រដ្ឋមន្រ្តីព័ត៌មាន ៖ សេរីភាពសារព័ត៌មាន ជាកាតាលីករមួយដ៏ចាំបាច់សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា
(ភ្នំពេញ)៖ «សេរីភាពសារព័ត៌មានជាកាតាលីករមួយដ៏ចាំបាច់សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា ដែលត្រូវបាន ធានាដោយ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពីរបបសារព័ត៌មាន និងលិខិតបទដ្ឋានគតិយុត្តជាធរមានផ្សេងទៀត។ ក្នុងបរិបទនេះ ការវាស់វែងស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាមានសារៈសំខាន់ណាស់ ដើម្បីឆ្លុះបញ្ចាំងអំពីលំហ សេរីភាពសារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ និងសិទ្ធិទទួលបានព័ត៌មាន។
តាមរយៈការសិក្សានេះ យើងបានបង្ហាញដល់ ពិភពលោកឱ្យបានឃើញពីភាពជាម្ចាស់របស់កម្ពុជាលើការដឹកនាំ និងគ្រប់គ្រងវិស័យព័ត៌មាន និងសោតទស្សន៍ ហើយអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធបានសម្តែងឆន្ទៈ ការបញ្ចេញមតិ និងបំពេញតួនាទីក្នុងការរួមចំណែកលើកកម្ពស់សេរីភាព សារព័ត៌មានកម្ពុជាយ៉ាងពិតប្រាកដ»។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននិងតំណាងប្រព័ន្ធផ្សព្វផ្សាយនា រសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា បានលើបង្ហាញពីលទ្ធផល នៃការសិក្សា និងទិដ្ឋភាពពាក់ព័ន្ធនឹងការវិវត្តធំៗ ក្នុងចំណោមវឌ្ឍនភាពវិស័យព័ត៌មាន និងសោតទស្សន៍សំខាន់ៗ ផ្សេងទៀត គិតចាប់ពីឆ្នាំ២០២៤ រហូតដល់ត្រីមាសទី១ ឆ្នាំ២០២៥ ។
យោងតាមរបាយការណ៍បានបង្ហាញថា ក្នុងឆ្នាំ២០២៥ ស្ថានភាពសេរីភាពសារព័ត៌មាន និងសណ្តាប់ធ្នាប់សារព័ត៌មាន នៅកម្ពុជា ត្រូវបានវាយតម្លៃថា មានភាពល្អប្រសើរ។ នេះជាលទ្ធផលចេញពីការសិក្សាវាស់វែងតាមបែបវិទ្យាសាស្ត្រ និងដោយការស្ទង់មតិក្នុងចំណោម អ្នកសារព័ត៌មាននៅទូទាំងប្រទេសកម្ពុជា ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាឆ្នាំ២០២៥ ដែលក្រសួងព័ត៌មាន បានដឹកនាំ រៀបចំ និងចងក្រង ក្នុងក្របខណ្ឌនៃការធ្វើបច្ចុប្បន្នភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍នៅកម្ពុជា។
អ្នកសារព័ត៌មានចំនួន ៨១,៤% ក្នុងចំណោមអ្នកស្ទង់មតិសរុបចំនួន ៤៦៧នាក់ តំណាងអ្នកសារព័ត៌មានទូទាំងប្រទេសដែលបានចូលរួម បានវាយតម្លៃថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា មានភាពល្អប្រសើរ ក្នុងនោះ ៧២,២% បានឆ្លើយថា សេរីភាពសារព័ត៌មាននៅកម្ពុជាមានស្ថានភាពល្អ ខណៈ ៩,២% បានឆ្លើយថា សេរីភាពសារព័ត៌មាន មានស្ថានភាពល្អបំផុត។ ការស្ទង់មតិនេះ ត្រូវបានរៀបចំឡើងក្នុងក្របខណ្ឌនៃការសិក្សាលើកទី២ស្តីពីស្ថានភាពសេរីភាពសារ ព័ត៌មាន ដោយបានអនុវត្តវិធីសាស្ត្រសិក្សាស្រាវជ្រាវ តាមបែបវិទ្យាសាស្ត្រ និងដោយឈរលើទិន្នន័យគោល (baseline data) ឆ្នាំ២០២៤ របស់កម្ពុជាជាមូលដ្ឋានក្នុងការវាស់វែង។
ការសិក្សានេះ ក៏ជាកត្តាវាស់វែងតួនាទីនិងការអនុវត្តការងាររបស់សារព័ត៌មានវិជ្ជាជីវៈក្នុងការផ្តល់ចំណេះដឹង និង ព័ត៌មានពិត និងជឿទុកចិត្តបានសម្រាប់ជាប្រយោជន៍ដល់ប្រជាជន អ្នកដឹកនាំ និងសង្គម សម្រេចចិត្ត និងរួមកម្លាំងគ្នាដើម្បីធានាកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព។ ផ្នែកតាមលទ្ធផលនៃការស្ទង់មតិនេះ មនុស្សចំនួន ៧១,៨% ក្នុងចំណោមអ្នកស្ទង់មតិទាំងអស់ បានវាយម្លៃថាសណ្តាប់ធ្នាប់សារព័ត៌មាន មានភាពល្អប្រសើរ។ អ្នកស្ទង់មតិជាង ៦៨% បានឆ្លើយថាស្ថានភាពឬទង្វើប្រាសចាកក្រមសីលធម៌ បានថយចុះ។ ពាក់ព័ន្ធ សុវត្ថិភាពការងារ អ្នកស្ទង់មតិចំនួនជាង ៨៦% បានអះអាងថាខ្លួនមានសេរីភាពពេញលេញក្នុងការប្រកបអាជីពជា អ្នកសារព័ត៌មាន ដោយមានសុវត្ថិភាព និងភាពងាយស្រួលក្នុងការប្រមូលព័ត៌មានពីប្រភពផ្សេងៗ សម្រាប់ការសរសេរ ផលិត និងផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនដោយសេរី។ តាមលទ្ធផលនេះ កម្រិតសុវត្ថិភាពការងារមានការកើនឡើងចំនួន ៦,២% បើធៀបនឹងលទ្ធផលនៃរបាយការណ៍ឆ្នាំ២០២៤ ដែលមានចំនួន ៧៩,៨%។
ក្នុងការអនុវត្តការងារ អ្នកសារព័ត៌មានចំនួន ៩៩% នៃអ្នកស្ទង់មតិសរុបបានឆ្លើយឯកភាពថា អ្នកសារព័ត៌មាន មានសិទ្ធិនិងករណីយកិច្ច ត្រូវអនុវត្តសកម្មភាពអាជីពវិជ្ជាជីវៈរបស់ខ្លួន ដោយឯករាជ្យភាព ក្នុងក្របខណ្ឌច្បាប់ស្តីពីរបប សារព័ត៌មាន ប្រតិបត្តិតាមក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ និងដោយមានការទទួលខុសត្រូវសង្គម និងចំពោះមុខច្បាប់នៃ ព្រះរាជាណាចក្រកម្ពុជា។ តាមលទ្ធផលនៃការស្ទង់មតិនេះ អ្នកសារព័ត៌មាន ៧៧,៥% បានឆ្លើយថា ខ្លួនបានអនុវត្តវិជ្ជាជីវៈ ស្របតាមធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈផ្សេងទៀត៕
ដោយ ៖ ង៉ាន់ ទិត្យ
