ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ នឹងប្រព្រឹត្តិឡើង ២៦ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥

(ភ្នំពេញ)៖ ការចាប់ផ្តើម ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ មានរយៈពេល ២៦ថ្ងៃ ពោលគឺចាប់ពី ថ្ងៃទី១ រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ រៀងរាល់ថ្ងៃរួមទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ។នេះបើតាមការបញ្ជាក់ឱ្យដឹងពីសំណាក់ឯកឧត្តម មាន សទិ សមាជិក គ.ជ.ប ។

ថ្លែងក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនាថ្ងៃទី៣០ ខែ មេសា ឆ្នាំ ២០២៥នេះ ឯកឧត្តម មាន សទិ បានឱ្យដឹងថាប្រជាពលរដ្ឋអាចអញ្ជើញទៅពិនិត្យមើលឈ្មោះនៅតាមឃុំ សង្កាត់ ឬតាមអាសយដ្ឋានវេប voterlist.nec.gov.kh ឬតាមរយៈកម្មវិធីទូរសព្ទ ) NEC KH។

ប្រជាពលរដ្ឋខ្មែររស់នៅក្នុងឃុំ សង្កាត់ ដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃផ្តល់សុពលភាព លើបញ្ជីបោះឆ្នោត (ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥) គឺ អ្នកកើតមុន ឬកើតត្រឹមថ្ងៃទី១ ខែសីហា ឆ្នាំ២០០៧ អ្នកដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ឬបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី។

ឯកឧត្តមបានថ្លែងថា នីតិវិធីនៃការចុះឈ្មោះតាមប្រព័ន្ធកុំព្យូទ័រមានភាពងាយស្រួល និងច្បាស់លាស់។ លើសពីនេះ គ.ជ.ប អាចបង្កើតបញ្ជីបោះឆ្នោតដំបូងព្រមគ្នានៃឃុំ សង្កាត់ ទូទាំងប្រទេស ហើយការបិទផ្សាយត្រូវ ធ្វើនៅថ្ងៃតែមួយ គឺថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ រួមទាំងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុប ចេញពីបញ្ជីបោះឆ្នោត។

ជាមួយគ្នា នេះឯកឧត្តម មាន សទិ សមាជិក គ.ជ.បបានថ្លែងបញ្ជាក់ដែរថាជនណាក៏ដោយ ឬតំណាងមានសិទ្ធិប្តឹងតវ៉ាទៅក្រុមប្រឹក្សាឃុំ សង្កាត់ រួចបន្តទៅ គ.ជ.ប និង ក្រុមប្រឹក្សាធម្មនុញ្ញ អំពីបញ្ហាទាំងឡាយពាក់ព័ន្ធនឹងការចុះឈ្មោះបោះឆ្នោត ប្រសិនបើមានភស្តុតាង បញ្ជាក់ថា មានភាពមិនត្រឹមត្រូវដូចមានចែងក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឬច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឬ/និងបទបញ្ជា និងនីតិវិធីសម្រាប់ការ ពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ឬ/និងបទបញ្ជាផ្ទៃក្នុងរបស់ គ.ជ.ប។

គួរបញ្ជាក់ថាគិតត្រឹមថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ការចែកលិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ផ្លូវការ ឆ្នាំ២០២៤ បានចំនួន ជាង៩លាន នាក់ ស្មើនឹង ៩១,០៨ភាគរយ។ ការចែកលិខិតអញ្ជើញតាមភូមិ នឹងត្រូវបញ្ចប់នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នេះហើយ តែប្រជាពលរដ្ឋដែលមិនទាន់បានទទួល លិខិតអញ្ជើញ សូមទៅទទួលលិខិតអញ្ជើញនៅសាលាឃុំ សង្កាត់ ដែលប្រជាពលរដ្ឋមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោតនៃឃុំ សង្កាត់នោះ៕

អត្ថបទ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក គ្រី សម្បត្តិ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner