កូរ៉េខាងជើងបាញ់សាកល្បងប្រព័ន្ធសព្វាវុធពីនាវាចម្បាំងថ្មីជាលើកដំបូង
ព្យុងយ៉ាង ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA នៅថ្ងៃពុធនេះ បានរាយការណ៍ថា កូរ៉េខាងជើង នៅដើមសប្តាហ៍នេះ បានបាញ់សាកល្បងប្រព័ន្ធសព្វាវុធលើកដំបូង នៃនាវាចម្បាំងថ្មី Choe Hyon ដែលខ្លួនទើបតែបញ្ចេញនាពេលថ្មីៗ នេះបើតាមការចេញផ្សាយរបស់កាសែតរ៉យទ័រ។

ការបាញ់សាកល្បងមីស៊ីលបញ្ជាទិស និង មីស៊ីលប្រឆាំងដែនអាកាស រួមទាំងកាំភ្លើងធំជាផ្នែកមួយ នៃការបាញ់សាកល្បងសព្វាវុធ ដែលចូលរួមដោយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត។

ជាមួយគ្នានេះ លោក គីម ជុងអ៊ុន បានបញ្ជាឱ្យចាត់វិធានការពន្លឿនការបំពាក់អាវុធនុយក្លេអ៊ែរដល់នាវាកងទ័ពជើងទឹក។ លោក គីម ត្រូវបានដកស្រង់សម្តីថា ដល់ពេលហើយ ដែលកងទ័ពជើងទឹកកូរ៉េខាងជើងត្រូវបង្កើនល្បឿនអាវុធនុយក្លេអ៊ែរ ដើម្បីការពារអធិបតេយ្យភាពដែនសមុទ្រ និងជាប្រយោជន៍ដល់វិស័យការពារជាតិ។

ក្រៅពីការបាញ់សាកល្បងសព្វាវុធ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ក៏បានបញ្ចេញនាវាចម្បាំងទម្ងន់ ៥.០០០ តោន បំពាក់ដោយអាវុធដ៏មានឥទ្ធិពលបំផុតផងដែរ។ បើតាមប្រមុខរដ្ឋកូរ៉េខាងជើង លោក គីម ជុងអ៊ុន នាវាចម្បាំងនោះ នឹងត្រូវប្រគល់ឱ្យកងទ័ពជើងទឹក ហើយនឹងចូលបម្រើការនៅដើមឆ្នាំ២០២៦។
យោងតាមទីភ្នាក់ងារសារព័ត៌មាន KCNA បានឱ្យដឹងថា នាវាពិឃាដ Choe Hyon ត្រូវបានគេដាក់ឈ្មោះតាមអ្នកប្រយុទ្ធបដិវត្តន៍ប្រឆាំងជប៉ុន គឺលោក Choe Hyon។ ផ្អែកតាមប្រភពរបស់ AFP ក្រុមអ្នកជំនាញជឿថា នាវាពិឃាដ Choe Hyon អាចបំពាក់នូវមីស៊ីលបាញ់ចេញពីនាវាប្រឆាំងគោលដៅនៅលើដីគោក និងអាចបាញ់ចេញពីនាវាប្រឆាំងនឹងគោលដៅលើអាកាស។ មិនតែប៉ុណ្ណោះ នាវាពិឃាដនេះ ក៏ទំនងជាអាចបំពាក់មីស៊ីលនុយក្លេអ៊ែរតាក់ទិករយៈចម្ងាយខ្លីផងដែរ៕
ប្រភព ៖ Reuters និង AFP ប្រែសម្រួល ៖ ឈឹម ទីណា
