ចិនត្រៀមផ្គត់ផ្គង់យន្តហោះ COMAC លើទីផ្សារពិភពលោក ប្រជែង Boeing និង Airbus
បរទេស៖ ក្រុមហ៊ុនចិន COMAC បានអះអាងថា ខ្លួនចង់ដាក់លក់យន្តហោះ C919 នៅលើទីផ្សារពិភពលោក ប្រជែងជាមួយនឹងម៉ាកពេញនិយមរបស់ Boeing និង Airbus នៅឆ្នាំនេះ ប៉ុន្តែ និយតករអឺរ៉ុប អះអាងថា ត្រូវការពេលចន្លោះ ពី ៣ ទៅ ៦ឆ្នាំ បន្ថែមទៀត ដើម្បីផ្តល់វិញ្ញាបនប័ត្រ បញ្ជាក់ដែលអាចឲ្យលក់ C919 បាន នេះ បើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន រ៉យធឺ កាលពីថ្ងៃអង្គារ។
យន្តហោះ C919 បានចូលបម្រើសេវាកម្ម នៅក្នុងប្រទេសចិន ក្នុងឆ្នាំ២០២៣ បន្ទាប់ពីទទួលបានវិញ្ញាបនប័ត្រសុវត្ថិភាព ក្នុងស្រុក កាលពីឆ្នាំ២០២២។
ក្រុមហ៊ុន COMAC បានអះអាងថា ខ្លួនមានបំណងស្វែងរកការបញ្ជាក់ពីទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍ សហភាពអឺរ៉ុប ហៅកាត់ EASA នៅឆ្នាំនេះ ដើម្បីជួយឱ្យខ្លួន ចាប់ផ្តើមលក់ជាអន្តរជាតិ។ បច្ចុប្បន្ន C919 ហោះហើរតែក្នុងប្រទេសចិន និងទីក្រុង ហុងកុង ប៉ុណ្ណោះ។
យ៉ាងណាមិញ ក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយ កាលពីថ្ងៃចន្ទ លោក Florian Guillermet នាយកប្រតិបត្តិ របស់និយតករអឺរ៉ុប បាននិយាយថា ការយល់ព្រម សម្រាប់យន្តហោះ C919 របស់ចិន មិនទាន់អាចផ្តល់ ជូននៅក្នុងឆ្នាំនេះ បានទេ។ ប៉ុន្តែ លោកជឿជាក់ថា COMAC នឹងទទួលបានជោគជ័យ ដោយសារតែក្រុមហ៊ុន កំពុងដាក់ធនធាន ការប្តេជ្ញាចិត្ត និងមធ្យោបាយបច្ចេកទេសជាច្រើន ទៅក្នុងវិញ្ញាបនបត្រនេះ។
យន្តហោះ C919 ត្រូវបានផលិត នៅក្នុងប្រទេសចិន ប៉ុន្តែ សមាសធាតុជាច្រើនរបស់វា យកមកពីបរទេស រួមទាំង ម៉ាស៊ីន LEAP ផលិតដោយក្រុមហ៊ុន GE Aerospace និងក្រុមហ៊ុនផលិតម៉ាស៊ីនបារាំង Safran ។
យ៉ាងណាមិញ ក្រុមហ៊ុន COMAC បានដាក់លក់យន្តហោះក្នុងតំបន់ ដែលជាម៉ូឌែល C909 ជាសេរីចាស់ និងតូចជាង C919 រួចហើយ ពោលគឺ ផ្គត់ផ្គង់ឲ្យបណ្តាក្រុមហ៊ុនអាកាសចរណ៍ នៅក្នុងប្រទេសឥណ្ឌូនេស៊ី វៀតណាម និងឡាវ។
ប៉ុន្តែ ដើម្បីអាចលក់ C919 ក្នុងទីផ្សារពិភពលោកបាន តម្រូវឱ្យក្រុមហ៊ុនត្រូវទទួលការអនុម័ត ដោយនិយតករសំខាន់ៗ ដូចជា EASA របស់អឺរ៉ុប ឬ រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក ហៅកាត់ FAA ជាមុនសិន៕
ប្រភពពី រ៉យធឺ ប្រែសម្រួល៖ សារ៉ាត
