ទីប្រឹក្សាលោក Trump ចោទអ៊ុយក្រែនជាប្រទេសពុករលួយបំផុតក្នុងលោក

វ៉ាស៊ីនតោន ៖ ថ្លែងក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃចន្ទ ជាមួយទូរទស្សន៍ Fox News ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Michael Waltz ចោទប្រកាន់អ៊ុយក្រែនថា ជាប្រទេសមួយក្នុងចំណោមប្រទេសពុករលួយបំផុតលើពិភពលោក និង បានអំពាវនាវឱ្យត្រួតពិនិត្យលើជំនួយហិរញ្ញវត្ថុ ដែលអាមេរិកផ្តល់ដល់អ៊ុយក្រែនឱ្យត្រឹមត្រូវ។

ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Waltz បានបញ្ជាក់យ៉ាងដូច្នេះថា ខ្ញុំហ៊ាននិយាយថា អ៊ុយក្រែនគឺជាប្រទេសមួយក្នុងចំណោមប្រទេសពុករលួយបំផុតលើពិភពលោក ហើយថា ទីក្រុងវ៉ាស៊ីនតោនត្រូវតែការពារលុយអ្នកបង់ពន្ធជានិច្ច។

ជាមួយគ្នានេះ លោក Waltz ក៏បានស្តីបន្ទោសរដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន ដែលមិនបានត្រួតពិនិត្យឱ្យបានត្រឹមត្រូវ អំពីវិធីដែលអ៊ុយក្រែនចំណាយជំនួយហិរញ្ញវត្ថុដែលផ្តល់ដោយសេតវិមាននៅពេលនោះ។

លោក Waltz បានគូសបញ្ជាក់ថា រឿងដំបូង យើងត្រូវតែតាមដានឱ្យបានដិតដល់បំផុតលើរឿងនេះ ប៉ុន្តែរឿងទីពីរ យើងក៏ត្រូវតែស្វែងរកឱកាសបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនផងដែរ។

ដោយឡែក អគ្គអធិការកិច្ចមន្ទីរបញ្ចកោណ លោក Robert Storch បានរាយការណ៍កាលពីខែវិច្ឆិកាឆ្នាំមុនថា អំពើពុករលួយនៅតែជាឧបសគ្គរបស់អ៊ុយក្រែន ដើម្បីសម្រេចបំណងប្រាថ្នាចូលជាសមាជិកសហភាពអឺរ៉ុប និងអង្គការណាតូ ជាពិសេសរឿងអាស្រូវនៅក្នុងក្រសួងការពារជាតិអ៊ុយក្រែន។

យោងតាមវិទ្យាស្ថាន Kiel សម្រាប់សេដ្ឋកិច្ចសកលរបស់អាល្លឺម៉ង់ បានឱ្យដឹងថា គិតត្រឹមខែតុលា ឆ្នាំ២០២៤ សហរដ្ឋអាមេរិកបានផ្តល់ជំនួយដល់អ៊ុយក្រែនប្រមាណ ៩២ ពាន់លានដុល្លារជាជំនួយផ្នែកហិរញ្ញវត្ថុ និងយោធា។

ទន្ទឹមគ្នានេះ ក្រុមប្រឹក្សាទំនាក់ទំនងបរទេសមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានប៉ាន់ប្រមាណថា ជំនួយហិរញ្ញវត្ថុរបស់ទីក្រុងវ៉ាស៊ីនតោនដល់ទីក្រុងកៀវមានចំនួន ១៩៥ ពាន់លានដុល្លារ គិតត្រឹមខែមេសា ឆ្នាំ២០២៤ ក្នុងនោះជំនួយចំនួន ១២៨ ពាន់លានដុល្លារបានធ្លាក់ទៅលើរដ្ឋាភិបាលអ៊ុយក្រែនដោយផ្ទាល់៕

ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner