យន្តហោះសង្គ្រោះរុស្ស៊ីទៅជួយអ៊ីរ៉ង់ក្រោយផ្ទុះកំពង់ផែ
បរទេស ៖ យន្តហោះសង្គ្រោះបន្ទាន់ របស់រុស្ស៊ី កាលពីថ្ងៃអង្គារ បានបញ្ចេញទឹកទៅលើកំពង់ផែរបស់អ៊ីរ៉ង់ បន្ទាប់ពីមានការបំផ្ទុះ យ៉ាងសាហាវ នៅទីនោះ។
យន្តហោះរបស់ក្រសួងស្ថានការណ៍គ្រាអាសន្នរុស្ស៊ី បានទម្លាក់ទឹកពីលើកំពង់ផែយុទ្ធសាស្ត្រ ស្ថិតក្នុងទីក្រុង Bandar Abbas បន្ទាប់ពីការផ្ទុះបានបំផ្លាញកំពង់ផែពាណិជ្ជកម្មដ៏ធំបំផុត របស់ប្រទេសអ៊ីរ៉ង់។ មុននេះ ក្រសួងបាននិយាយថា ខ្លួនបានបញ្ជូនយន្តហោះ ទៅកាន់ប្រទេសអ៊ីរ៉ង់ តាមបញ្ជារបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។
អាជ្ញាធរអ៊ីរ៉ង់ បាននិយាយថា ក្រុមអ្នកពន្លត់អគ្គីភ័យបានគ្រប់គ្រងការឆាបឆេះ នៅកំពង់ផែហើយ ដោយខ្លួនស្តីបន្ទោស ទៅលើការធ្វេសប្រហែស ទើបនាំឲ្យកើតរឿងនេះ។
ការផ្ទុះ ដែលបានឮចម្ងាយ រាប់សិបគីឡូម៉ែត្រ បានកើតឡើងចំណត នៅកំពង់ផែ Shahid Rajaee ភាគខាងត្បូង កាលពីថ្ងៃសៅរ៍។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា មនុស្ស យ៉ាងហោចណាស់ ៧០ នាក់បានស្លាប់ និងជាង ១,០០០ នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការបំផ្ទុះនេះ និងបានឆាបឆេះ ដែលបណ្តាលឱ្យមានការខូចខាត យ៉ាងទូលំទូលាយ ផងដែរ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត