ភាពស្អាត និងភាពបៃតង ដែលស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានកំពុងត្រូវបានគាំទ្រដោយសមាគម អង្គការសង្គមស៉ីវិល និងផ្នែកឯកជន

(ភ្នំពេញ)៖ សមាគម អង្គការសង្គមស៊ីវិល រួមជាមួយផ្នែកឯកជន បានបង្ហាញពីការគាំទ្រ និងចូលរួមសកម្មភាពជាមួយក្រសួងបរិស្ថាន ដើម្បីធ្វើឱ្យកម្ពុជាមានភាពស្អាត និងមានភាពបៃតង បន្សល់ទុកសម្រាប់មនុស្សជំនាន់ក្រោយ។

ការបង្ហាញនេះ បានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងសុំអនុសាសន៍ណែនាំពីឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន របស់ប្រតិភូសមាគមយុវជន​អភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម និងសណ្ឋាគារ Courtyard by Marriott Phnom Penh នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន​ បានថ្លែងថា ការរួមចំណែករបស់សមាគម អង្គការសង្គមស៊ីវិល រួមជាមួយផ្នែកឯកជន ដូចជាសមាគម​យុវជនអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម និងប្រតិភូសណ្ឋាគារខតយ៉ាតបាយម៉ារៀតភ្នំពេញ គឺជាការបង្ហាញនូវផ្នត់គំនិតធ្វើឱ្យកម្ពុជាមានភាពស្អាត និងបៃតង តាមរយៈការចូលរួមសកម្មសម្អាតអនាម័យបរិស្ថាន រើសសំរាម និងសំណល់ប្លាស្ទិកនៅតាមដងផ្លូវ តាមទីសាធារណៈ ជុំវិញទីតាំងនិងមូលដ្ឋានរបស់ខ្លួន និងចូលរួមដាំដើមឈើនៅតាមទីសាធារណៈដើម្បីបង្កើនគម្របបៃតង។ ការណ៍នេះគឺស្របតាមការងារអាទិភាព​របស់ក្រសួងបរិស្ថាន ដែលកំពុងអនុវត្តយុទ្ធសាស្រ្ត​ចក្រាវិស័យបរិស្ថាន ក្នុងការប្រែក្លាយកម្ពុជា មានភាពស្អាត ភាពបៃតង និងចីរភាព។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងស្វាគមន៍និងគាំទ្រសកម្មភាពចូលរួមពីសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ អាជ្ញធរមូលដ្ឋានគ្រប់ថ្នាក់ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលកន្លងមកបានជំរុញឱ្យយុទ្ធនាការរបស់ ក្រសួងបរិស្ថាន ដើម្បីភាពស្អាត​ និងភាពបៃតង ហើយភាពស្អាត និងបែតងរបស់កម្ពុជា នឹងសាយភាយពីមាត់មួយទៅមាត់មួយ តាមរយៈសាធារណជន អ្នកទេសចរ ដែលនេះជាកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កម្ពុជា។

សូមជម្រាបថា ក្រៅពីការចូលសកម្មភាពសម្អាត ប្រមូលទុកដាក់សំរាម និងការសម្អាតទន្លេសាប ប្រតិភូសមាគមយុវជនអភិវឌ្ឍន៍សេដ្ឋកិច្ច​និងសង្គម រួមជាមួយសណ្ឋាគារខតយ៉ាតបាយម៉ារៀតភ្នំពេញ បានទទួលការគាំទ្រពីក្រសួងបរិស្ថាន ក្នុងរៀបចំការដាំដើមឈើនៅឆ្នាំ២០២៥ នៅតាមទីតាំងមួយចំនួនផងដែរ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner