ប៉ាណាម៉ាកប់សពជនរងគ្រោះអំឡុងការលុកលុយរបស់អាមេរិក ក្នុងឆ្នាំ១៩៨៩
បរទេស ៖ សាច់ញាតិជនរងគ្រោះ អំឡុងការលុកលុយ របស់អាមេរិកលើប្រទេសប៉ាណាម៉ា កាលពីឆ្នាំ១៩៨៩ បានកប់សាកសពចំនួន៤នាក់ ដែលត្រូវបានរកឃើញ នៅក្នុងផ្នូរដ៏ធំ នៅរយៈពេល៣៥ឆ្នាំ បន្ទាប់ពីការអន្តរាគមន៍យោធា ហើយការចងចាំពីរឿងនេះ ហាក់កក្រើកឡើងវិញ ដោយសារតែការគំរាមកំហែង របស់ប្រធានាធិបតី Donald Trump។
មឈូសតូចៗចំនួន៤ មានផ្ទុកបំណែកសាកសព ត្រូវបានបញ្ចុះ នៅទីបញ្ចុះសព នៅក្នុងរដ្ឋធានី របស់ប្រទេសប៉ាណាម៉ា ថ្មីៗនេះ ខណៈដែលមេដឹកនាំបក្សប្រឆាំង និងសកម្មជនសង្គម កំពុងសាកសួរ ពីកិច្ចព្រមព្រៀងរបស់រដ្ឋាភិបាល ដែលនឹងអនុញ្ញាតឱ្យក្រុងវ៉ាស៊ីនតោន ដាក់ពង្រាយកងទ័ព នៅមូលដ្ឋានទ័ពអាកាស និងជើងទឹក ក្បែរព្រែកជីកប៉ាណាម៉ា ដែលជាច្រក អន្តរមហាសមុទ្រ។
កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខា កាលពី ៣សប្តាហ៍មុន ក្នុងភាពតានតឹង ពេញទំហឹង ដោយសារតែការគំរាមកំហែង របស់ប្រធានាធិបតីអាមេរិក ដែលចង់បានព្រែកជីក ប៉ាណាម៉ា មកគ្រប់គ្រងវិញ។
វត្តមានរបស់កងទ័ពអាមេរិក គឺជាបញ្ហារសើបមួយ ព្រោះវាជំរុញឱ្យមានការឈ្លានពាន នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ១៩៨៩ ដើម្បីកំចាត់លើមេដឹកនាំផ្តាច់ការ Manuel Antonio Noriega និងជាពេលវេលា ដែលទីក្រុងវ៉ាស៊ីនតោន មានមូលដ្ឋានយោធា មុនពេលប្រគល់ព្រែកជីក ទៅឲ្យប្រទេស ប៉ាណាម៉ា ក្នុងឆ្នាំ១៩៩៩។
យោងតាមតួលេខផ្លូវការ អន្តរាគមន៍របស់ទាហានអាមេរិក ប្រហែល ២៥,០០០នាក់ បានបណ្តាលឱ្យមនុស្ស ៥០០នាក់ ស្លាប់។
ជនជាតិប៉ាណាម៉ា ឈ្មោះ Olivia Miranda ដែលបានបញ្ចុះអដ្ឋិធាតុរបស់បងប្រុស បានប្រាប់ថា «មានមនុស្សជាច្រើន ដែលមិនដឹងថា គ្រួសាររបស់ពួកគេ នៅទីណា»។
ចាប់តាំងពីឆ្នាំ ២០២០ មក អ្នកជំនាញផ្នែកកោសល្យវិច្ច័យ បាននិងកំពុងកំណត់អត្តសញ្ញាណ សាកសពជនរងគ្រោះ នៃការលុកលុយ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

