាពនិងលើកកម្ពស់តួនាទីរបស់ឆ្មប ក្នុងការឆ្លើយតបទៅនឹងតម្រូវការសុខភាពក្នុងលក្ខណៈទូលំទូលាយ គ្រប់វិស័យ គ្រប់កាលៈទេសៈ ទាំងពេលមានគ្រោះមហន្តរាយ និងគ្រោះអាសន្ន។

ឯកឧត្តម ឈាង រ៉ា បានផ្តល់ជាអនុសាសន៍គន្លឹះមួយចំនួន ជូនដល់អង្គពិធី ក៏ដូចជាឆ្មបទូទាំងប្រទេស ដើម្បីឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល នៅកម្ពុជា ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងអំពីអ្នកដឹកនាំ ដែលត្រូវមានទស្សនវិស័យច្បាស់លាស់ និងបញ្ចេញសកម្មភាពឱ្យកាន់តែរស់រវើក ដើម្បីជាស្នូលនាំមកនូវភាពជោគជ័យ និងសម្រេចគោលដៅ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបន្តថា ដើម្បីឱ្យស្ថានភាពការងារមានការវិវឌ្ឍន៍ទៅមុខបានល្អ អ្នកដឹកនាំគ្រប់កម្រិតរបស់ឆ្មបត្រូវអនុវត្តន៍ ១) បណ្តុះបណ្តាលមធ្យោបាយនៃការទំនាក់ទំនង និងឱ្យមានភាពរស់រវើក ។ ២) ត្រូវស្វែងរកនូវឯកសារ រឺអត្ថបទត្រូវធ្វើការផ្សព្វផ្សាយ ដែលទាក់ទងនឹងសកម្មភាពឆ្មប ។ ៣) ព្យាយាមរៀបចំទស្សនាវដ្តី រឺព្រឹត្តិបត្រព័ត៌មាន ។ ៤) ត្រូវចូលរួមក្នុងវេទិកាទាំងឡាយ ពិសេសវេទិកាអន្តរជាតិ ដើម្បីពិនិត្យមើលសកម្មភាព និងកិច្ចការងារមានភាពជឿនលឿនរបស់អន្តរជាតិ យកមកសិក្សា និងអនុវត្តន៍តាម។

ឯកឧត្ដមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពមាតា ទារក និងកុមារ និងថ្លែងអំណរគុណ អង្គការដៃគូជាតិ អន្តរជាតិ ដែលតែងតែជួយគាំទ្រ ក្នុងការលើកកម្ពស់វិស័យសុខាភិបាល នៅកម្ពុជា។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានបំពាក់គ្រឿងឥស្សរិយយសមេដាយ ដល់ថ្នាកដឹកនាំ មន្រ្តីរាជការ ចំនួន ៨៤នាក់ នៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ដើម្បីជាការលើកទឹកចិត្តដែលមានស្នាដៃក្នុងការបំពេញការងារកន្លងមក និងបន្តខិតខំបន្ថែមទៀត ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព គុណភាព និងសមធម៌ ៕

ដោយ ៖ ហេង សម្បត្តិ+ ថេត វិចិត្រ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner