ការផ្ដល់ឱកាសការងាររាប់ម៉ឺនកន្លែងតាមរយៈកំណើនវិនិយោគ គឺជាតឹកតាងនៃការលើកកម្ពស់សិទ្ធិការងារស្របតាមស្មារតីទិវាពលកម្មអន្តរជាតិ ១ឧសភា

(ភ្នំពេញ)៖ សហជីពនៅកម្ពុជា និងអ្នកវិភាគស្ថានការណ៍នយោបាយ​បានលើកឡើងថា ការផ្ដល់ឱកាសការងាររាប់ម៉ឺនកន្លែងតាម​រយៈ​កំណើន​វិនិយោគ គឺជាតឹកតាងនៃការលើកកម្ពស់សិទ្ធិការងារដែល​ឆ្លុះបញ្ចាំងពីកត្តាវិជ្ជមានផ្នែកសេដ្ឋកិច្ច និងស្ថិរភាពនយោបាយ​របស់កម្ពុជាស្របតាមស្មារតីទិវាពលកម្មអន្តរជាតិ ១ឧសភា។

លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC)បានលើកឡើងថា៖«ក្រុមហ៊ុន រោងចក្រសហគ្រាស​ដែល​ពាក់ព័ន្ធនឹងវិស័យវាយនភណ្ឌកាត់ដេរ តែងតែប្រកាសជ្រើសរើស​បុគ្គលិក កម្មករនិយោជិតរាប់ម៉ឺននាក់ក្នុងមួយថ្ងៃៗ ហើយនៅមាន​ក្រុមហ៊ុនថ្មីៗជាច្រើនទៀតកំពុងបើកដំណើរការជាបន្តបន្ទាប់។ ដូច្នេះ​ឱកាសការងាររាប់ម៉ឺនកន្លែងបានផ្ដល់ជូនពលរដ្ឋខ្មែរជាហូរហែ»។

លោកបន្តថា៖«កំណើនវិនិយោគបានធ្វើឱ្យមានតម្រូវការទីផ្សារការងារកើនឡើងដែរ គឺជាសញ្ញាល្អនៃកំណើនសេដ្ឋកិច្ច និងការបង្កើត​ឱកាស​ការងារថ្មីៗនៅក្នុងប្រទេស ឆ្លុះបញ្ចាំងពីកត្តាវិជ្ជមាន​ផ្នែក​សេដ្ឋកិច្ច និងស្ថិរភាពនយោបាយក្រោមការដឹកនាំរបស់​រាជរដ្ឋា​ភិបាល​កម្ពុជាអាណត្តិទី៧ ក្នុងការលើកកម្ពស់សិទ្ធិការងារស្រប​ទៅតាមស្មារតីទិវាពលកម្មអន្តរជាតិ ១ឧសភា»។

លោក ចាន់សំណាង បានចាត់កំណើនវិនិយោគ គឺជាការផ្ដល់ឱកាស​ការងាររាប់ម៉ឺនកន្លែងជូនកម្មករនិយោជិត និងពលរដ្ឋខ្មែរ ហើយវា​ជាភ័ស្ដុតាងដ៏សំខាន់ក្នុងការលើកកម្ពស់សិទ្ធិការងារដែលរាជរដ្ឋាភិបាលតាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងសហជីព​នៅកម្ពុជាបានប្រារព្ធរំឭកជារៀងរាល់ឆ្នាំ។

នៅក្នុងត្រីមាសទី១ឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)បានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ១៧២គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ២,៥ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណជិត ១២ម៉ឺនកន្លែង ក្នុងនោះគម្រោងពង្រីកផលិតកម្មមានចំនួន ៦គម្រោង។

ជាមួយគ្នានេះក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ដដែលនេះ សហគ្រាស គ្រឹះស្ថាន បានកើនឡើងពីចំនួន ៤៤ ៧៩៨ ដល់ចំនួន ៤៥ ២៥៥សហគ្រាស (កើនឡើងចំនួន ៤៥៧សហគ្រាស) ហើយចំនួនកម្មករនិយោជិត បានកើនឡើងពីចំនួន ១ ៨១៦ ០៤៦នាក់ដល់ចំនួន ១ ៨៤៦ ៨៣៧នាក់ (កើនឡើងចំនួន ៣០ ៧៩១នាក់)។

តឹកតាងទាំងអស់នេះ បានបង្ហាញពីកត្តាវិជ្ជមានទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ច ការឆ្លុះបញ្ចាំងពីភាពជឿជាក់ និងទំនុកចិត្តរបស់​វិនិយោគិន​បរទេសមកលើប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។

ចំពោះលោក ថុង ម៉េងដាវីត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្ដិសុខបានថ្លែងថា៖«កម្ពុជាបច្ចុប្បន្ននេះ គឺក្រោមការដឹកនាំ​របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត យើងសង្កេតឃើញថា ទទួលបាន​កំណើនសេដ្ឋកិច្ច និងទុនវិនិយោគកើនឡើងជាបន្តបន្ទាប់គួរ​ឱ្យកត់​សម្គាល់តាមរយៈការអនុវត្តនយោបាយការទូតសេដ្ឋកិច្ច»។

ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ បានដាក់ចេញនូវការ​បណ្តុះ​បណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់ ជាពិសេសយុវជនគោលដៅដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយ​រងហានិភ័យ ដោយលោកបានមើលឃើញថា ប្រជាពលរដ្ឋ ក៏ដូចជាយុវជនកម្ពុជានៅក្នុងបរិបទសេដ្ឋកិច្ចបច្ចុប្បន្ននេះយ៉ាងហោចណាស់ត្រូវមានជំនាញមួយសម្រាប់ជីវិតខ្លួន ពោលគឺត្រូវពង្រឹងលើការសិក្សាជំនាញរបស់ខ្លួនឱ្យស្របតាមបរិបទសេដ្ឋកិច្ចប្រទេសកម្ពុជា។

លោកបានអំពាវនាវដល់ម្ចាស់សហគ្រាស គ្រឹះស្ថាន កម្មករ និងអង្គការ​វិជ្ជាជីវៈ​ទាំងអស់បន្តប្រកាន់ខ្ជាប់នូវច្បាប់ និងស្តង់ដារ​ច្បាប់ដែលមានស្រាប់ និងលើកកម្ពស់វប្បធម៌នៃការអនុលោមតាម​ច្បាប់។ លោកបញ្ជាក់ថា នេះជាកត្តាសំខាន់សម្រាប់ការលើកកម្ពស់​ការប្រកួតប្រជែង ការទាក់ទាញការវិនិយោគ និងបង្កើតឱកាស​ការងារ​សមរម្យសម្រាប់កម្មករ និយោជិត និងប្រជាពលរដ្ឋជាបន្ត​បន្ទាប់ថែមទៀត៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner