ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍៖ ការងារឆ្លើយតប​នឹង​មេរោគអេដស៍ ជាការងារពហុវិស័យ

(ភ្នំពេញ)៖ ក្នុងឱកាសធ្វើបាឋកថាស្តីពី ការឆ្លើយតបនឹង​មេរោគ​អេដស៍និងជំងឺអេដស៍នៅកម្ពុជា ដល់និស្សិតនៃសាកលវិទ្យាល័យ​ជាតិគ្រប់គ្រង ជាង២០០នាក់ នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរ​ជាតិប្រយុទ្ធនឹងជំងឺអេដស៍ មានប្រសាសន៍បញ្ជាក់ថា អ្នកផ្ទុក​មេរោគអេដស៍/ជំងឺអេដស៍ ជាអ្នកជំងឺមួយជីវិត ហើយការងារឆ្លើយ​តបនឹងមេរោគអេដស៍ជាការងារពហុវិស័យ រួមទាំងវិស័យសុខាភិ​បាលផង ក្នុងនោះរួមមាន៖ ១-ត្រូវការថ្នាំ និងសេវាព្យាបាលថែទាំល្អ ទៀងទាត់ យូរអង្វែង(វិស័យសុខាភិបាល), ២- មានផ្នត់គំនិតមិន​ដូចអ្នកជំងឺធម្មតាទេ អ្នកជំងឺធម្មតារត់រកពេទ្យ រកសេវាព្យាបាល​ថែទាំដោយសារខ្លាចស្លាប់ អ្នកជំងឺអេដស៍មិន​ខ្លាចស្លាប់ទេ និងមិនរត់រកពេទ្យទេ តែពេទ្យត្រូវរត់វិញ, ៣- មានការខ្មាស់អៀន, ៤- រងនូវការមាក់ងាយនិងរើសអើង, ៥- ត្រូវការរស់នៅក្នុង​សង្គមដូចសមាជិកឯទៀត ត្រូវការរៀនសូត្រ ត្រូវធ្វើការចិញ្ចឹមជីវិត ត្រូវការរស់នៅស្មើសិទ្ធិជាមួយប្រជាពលរដ្ឋឯទៀតដែរ ដូចជា វិស័យអប់រំ ការងារ គាំពារសង្គម រដ្ឋបាល សាធារណ:។ល។)។

ឯកឧត្តមបន្តថា ចំពោះការបង្ការការឆ្លងមេរោគអេដស៍ត្រូវការ៖ ១- បញ្ជ្រាបការយល់ដឹងអំពីមេរោគអេដស៍ និងវិធីបង្ការការពារកុំឱ្យឆ្លងមេរោគអេដស៍នៅក្នុងចំណោមប្រជាជនគន្លឹះ (នារីបម្រើសេវាកម្សាន្ត ក្រុមរួមភេទជាមួយបុរស អ្នកបំប្លែងភេទ អ្នកចាក់គ្រឿងញៀននិងអ្នកប្រើគ្រឿងញៀនជាដើម), ២- លើកទឹកចិត្តអ្នកដែលសង្ស័យថាផ្ទុកមេរោគអេដស៍ឱ្យមកធ្វើតេស្ត ឱ្យចេះប្រើស្រោមអនាម័យ ចេះប្រើPrEP (វិធីលេបថ្នាំបង្ការជាមុន ការប្រព្រឹត្តប្រឈមនឹងការឆ្លងមេរោគអេដស៍) ឬPEP (ការព្យាបាលបង្ការក្រោយពីប្រឈមនឹងការឆ្លងមេរោគអេដស៍)។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានមានប្រសាសន៍ទៀតថា ដោយសារមាន​ការពាក់ព័ន្ធពីតួអង្គជាច្រើន ដើម្បីឆ្លើយតបនឹងមេរោគអេដស៍ ទើបអង្គការយូអិនអេដស៍ បានដាក់ចេញនូវគោលការណ៍បីមួយ គឺយុទ្ធសាស្ត្រ ឬក្របខ័ណ្ឌផែនការសកម្មភាពតែមួយ ស្ថាប័ន​សម្របសម្រួលតែមួយ និងប្រព័ន្ធតាមដានវាយតម្លៃតែមួយ។

ទន្ទឹមនេះ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក៏ត្រូវបានបង្កើតឡើង ដើម្បីសម្របសម្រួលការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ជាពហុវិស័យ ហើយនៅរៀងរាល់៥ឆ្នាំម្ដង អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺ​អេដស៍ រៀបចំយុទ្ធសាស្ត្រគោលនយោបាយក្នុងការ​ប្រយុទ្ធនឹង​ជំងឺអេដស៍ ក៏ប៉ុន្តែកាលពីឆ្នាំ២០២៤ កន្លងមកនេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្ត្រនូវគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានបន្ថែមថា បទពិសោធន៍ក្នុងការប្រយុទ្ធនឹង​ជំងឺអេដស៍នៅកម្ពុជាក្នុងពេលកន្លងមក បានឱ្យឃើញថា គោល​ការណ៍​រួមបី គឺភាពជាម្ចាស់ ឬភាពជាអ្នកដឹកនាំ ភាពជាដៃគូ និងការ​វិនិយោគ បានជួយជំរុញការអនុវត្តកម្មវិធីអេដស៍ឱ្យទទួលលទ្ធផល​ល្អគួរជាទីមោទនៈ ។

គួរបញ្ជាក់ថា តាមរបាយការណ៍របស់អង្គការសហប្រជាជាតិ កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១០លើពិភពលោកក្នុងការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍។ ក្នុងនោះ គោលដៅ៩៥-៩៥-៩៥ តាមរយៈ វឌ្ឍនភាពថ្មីៗ កម្ពុជាអាចនឹងសម្រេចបានលើសពី ៨៩នៃ គោល ដៅ៩៥ទី១(បច្ចុប្បន្នសម្រេចបាន៨៩-៩៨-៩៨)។ ជាសេចក្តី សន្និដ្ឋាន ឯកឧត្តមទេសរដ្ឋមន្រ្តីបានសង្កត់បញ្ជាក់ថា បើការអនុវត្ត​គោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍​សម្រាប់ឆ្នាំ២០២៣-២០២៨ មានការចូលរួម និងគាំទ្រយ៉ាង​សកម្មពីគ្រប់ក្រសួង ស្ថាប័ន ភាគីពាក់ព័ន្ធ ព្រមទាំងមានកិច្ច​សហ​ការគ្នាបានល្អ នោះចំណុចខ្វះខាតដែលកំពុងកើតមាន​ទាំងប៉ុន្មាននឹង​ត្រូវបានកែលម្អជាមិនខាន ដែលនៅ​ទីបំផុតការឆ្លើយតបចំពោះ​មេ​រោគ​អេដស៍និងជំងឺអេដស៍នៅកម្ពុជានឹងទទួល​ជោគជ័យ​យ៉ាង​ធំធេងជាមិនខាន ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner