គម្រោងអភិវឌ្ឍន៍ជលផល ក្រោយប្រមូលផលនឹងបញ្ចប់ចុងឆ្នាំ២០២៥ តែមន្រ្តី សហភាពអឺរ៉ុប និង អង្គការ FAO រំពឹងថា នឹងមានគម្រោងផ្សេងទៀតសម្រាប់ជួយដល់វិស័យជលផលកម្ពុជា
(ពោធិ៍សាត់)៖ គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) គឺជាគម្រោងមួយក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះបានជួយដល់វិស័យជលផលរបស់កម្ពុជាយ៉ាងច្រើន ហើយក៏ជាការបោះជំហានដ៏សំខាន់មួយឆ្ពោះទៅការអភិវឌ្ឍន៍លើវិស័យនេះសម្រាប់ការផលិតផលត្រីលក់លើទីផ្សារ និងពិសេសការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសប្រកបដោយគុណភាព និងប្រសិទ្ធភាព។
ទោះបីយ៉ាងណាក្តីគម្រោងមួយនេះនឹងត្រូវបញ្ចប់នៅអំឡុងចុងឆ្នាំ២០២៥នេះផងដែរ។ក្រុម មន្រ្តី សហភាពអឺរ៉ុបនិង អង្គការ FAO បានថ្លែងថាគេកំពុងពិនិត្យ និងក៏ដូចជារំពឹងថានឹងមានគម្រោងផ្សេងទៀតចូលមកជំនួសសម្រាប់ជួយដល់វិស័យជលផលនៅកម្ពុជាផងដែរ។
គួរបញ្ជាក់ថា CAPFISH-Capture គឺជាកម្មវិធីអភិវឌ្ឍវិស័យជលផលធំជាងគេនៅក្នុងពិភពលោក ដែលគាំទ្រថវិកាដោយសហភាពអឺរ៉ុប (EU) ហើយគម្រោងអភិវឌ្ឍជលផលក្រោយប្រមូលផល (CAPFISH-Capture) នេះ បានអនុវត្តដោយរដ្ឋបាលជលផល (FiA) និងអង្គការ UNIDO។
អនុរដ្ឋលេខាធិការក្រសួងកសិកម្មទទួលបន្ទុកការងារព័ត៌មាននិងទំនាក់ទំនងសាធារណៈ លោក ជំទាវ អ៊ឹម រចនា កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០២៥បានថ្លែងក្នុងអំឡុងពេលចុះទៅបំពេញទស្សនកិច្ចសហគមន៍នេសាទស្រីចឹកស្ថិតនៅក្នុងស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ឱ្យដឹងថា បើទោះបីជាគម្រោង ជលផលក្រោយប្រមូលផល(CAPFISH-Capture) រយៈពេលកន្លងមកបានជួយដល់ការគាំទ្រសហគមន៍នេសាទ ទាំងនៅតំបន់ទឹកសាបនិងទឹកប្រៃ ក្នុងនេះបានជួយដល់សហគមន៍នេសាទចំនួនប្រមាណ២៥០ នៅទូទាំងប្រទេសកម្ពុជាត្រូវបិទបញ្ចប់នៅក្នុងឆ្នាំ២០២៥នេះក៏ដោយ ប៉ុន្តែសភាពអឺរ៉ុបនិងអង្គការ FAO នឹងពិនិត្យមើលលើកគម្រោងផ្សេងៗទៀតសម្រាប់ជួយដល់វិស័យជលផលនៅកម្ពុជា។
លោក Koen Everaert អនុប្រធានសហប្រតិបត្តិការ នៃសហភាពអឺរុប ប្រចាំប្រទេសកម្ពុជាបានថ្លែងទាក់ទិនក្នុងរឿងនេះដែរថាគម្រោងនេះផ្តោតលើការធ្វើឱ្យប្រសើរឡើងនូវភាពប្រកួតប្រជែងផលិតផលជលផលក្រោយប្រមូលផល តាមរយៈការបង្កើតលក្ខខណ្ឌសមប្រកបសម្រាប់គាំទ្រសហគ្រាស ឱ្យមានលទ្ធភាពឆ្លើយតបទៅនឹងស្តង់ដាម្ហូបអាហារថ្នាក់ជាតិនិងអន្តរជាតិ ដើម្បីចូលរួមចំណែកការពារសុខភាពអ្នកប្រើប្រាស់ក្នុងស្រុក និងការធ្វើពាណិជ្ជកម្មអន្តរជាតិ។
លោកថាតាមរយៈនេះដែរបានជួយដល់វិស័យជលផលរបស់កម្ពុជាសម្រេចបានល្អប្រសើរ ហើយក្នុងនេះសហគ្រាស និងរួមទាំងសិប្បកម្មមួយចំនួនកំពុងកសាងសមត្ថភាពរបស់ខ្លួនក្នុងការផលិតផលរបស់ខ្លួនដើម្បីនាំចេញទៅកាន់ផ្សារទំនើបក្នុងស្រុក និងក៏ដូចជាកំពុងកសាងខ្លួនយ៉ាងល្អក្នុងការនាំចេញទៅក្រៅប្រទេសទៀតផង។
ជាមួយគ្នាលោកបានដាក់ក្តីរំពឹងដែរថា”ទោះគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផលនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៥តែសហភាពអឺរ៉ុបនៅតែមានចក្ខុវិស័យវែងឆ្ងាយ ហើយយើងអាចនឹងជួយពង្រឹងបន្ថែមបន្តទៀត តែយើងក៏រង់ចាំមើលពីភាពចាំបាច់ណាមួយក្នុងការជជែកឬអាចពិនិត្យលទ្ធភាពណាមួយជាមួយភាគីរដ្ឋាភិបាលក្នុងការរួមគ្នាបង្កើតកម្មវិធីផ្សេងទៀតសម្រាប់ជួយដល់វិស័យជលផលនៅកម្ពុជានាថ្ងៃខាងមុខ”។
គួរបញ្ជាក់ថាក្នុងឱកាសអបអរសាទរទិវាភពផែនដីឆ្នាំ ២០២៥ក្រោមប្រធានបទ “ថាមពលរបស់យើង ភពផែនដីរបស់យើង” ប្រទេសកម្ពុជាកំពុងបង្ហាញពីកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ខ្លួនដើម្បីការពារប្រព័ន្ធអេកូឡូស៊ីក្នុងស្រុក និងពង្រឹងការគ្រប់គ្រងធនធានធម្មជាតិតាមសហគមន៍ តាមរយៈកម្មវិធី CAPFISH-Capture ដែលផ្តល់មូលនិធិដោយសហភាពអឺរ៉ុបមួយនេះ៕
អត្ថបទ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក វេង លឹមហួត



