កម្មករនិយោជិត តំណាងសហគ្រាស គ្រឹះស្ថាន នៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ខេត្តស្វាយរៀង ប្តេជ្ញាចិត្តក្នុងការធ្វើឱ្យមានសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ និងលើកកម្ពស់ផលិតភាពការងារ
(ស្វាយរៀង)៖ កម្មករនិយោជិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន (Manhatan) ក្រុងបាវិត ខេត្តស្វាយរៀង បានបង្ហាញការសប្បាយចិត្តបន្ទាប់ពីបានចូលរួមក្នុងពិធី “អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ” និងបានជួបផ្ទាល់ជាមួយ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលអញ្ជើញជាអធិបតីក្នុងពិធីនេះ។ ទន្ទឹមនេះ តំណាងសហគ្រាស គ្រឹះស្ថាន ដែលទទួលបានប័ណ្ណសរសើរ ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ និងគ្រឿងញៀន ពីឯកឧត្តមរដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធីនេះ ក៏បានបង្ហាញការប្តេជ្ញាចិត្តកាន់តែខ្លាំងទៀត ក្នុងការធ្វើឱ្យមានសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ និងលើកកម្ពស់ផលិតភាពការងារ ជាពិសេសជាប្រយោជន៍ដល់បងប្អូនកម្មករនិយោជិត និងនិយោជក។

លោកស្រី គោយ ស៊ីនឿន ជាកម្មការិនីនៃរោងចក្រ រ៉ុងដាសេង អ៊ីនដាសស្ត្រៀល ឯ.ក នៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ខេត្តស្វាយរៀង សូមអរគុណរាជរដ្ឋាភិបាល អរគុណក្រសួងការងារ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលតែងតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនកម្មករនិយោជិត មិនត្រឹមតែការធ្វើការងារនៅតាមរោងចក្រ សហគ្រាសប៉ុណ្ណោះទេ តែរាជរដ្ឋាភិបាលក៏គិតគូរជាខ្លាំងលើប្រព័ន្ធគាំពារសង្គម និងជីវភាពរស់នៅ ផ្ដល់អត្ថប្រយោជន៍ ពិសេសគឺលើកកម្ពស់សិទ្ធិសេរីភាពរបស់បងប្អូនកម្មករនិយោជិត ផងដែរ។

ក្នុងឱកាសចូលរួមពិធី “អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ” នេះ ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានប្រគល់ប័ណ្ណសរសើរជូនសហគ្រាស គ្រឹះស្ថានចំនួន៧ ដែលមានស្នាដៃល្អ ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ និងគ្រឿងញៀននៅកន្លែងធ្វើការ ប្រចាំឆ្នាំ២០២៤ ផងដែរ។ ក្នុងនោះ លោកស្រី ភោគ ផារិទ្ធ ជាតំណាងក្រុមហ៊ុន ស័ង លី ( ខេមបូឌា ) ហ្គាម៉ិន ខូអិលធីឌី ដែលទទួលបានប័ណ្ណសរសើរនេះ បានលើកឡើងថា នេះជាសមិទ្ធផលកើតចេញពីកិច្ចខិតខំប្រឹងប្រែង និងការទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួមបង្ការទប់ស្កាត់នៃការរីករាលដាលមេរោគអេដស៍/ជំងឺអេដស៍ និងគ្រឿងញៀននៅកន្លែងធ្វើការ សហគ្រាស គ្រឹះស្ថាន។ លោកស្រីលើកឡើងថា ការបង្ការទប់ស្កាត់នេះ សំដៅធ្វើឱ្យមានភាពសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ និងការលើកកម្ពស់ផលិតភាពការងារ ជាពិសេសជាប្រយោជន៍ដល់បងប្អូនកម្មករនិយោជិត និងនិយោជក។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន (Manhattan) ខេត្តស្វាយរៀង បានរៀបចំពិធី “អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ” ក្រោមប្រធានបទ “រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាពនិងភាពធន់” និងពិធីប្រគល់ប័ណ្ណសរសើរជូនសហគ្រាស គ្រឹះស្ថានដែលមានស្នាដៃល្អ ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ និងគ្រឿងញៀននៅកន្លែងធ្វើការ ប្រចាំឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំក្រសួង, ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង, អភិបាល និងអភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង, សាលាដំបូងខេត្ត, អាជ្ញាធរក្រុងបាវិត, មន្រ្តីរាជការនៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, នគរបាលតំបន់ប្រតិបត្តិការសឹករង, កងរាជអាវុធហត្ថខេត្ត, ថ្នាក់ដឹកនាំសហជីព, សមាគមនិយោជក និងបងប្អូនកម្មករនិយោជិត សរុបប្រមាណ ២ពាន់នាក់៕
ដោយ ៖ ង៉ាន់ ទិត្យ


