រកឃើញការបង្កកំណើតរបស់ផ្កាថ្ម ជាលើកទី២ នៅសមុទ្រកម្ពុជា

(ភ្នំពេញ)៖ អង្គការសត្វព្រៃ និងរុក្ខជាតិប្រចាំកម្ពុជា សហការជាមួយ ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការគាំទ្រពី Bubbles Up Dive Centre, Khmer Dive Group និងមូលនិធិសង្សារ បានបន្តធ្វើការ សិក្សាស្រាវជ្រាវអំពី​ការ​បង្កកំណើតរបស់ផ្កាថ្មប៉ប្រះទឹក នៅប្រជុំកោះរ៉ុងនៃប្រទេសកម្ពុជា នៅ​ក្នុងអំឡុងខែកុម្ភៈ និង ខែមីនា ឆ្នាំ២០២៥ តាមការព្យាករណ៍ថា​ជារដូវបង្កកំណើតរបស់ផ្កាថ្ម។

នេះជាឆ្នាំទី២ហើយដែលក្រុមការងារចុះស្រាវជ្រាវអំពីការបង្កកំណើតរបស់ផ្កាថ្មនៅសមុទ្រកម្ពុជា បន្ទាប់ពីបានរកឃើញជាលើកដំបូងនៅ​ឆ្នាំ២០២៤ ហើយត្រូវបានរកឃើញសារជាថ្មីម្តងទៀតនៅ​ក្នុងឆ្នាំ២០២៥។ ការរកឃើញការបង្កកំណើតផ្កាថ្មជាលើកទី២ នៅក្នុងឆ្នាំ២០២៥នេះ បានបង្ហាញពីភាពជោគជ័យនៃកិច្ចខិតខំ​ប្រឹងប្រែងអភិ រក្សរួមគ្នារបស់ក្រសួង ស្ថាប័ន អាជ្ញាធរ និងអង្គការ​ពាក់ព័ន្ធ ដែលបង្កលក្ខណៈអំណោយផលដល់ការរស់រានមានជីវិត របស់ផ្កាថ្មប៉ប្រះទឹកនៅប្រជុំកោះរ៉ុង ជួយឱ្យផ្កាថ្មមានភាពធន់ និង​មានសុខភាពល្អ បើទោះបីជាផ្កាថ្មនៅតំបន់នេះ ធ្លាប់ទទួលរងផល​ប៉ះពាល់ពីព្រឹត្តិការណ៏នៃផ្កាថ្មប្រែពណ៌ស (Coral Bleaching Event) ក្នុងឆ្នាំ២០២៤ ក៏ដោយ។

ក្រុមការងារកំពុងបន្តតាមដានសុខភាព និងស្ថានភាពនៃផ្កាថ្ម នៅក្នុង​ដែន​សមុទ្រកម្ពុជាយ៉ាងយកចិត្តដាក់ ដើម្បីយល់ដឹងនិងកត់ត្រា​ទិន្ន​ន័យ​អំពីការបង្កកំណើតរបស់ផ្កាថ្ម ដើម្បីជាទុនក្នុងការតាមដាន​ដំណើរ​ការនៃការបន្តពូជ និងការរស់រានមានជីវិតរបស់ផ្កាថ្ម​នៅក្នុង​តំបន់ ៕

ដោយ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner