អាមេរិកវាយលុកជាង ១.០០០គោលដៅ ក្នុងសង្គ្រាមប្រឆាំងក្រុមហ៊ូទីយេម៉ែន

វ៉ាស៊ីនតោន ៖ មន្ទីរបញ្ចកោណនៅថ្ងៃអង្គាររាយការណ៍ថា កងកម្លាំងអាមេរិកបានវាយលុកច្រើនជាង ១.០០០ គោលដៅនៅយេម៉ែន ចាប់តាំងពីទីក្រុងវ៉ាស៊ីនតោនចាប់ផ្តើមយុទ្ធនាការវាយលុកផ្លូវអាកាសជុំចុងក្រោយ ប្រឆាំងក្រុមឧទ្ទាមហ៊ូទីកាលពីពាក់កណ្តាលខែមិនា។

អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក សៀន ផាណែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចាប់តាំងពីថ្ងៃទី១៥ ខែមិនាមក ទីបញ្ជាការយោធាអាមេរិក ហៅកាត់ យូអេសសេនខម (USCENTCOM) បានវាយលុកជាង ១.០០០ គោលដៅ ព្រមទាំងបានផ្តាច់ជីវិតពួកសកម្មប្រយុទ្ធ និងមេដឹកនាំពួកហ៊ូទី ក៏ដូចជាបន្ថយឥទ្ធិពលក្រុមឧទ្ទាមមួយនេះ។

យុទ្ធនាការវាយលុកផ្លូវអាកាសដែលអង់គ្លេសក៏បានចូលរួមក្នុងឆ្នាំ២០២៤ផងដែរនោះ បានវាយប្រហារទីតាំងអគារជាច្រើនក្នុងរង្វង់ ២៥គីឡូម៉ែត្រ ភាគខាងត្បូងនៃរដ្ឋធានីសាណាអា របស់យេម៉ែន នៅពេលយប់ ដែលពួកហ៊ូទីប្រើប្រាស់ផលិតយន្តហោះដ្រូន។

ប៉ុន្មានម៉ោងក្រោយការប្រកាសនេះ ប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងដោយក្រុមហ៊ូទីបានរាយការណ៍ថា អាមេរិកបានវាយប្រហារមជ្ឈមណ្ឌលឃុំឃាំងជនចំណាកស្រុកនៅក្នុងទីក្រុងសាអាដា ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦៨នាក់ ខណៈអ្នកនាំពាក្យអង្គការសហប្រជាជាតិក៏ទទួលស្គាល់រឿងនេះដែរ។

បើតាមកាសែតបារាំង AFP មន្ត្រីការពារជាតិអាមេរិកម្នាក់បាននិយាយថា យោធាក៏បាននឹងកំពុងពិនិត្យមើលរបាយការណ៍អំពីជនរងគ្រោះ និងជនស៊ីវិល ដែលបានស្លាប់បណ្តាលមកពីការវាយប្រហាររបស់ខ្លួននៅយេម៉ែនផងដែរ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner