សត្វក្រៀលចំនួន ៤០ក្បាល កំពុងបន្តមានវត្តមាននៅតំបន់ការពារទេសភាពអន្លង់ព្រីង
(ភ្នំពេញ)៖ក្នុងការធ្វើជំរឿនសត្វក្រៀលតំបន់ការពារទេសភាពអន្លង់ព្រីង ខេត្ត កំពត នាល្ងាចថ្ងៃទី២៩ និងព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះបានបង្ហាញថាសត្វក្រៀលចំនួន៤០ក្បាលកំពុងបន្តមានវត្តមាននៅតំបន់នេះ។
អង្គការជីវិតធម្មជាតិនៅកម្ពុជា(NatureLife Cambodia)បានឱ្យដឹងថាបើប្រៀបធៀបលទ្ធផលជំរឿនខែដូចគ្នាក្នុឆ្នាំ២០២៤ ឃើញថាចំនូនសត្វក្រៀលបន្តមានវត្តមាននៅតំបន់នេះក្នុងចំនួនដ៏ច្រើន។ នេះបញ្ចាក់ថា តំបន់ទេសភាពអន្លង់ព្រីងនៅតែជាតំបន់ដ៏សំខាន់មួយក្នុងការរកចំណីរបស់សត្វក្រៀល។
អង្គការជីវិតធម្មជាតិនៅកម្ពុជាសហការជាមួយក្រសួងបរិស្ថានបានគាំទ្រដល់កសិករនៅភូមិគោលដៅចំនួន៤ នៅតំបន់ការពារទេសភាពនេះដាំស្រូវតាមគោលការណ៍ស្រូវមិត្តក្រៀលដើម្បីធានាថាតំបន់ដីសើមនិងវាលស្រែជាទីជម្រកមានសុវត្ថិភាពនិងផ្តល់ចំណីបន្ថែមដល់សត្វក្រៀល។
សូមជម្រាបជូនថា តំបន់ទេសភាពអន្លង់ព្រីងជាតំបន់ដ៏ពិសេសទាក់ទាញសត្វក្រៀលដែលកំពុងរងគ្រោះឈានទៅជិតផុតពូជឱ្យមករកចំណីចាប់ពីខែធ្នូ ដល់ខែឧសភា ជារៀងរាល់ឆ្នាំ។
សត្វក្រៀលគឺជាសត្វស្លាបដែលមានកម្ពស់ខ្ពស់ជាងគេលើពិភពលោក ហើយអាចហើរបាន ជាទូទៅមានកម្ពស់ ប្រហែល ១,៧៦ ម៉ែត្រ មានទម្ងន់ ៥-១២ គីឡូក្រាម និងប្រវែងស្លាបទាំងសងខាង ២,៥ ម៉ែត្រ។ ពួកវាមានម្រាមជើងមុខវែងៗចំនួនបី និងម្រាមជើងក្រោយខ្លីមួយ។ ពួកវាមិនអាចទំនៅលើដើមឈើបានទេ ហើយដេកដោយឈរស្ងៀមធ្មឹងនៅទីតាំងជិតៗកន្លែងរកចំណីរបស់វានៃតំបន់ដីសើម។
ជាទូទៅសត្វក្រៀលមាន សម្បុរប្រផេះលើដងខ្លួន កផ្នែកខាងលើនិងក្បាលមានពណ៌ក្រហម ក្បាលផ្នែកខាងលើបំផុតនិងត្រចៀក មានពណ៌ប្រផេះស្រាល។ កូនក្រៀលមានមាឌតូចបន្តិច និងមានពណ៌ត្នោតនៅចំក្បាលរបស់វា។ យើង ពិបាកសម្គាស់ថាសត្វក្រៀលណាជាឈ្មោលឬញីនៅពេលដែលពួកវានៅជាគូ ប៉ុន្តែមីញីមានមាឌតូចជាង អាឈ្មោលបន្តិច។ សត្វក្រៀលត្រូវបានចាត់ ជាប្រភេទសត្វងាយរងគ្រោះ៕
ដោយ ៖ ម៉ាដេប៉ូ





